ក្រសួង​យុត្តិធម៌​ព្រមាន​ចាត់​វិធាន​ការ​ផ្លូវ​ច្បាប់ប្រឆាំង​នឹង​អ្នក​តវ៉ា​ទាំង​ឡាយ​ណាដែល​ទាមទា​រ​ឲ្យ​ដោះ​​លែង​មេ​​ដឹកនាំ​សហជី​ព​លោករ៉ុង​ឈុន

សេចក្តី​ប្រកាស​មួយ​របស់​ក្រសួង​យុតិ្តធម៌​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ច័ន្ទបានឲ្យដឹងថាក្រសួង​យុត្តិធម៌​ព្រមាន​ចាត់​វិធាន​ការ​ផ្លូវ​ច្បាប់ប្រឆាំង​នឹង​អ្នក​តវ៉ា​ទាំង​ឡាយ​ណាដែល​ទាមទារ​ឲ្យ​ដោះ​លែង​មេ​ដឹកនាំ​សហជីព​លោករ៉ុង​ ឈុន ​ប្រសិន​បើ​ពួកគេ​បន្ត​ទៅ​ប្រមូល​ផ្តុំ​គ្នា​នៅ​មុខ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ដែល​បាន​សម្រេច​ឃុំ​ខ្លួន​លោក​ រ៉ុង ឈុន​ ជា​បណ្តោះ​អាសន្ន។លោក ​រ៉ុង ឈុន​ ប្រធាន​សហភាព​សហជីព​កម្ពុជានិង​ជា​អ្នក​តាម​ដាន​បញ្ហា​ព្រំដែន​​ហើយ​ ត្រូវ​បាន​ចាប់​ខ្លួន​នៅ​យប់​ថ្ងៃសុក្រ​ ទី​៣១​ ខែ​កក្កដា​ នៅ​គេហដ្ឋាន​របស់​លោក​ក្នុង​ទីក្រុង​ភ្នំពេញ​ ចំពោះ​ការ​អធិប្បាយ​នានា​របស់​លោក​ពាក់ព័ន្ធ​នឹង​ការ​បោះ​បង្គោល​ព្រំដែន​កម្ពុជា​ វៀតណាម ​នៅ​ខេត្ត​ត្បូងឃ្មុំ។​
ក្រោយ​ការ​ចាប់​ខ្លួន​ និង​បញ្ជូន​លោក ​រ៉ុង ឈុន ​មក​តុលាការក្រុម​យុវជន ​និង​អ្នក​គាំទ្រ​លោក ​រ៉ុង ឈុន​ រាប់​សិប​នាក់​បាន​ចេញ​មុខ​តវ៉ា​ទាមទារ​ឲ្យ​តុលាការ​ដោះលែង​លោក​រ៉ុង ឈុន​ ដែល​ពួកគេ​ជឿថា​ មិន​បាន​ប្រព្រឹត្ត​ទោស​កំហុស​ ក្រៅ​តែ​ពីការ​បញ្ចេញ​មតិ ជុំវិញ​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​បង្គោល​ព្រំដែន​កម្ពុជា​និង​វៀតណាម។​
សេចក្តី​ប្រកាស​របស់​ក្រសួង​យុតិ្តធម៌​ចុះថ្ងៃ​ទី​៣​ ខែ​សីហា ​ឲ្យ​ដឹង​ថា​សកម្មភាព​ប្រមូល​ផ្តុំ​មនុស្ស​នៅ​ខាង​មុខ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ដែល​ទាម​ទារ​ឲ្យ​ស្ថាប័ន​តុលាការ​ដោះលែង​ជន​ត្រូវ​ចោទ​ឈ្មោះ​ រ៉ុង ឈុន​ ពុំមែនជា​ទង្វើ​ត្រឹមត្រូវ​តាម​ច្បាប់​នោះ​ទេ​។ប៉ុន្តែ​គឺ​ជា​«ទង្វើ​ដាក់​សម្ពាធ​លើ​ស្ថាប័ន​តុលាការ»​ ដែល​អាច​ប្រឈម​មុខ​នឹង​ការ​ចោទ​ប្រកាន់​អំពី​បទ​ល្មើស​ព្រហ្មទណ្ឌ​ តាម​មាត្រា​៥២២​នៃ​ក្រម​ព្រហ្មទណ្ឌ​ប្រទេស​កម្ពុជា។​បើ​តាម​មាត្រា​៥២២​នេះ អ្នក​ដែល​ត្រូវ​បាន​រក​ឃើញ​ថាមាន​កំហុស​នឹង​ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពីរ​១​ខែ​ទៅ​៦​ខែ។​ក្រសួង​យុត្តិធម៌​និយាយ​ថា​ក្នុង​សង្គម​នីតិរដ្ឋ​ ការ​ការពារ​ខ្លួន​ពី​ការ​ចោទ​ប្រកាន់​របស់​អង្គការ​អយ្យការ​អំពី​បទ​ល្មើស​ណា​មួយ​ ត្រូវ​ធ្វើ​ឡើង​តាម​ផ្លូវ​ច្បាប់​នៅ​ចំពោះ​មុខ​តុលាការ។​ក្រសួង​អំពាវនាវ​ដល់​ពលរដ្ឋ​ដែល​កំពុង​ធ្វើ​សកម្មភាព​ខុស​ច្បាប់​ខាង​លើ​នេះ​ «ឲ្យ​ឈប់​ជា​បន្ទាន់​នូវ​រាល់​សកម្មភាព​របស់​ខ្លួន​ មុន​នឹង​អាជ្ញាធរ​មាន​សមត្ថកិច្ច​ចាត់​វិធានការ​តាម​ច្បាប់»។​សេចក្តី​ប្រកាស​របស់​ក្រសួង​យុត្តិធម៌​បាន​សរសេរ​តាម​ខ្លឹមសារ​ថា៖​«ក្នុង​ន័យ​នេះ​ ជន​ត្រូវ​ចោទ​ឈ្មោះ​រ៉ុង ឈុន​ មាន​សិទ្ធិ​ពេញ​លេញ​ស្រប​តាម​រដ្ឋ​ធម្មនុញ្ញ​ និង​តាម​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ ក្នុង​ការ​ស្វែង​រក​ និង​ពឹង​ពាក់​មេធាវី​ពូកែៗ​មួយ​រូប ​ឬ​ច្រើន​រូប​ដើម្បី​ការពារ​សុចរិត​ភាព​ និង​ភាពត្រឹម​ត្រូវ​របស់​ខ្លួន​តាម​ផ្លូវ​ច្បាប់»។លោក​រ៉ុង ឈុន​ត្រូវ​បាន​ចោទ​ប្រកាន់​ថា​ ប្រព្រឹត្ត​បទ​ល្មើស​ជាក់​ស្តែង ​និង​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ក្នុង​សង្គម ដោយ​យោង​តាម​មាត្រា​៤៩៥​នៃ​ក្រម​ព្រហ្មទណ្ឌ​កម្ពុជា។ ​
ការ​ចាប់​ខ្លួន​លោក​រ៉ុង ឈុន​ កើត​មាន​ឡើង​ បន្ទាប់​ពី​មេដឹនាំ​សហជីព​រូបនេះ​ បាន​ចុះ​ទៅ​ខេត្ត​ត្បូងឃ្មុំ ​ ហើយ​បាន​ជួប​ប្រជា​ពលរដ្ឋ​លើកពីបញ្ហាបោះ​បង្គោល​ព្រំដែន​។​លោក ​រ៉ុង ឈុន​ ក៏​បាន​ផ្តល់​បទ​សម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី​កាល​ពី​ថ្ងៃ​សុក្រ​អំពី​សេចក្តី​ថ្លែង​ការណ៍​របស់​លោក​ស្តីពី​បញ្ហា​វិវាទ​ដីធ្លី​នៅ​ឃុំ​ត្រពាំង​ផ្លុង​ ស្រុក​ពញាក្រែក​ ដែល​មាន​ព្រំ​ប្រទល់​ជាប់​ប្រទេស​វៀតណាម។ជាមួយ​គ្នា​ផង​ដែរ សាលា​រាជធានី​ភ្នំពេញ​ក៏​បាន​ចេញ​សេចក្តី​ណែនាំ​មួយ​កាល​ពី​ថ្ងៃ​ច័ន្ទ​ ដោយ​ព្រមាន​ចាត់​វិធាន​ការ​ផ្លូវ​ច្បាប់​ចំពោះ​សកម្មភាព​ជួប​ជុំ​ប្រមូល​ផ្តុំ​ដែល​គ្មាន​ការ​ជូន​ដំណឹង។​
ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ​មួយ​ចំនួន​ រួម​មាន​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស ​(Human Rights Watch) ​និង​សហព័ន្ធ​សហជីព​អន្តរជាតិ ​(ITUC)​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ដោះ​លែង​លោក​រ៉ុង ឈុន​ហើយ​ទម្លាក់​ការ​ចោទ​ប្រកាន់​មក​លើ​រូប​លោក។លោក​ជិន ម៉ាលីន​ អ្នក​នាំពាក្យ​របស់​ក្រសួង​យុត្តិធម៌​ លើក​ឡើង​ថា​ ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ​បាន​ធ្វើ​សកម្មភាព​ប្រឆាំង​រដ្ឋាភិបាល​ និង​ការពារ​ក្រុម​សកម្មជន​ដែល​មាន​និន្នាការ​ប្រឆាំង។​លោក​ថ្លែង​ការពារ​ថា​អាជ្ញាធរ​កម្ពុជា​ មាន​ភស្តុតាង​រឹងមាំ​ ដើម្បី​គាំទ្រ​ដល់​ការ​ចាប់​ខ្លួន​លោក​រ៉ុង ឈុន។
«ចំណែក​ករណី​លោក ​រ៉ុង ឈុន​ នេះ​គឺ​សមត្ថកិច្ច​មាន​មូលដ្ឋាន​ច្បាប់​ច្បាស់​លាស់​ និង​រឹងមាំ​ណាស់​ក្នុង​ការ​មាន​វិធាន​ការ​ទប់​ស្កាត់​ កុំ​ឲ្យ​មាន​ចលាចល​កើត​ឡើង​ ពីព្រោះ​សកម្មភាព​របស់​គាត់​មិន​មែន​ជា​ការ​អនុវត្ត​សិទ្ធិ​សេរីភាព​ទេ។​ប៉ុន្តែ​ជា​ការ​បំពាន​ច្បាប់។​ការ​ញុះញង់​ ការ​បំផ្លើស​បំភ្លៃ​ព័ត៌មាន​ ពាក់​ព័ន្ធ​ទៅ​នឹង​បញ្ហា​ព្រំដែន​នេះ​ គឺ​ជា​បទ​ល្មើស​ហើយ​វា​មាន​គ្រោះថា្នក់​ធ្ងន់​ធ្ងរ​ដល់​ប្រទេស​ជាតិ»។​លោក រ៉ុង ឈុន​ធ្លាប់​ជា​ប្រធាន​សមាគម​គ្រូ​បងៀន​កម្ពុជា​ឯករាជ្យ​ មុន​ពេល​លោក​ក្លាយ​ជា​សមាជិក​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​(គ.ជ.ប.)។ ​លោក​ក៏ជា​តំណាង​ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា​ផង​ដែរ។​ក្នុង​នាម​តំណាង​ឲ្យ​ក្រុម​ប្រឹក្សា​ឃ្លំាមើល​កម្ពុជា​នេះ​ ​លោក​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​កាល​ពី​ថ្ងៃ​ទី២១​ខែ​កក្កដា​ ពណ៌នា​អំពី​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​បង្គោល​ពំ្រដែន​កម្ពុជា​ វៀតណាម ​ក្នុង​ឃុំ​ត្រពាំង​ផ្លុង ​ ស្រុក​ពញាក្រែក​ ខេត្ត​ត្បូងឃ្មុំ។​ក្នុង​បញ្ហា​ព្រំដែន​នេះ​ លោក ​រ៉ុង ឈុន​ ធ្លាប់​ត្រូវ​បាន​ចាប់​ខ្លួន​ម្តង​រួច​មក​ហើយ​ ។ ​លោក​ត្រូវ​បាន​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​ក្នុង​ពន្ធនាគារ​រយៈ​ពេល​៣​ខែ​ បន្ទាប់​ពី​លោក​បាន​អត្ថាធិប្បាយ​អំពី​សន្ធិ​សញ្ញា​បំពេញ​បន្ថែម​ព្រំដែន​កម្ពុជា​​វៀត​ណាមកាល​ពី​ឆ្នាំ​២០០៥៕សហការី