យ៉ាងហោចណាស់មនុស្ស៣នាក់បានស្លាប់និង១៣អង្គ/នាក់​បានរងរបួស​ធ្ងន់និងស្រាលក្នុង​ករណីបាក់អ​គារសាលាឆាន់

ពត៌មានAKPបានផ្សាយថាអគារធម្មសភា​ឬសាលាឆាន់មានបណ្តោយប្រវែង៤០ម៉ែត្រទទឹង៣០ម៉ែត្រ នៅវត្តប្រាសាទគោកចក ស្ថិតក្នុងភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប​ បាន​បាក់រលំទាំងស្រុងខណៈពេលចាក់ប្លង់សេ។ករណីនេះបា​កើតឡើងនៅវេលាម៉ោងប្រមាណ២និង១៥នាទីរសៀលថ្ងៃចន្ទ ៦កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី​០២ ខែធ្នូ ឆ្នាំ២០១៩។
លោក លី សំរិទ្ធ អ្នកនាំពាក្យនិងជាអភិបាលរងខេត្តសៀមរាប​បាន​ប្រាប់AKPថា បន្ទាប់ពីទទួលបានការព័ត៌មានថា មានករណីគ្រោះថ្នាក់បាក់រលំអគារធម្មសភានេះភ្លាម អាជ្ញាធរខេត្តសៀមរាប​បាន​ប្រើប្រាស់កម្លាំងសមត្ថកិច្ច ដោយមានការចូលរួមពីប្រជាពលរដ្ឋ និងគ្រឿងចក្រជាច្រើនគ្រឿងសម្រាប់ធ្វើការសង្គ្រោះជនរងគ្រោះ ដែលជាប់នៅក្នុងគំនរអាគារបាក់រលំនោះ។ លោកបានបញ្ជាក់ថា គិតត្រឹមវេលាម៉ោង ១៧៖៥០នាទី ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩ កម្លាំងបានជួយសង្គ្រោះ​​ ដោយបានរុករកឃើញជនរងគ្រោះសរុបចំនួន ១៦អង្គ/នាក់ក្នុងនោះ រងរបួសធ្ងន់ ៤នាក់(ជាងសំណង់ ៣នាក់ និងប្រជាការពារ១ម្នាក់) រងរបួសស្រាលចំនួន៩អង្គ/នាក់ (ព្រះសង្ឃ ២អង្គ ប្រជាការពារ ១ម្នាក់ និងជាងសំណង់ ៧នាក់) បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ​បង្អែក​ខេត្ត និងស្លាប់ចំនួន៣នាក់។ តាមការបញ្ជាក់របស់ក្រុមជាង និងកងកម្លាំងប្រជាការពារដែលឈរជើង និងឃើញហេតុការណ៍ បាន​បញ្ជាក់ថា មិនមានចំនួនជនរងគ្រោះទៀតឡើយ។ តែទោះបីជាយ៉ាងនេះក្តី ក្រោមការដឹកនាំរបស់ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដែលបានដឹកនាំបញ្ជាផ្ទាល់ បានណែនាំឱ្យក្រុមការងារបន្ត​កាយគំនរ​សំណង់​នៅពេលយប់បន្តទៀត ដោយបន្ថែមកម្លាំងរហូតទាល់តែអស់គំនរសំណង់ទាំងស្រុង ។បើតាមការមើលឃើញជាក់ស្តែងអគារសាលាឆាន់ នៅវត្តប្រាសាទគោកចកនេះ គ្រឹះសសររាក់ដូចជាមិនសូវមាំ ។ប៉ុន្តែទោះជាយ៉ាងណាអាជ្ញាធរមិនទាន់បញ្ជាក់មូលហេតុឱ្យបានច្បាស់លាល់នៅឡើយទេ៕ដោយ៖សហការី