ព័ត៌មានជាតិ

សម្តេច​សខេង​បាន​គាំទ្រ​ចំពោះ​​ការ​តាក់តែង​​សេចក្តី​ព្រាង​ច្បា​ប់​ស្តី​ពី​សណ្តាប់ធ្នាប់​​សាធារណៈ

នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពានដែកនិងអគារសិក្សាក្នុងសាលាបឋមសិក្សាស្វាយព្រៃនិងអនុវិទ្យាល័យកន្ទឺ១ក្នុងខេត្តបាត់ដំបងនាព្រឹកថ្ងៃពុធនេះសម្តេច​ឧបនាយក​រដ្ឋមន្រ្តី​ស ខេងរដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​កម្ពុជា​បាន​គាំទ្រ​ចំពោះ​ការ​តាក់តែង​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​សណ្តាប់ធ្នាប់​សាធារណៈ​ដើម្បី​ឈាន​ទៅ​រៀបចំ​សណ្តាប់ធ្នាប់​នៅ​កម្ពុជា​ឱ្យ​ដូច​ប្រទេស​ផ្សេងៗទៀត​។សម្តេចសខេងបានលើកឡើងថា«យើងមិនអាចនឹងកាច់ភ្លាមៗទេយើងធ្វើជាជំហានៗធ្វើយ៉ាងណាឲ្យសាធារណជនយល់។ពួកយើងក៏បានគិតគូរពីបញ្ហាទាំងនេះដែរ»នេះគឺជាការឆ្លើយតបរបស់សម្តេចឧបនាយករដ្ឋមន្រ្តីសខេងទៅកាន់ក្រុមអង្គការសង្គមស៊ីវិលជាង៦០ដែលបានប្រឆាំងទៅនឹងការចង់ឱ្យមានច្បាប់ស្តីពីសណ្តាប់ធ្នាប់សាធារណៈ។សម្តេចបញ្ជាក់ថាការរៀបចំឱ្យមានសណ្តាប់ធ្នាប់នៅក្នុងទីក្រុងនិងទីប្រជុំនានាគឺជាការត្រឹមត្រូវដែលត្រូវតែធ្វើឡើង។ប៉ុន្តែសម្តេចបានឯកភាពចំពោះការរៀបចំនេះដោយមិនឱ្យប៉ះពាល់ដល់សិទ្ធិជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ។គួរឲ្យដឹងថាអង្គការសង្គមស៊ីវិលនៅក្នុងប្រទេសកម្ពុជាជាង៦០អង្គការកាលពីថ្ងៃទី១៣ខែសីហាបានចេញសេចក្តីថ្លែងការណ៍អំពាវនាវឱ្យក្រសួងមហាផ្ទៃទម្លាប់ចោលនូវសេចក្តីព្រាងច្បាប់ស្តីសណ្តាប់ធ្នាប់សាធារណៈ។តាមក្រុមអង្គការសង្គមស៊ីវិលទាំងនេះសេចក្តីព្រាងច្បាប់នេះមានចំណុចមួយចំនួនចែងមិនច្បាស់លាស់ ហើយបានផ្តល់អំណាចកាន់តែខ្លាំងដល់អាជ្ញាធរមូលដ្ឋាន។ ម្យ៉ាងវិញទៀត បណ្តុះអង្គការទាំងនេះ ក៏មើលឃើញថាច្បាប់នេះបើចេញជាធរមាននឹងនាំឱ្យមានការរើសអើសរឹតត្បិតសេរីភាពក្នុងការជួបប្រជុំដោយសន្តិវិធី និងការចងក្រងសមាគមនិងរឹតត្បិតសេរីភាពក្នុងការបញ្ចេញមតិជាដើម។ក៏ប៉ុន្តែសម្រាប់សម្តេចស ខេង បានអះអាងថាការរៀបចំសណ្តាប់ធ្នាប់មិនមែនការរំលោភសិទ្ធិមនុស្សនោះទេតែជាជួយសង្រ្កោះជីវិតមនុស្សទៅវិញ ដូចយ៉ាងក្នុងករណីមានអគ្គិភ័យជាដើម។ មិនតែប៉ុណ្ណោះសម្តេចថែមទាំងអះអាងថាមិនដែលមានប្រទេសណា មានការប្រឆាំងការរៀបចំសណ្តាប់ធ្នាប់ដូចនៅប្រទេសកម្ពុជានេះឡើយ។អញ្ជើញមានប្រសាសន៍សំណេះសំណាលនាឱកាសសម្ពោធសមិទ្ធផលដ៏អធិកអធមនេះសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តបាត់ដំបង បានសម្ដែងការពេញចិត្ត និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំក្រុមការងាររាជរដ្ឋាភិបាល និងក្រុមការងារគណបក្សដែលបានកសាងសមិទ្ធផលគ្រប់វិស័យជូនប្រជាពលរដ្ឋ និងបានឆ្លើយតបទាន់ពេលវេលារាល់សេចក្ដីត្រូវការរបស់ប្រជាជន។
សម្ដេចក្រឡាហោមបានរំលឹកថារបបពីអតីតកាល គឺនៅរៀងរាល់ថ្ងៃសៅរ៍ ឬអាទិត្យ ថ្នាក់ដឹកនាំ និងមន្រ្តីជាន់ខ្ពស់ភាគច្រើន ប្រើពេលវេលាឈប់សំរាកនេះដើម្បីធ្វើដំណើរកំសាន្ត រាំលេងសប្បាយ ប៉ុន្តែរាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា ចាប់តាំងពីពេលមុន រហូតពេលនេះមានវប្បធម៌ចាត់តាំង និងបែងចែកមន្ត្រីក្រុមការងារយកពេលវេលានេះ ឆ្លៀតចុះមូលដ្ឋាន ស្វែងយល់ពីសុខទុក្ខ និងតម្រូវការប្រជាពលរដ្ឋ ដើម្បីដោះស្រាយឱ្យទាន់ពេលវេលា។សម្ដេចបានបន្តថាការចុះមូលដ្ឋាន ការចុះជួបប្រជាពលរដ្ឋ ការរៀបចំវេទិកាសាធារណៈជាទៀងទាត់ និងយ៉ាងសកម្ម បានធ្វើឱ្យរាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា ដាក់ចេញគោលនយោបាយ កម្មវិធីនយោបាយ ព្រមទាំងយុទ្ធសាស្ត្រនានា ត្រូវនឹងសភាពការណ៍ជាក់ស្ដែង ត្រូវនឹងតម្រូវការពិតប្រាកដរបស់ប្រជាពលរដ្ឋ ធ្វើឱ្យប្រជាពលរដ្ឋមានការពេញចិត្ត ហើយចូលរួមគាំទ្រក្នុងដំណើរការអភិវឌ្ឍន៍ជាតិ នាំឱ្យជីវភាពពួកគាត់កាន់តែមានភាពប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ។នៅក្នុងឱកាសនោះដែរ សម្ដេចក្រឡាហោមឧបនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថារហូតមកដល់ពេលនេះ រាជរដ្ឋាភិបាលបាន និងកំពុង គ្រប់គ្រងជំងឺកូវីដ១៩យ៉ាងល្អ ដ្បិតពេលនេះកម្ពុជាមិនទាន់មានការឆ្លងជំងឺនេះជាលក្ខណៈសហគមន៍ដូចប្រទេសមួយចំនួននោះឡើយ ហើយការរកឃើញករណីឆ្លងថ្មី គឺមានតែអ្នកដំណើរមកពីក្រៅប្រទេសប៉ណ្ណោះ ខណៈពលករខ្មែរជាង១០ម៉ឺននាក់ ដែលធ្វើដំណើរឆ្លងដែនពីប្រទេសថៃនាអំឡុងពេលកូវីដ១៩នេះ ក៏ត្រូវបានអាជ្ញាធរគ្រប់គ្រងបាន និងមិនមានការឆ្លងជំងឺដែរ។សម្ដេចក្រឡាហោមឧបនាយករដ្ឋមន្រ្តីបានបន្តគូសបញ្ជាក់អំពីសុខសន្តិភាព និងស្ថេរភាពនយោបាយ ដោយសម្ដេចបានរំលឹកឡើងវិញអំពីស្ថានភាពដ៏លំបាកវេទនាក្នុងភ្លើងសង្គ្រាម ការបញ្ចប់សង្គ្រាម រហូតកសាង និងរក្សាបានសុខសន្តិភាពដូចសព្វថ្ងៃ ខណៈបណ្ដាប្រទេសមួយចំនួននៅបន្តស្ថិតក្នុងភ្លើងសង្គ្រាមនៅឡើយ ធ្វើឱ្យប្រពលរដ្ឋជាជនស៊ីវិលរងគ្រោះស្លាប់របួស ព្រាត់ប្រាស់ជារៀងរាល់ថ្ងៃ។សម្ដេចបានបន្តថាស្ថេរភាពជាតិអាចសម្រេចទៅបានអាស្រ័យលើសង្គមមានភាពយុត្តិធម៌ គ្មានការរំលោភបំពានសិទ្ធិសេរីភាពនិងផលប្រយោជន៍ប្រជាពលរដ្ឋ។សម្ដេចក្រឡាហោមក៏បានបន្តមានប្រសាសន៍អំពីការខិតខំដោះស្រាយទំនាស់ក្នុងមូលដ្ឋាន តាមរយៈគ្រប់យន្តការ និងមធ្យោបាយ ដោយប្រកាន់ខ្ជាប់នូវភាពគ្រប់ជ្រុងជ្រោយនិងយុត្តិធម៌។សម្ដេចក៏បានបង្ហាញការចាប់អារម្មណ៍ចំពោះវិធីសាស្រ្តនៃការសម្របសម្រួល និងដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការរបស់អភិបាលខេត្តពោធិ៍សាត់។ សម្ដេចបានបន្តគូសបញ្ជាក់អំពីការដាក់ចេញយុទ្ធនាការបង្ក្រាបគ្រឿងញៀន និងណែនាំឱ្យសមត្ថកិច្ច ព្រមទាំងប្រជាពលរដ្ឋទប់ស្កាត់កុំឱ្យគ្រឿងញៀនហូរចូលក្នុងសហគមន៍ និងបន្តអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព។ជាមួយគ្នានេះសម្ដេចបានបន្តថាគ្រោះថ្នាក់ចរាចរណ៍នៅតែបន្តសម្លាប់អាយុជីវិតប្រជាពលរដ្ឋធ្វើឱ្យបាក់បែកបាត់បងសមាជិកគ្រួសារ ធ្វើឱ្យពលរដ្ឋរងរបួស មានពិការភាព ខូចខាតទ្រព្យសម្បត្តិឯកជននិងសាធារណៈជារៀងរាល់ថ្ងៃ។សម្ដេចបានបន្ថែមថាការរឹតបន្តឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកបានធ្វើឱ្យអត្រាគ្រោះថ្នាក់ចរាចរណ៍មានការថយចុះប្រមាណ៥០ភាគរយ និងបានអំពាវនាវឱ្យប្រជាពលរដ្ឋបង្កើនស្មារតីគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន និងសូមឱ្យសមត្ថកិច្ចបង្កើនការរឹតបន្តឹងច្បាប់ដោយគ្មានការលើកលែង៕សហការី

cns

Leave a Reply

Your email address will not be published. Required fields are marked *