ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុនបានអនុញ្ញាតឲ្យសមាគមវារីវប្បករ​កម្ពុជាចូលជួបសម្តែង​ការគួរសមនិងរា​យការណ៍ជូន

នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃអង្គារ ១៥កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអនុញ្ញាតឲ្យសមាគមវារីវប្បករកម្ពុជា ដែលដឹកនាំដោយលោកសុខរ៉ាដែនចូលជួបសម្តែងការគួរសមនិងរាយការណ៍ជូនជ្រាបអំពីការរីកចម្រើនរបស់សមាគម និងបញ្ហាប្រឈមសំខាន់ៗព្រមជាមួយគ្នានេះដែរសមាគមចង់ទទួលយកអនុសាសន៍ណែនាំនិងស្វែងយល់បន្ថែមអំពីគោលការណ៍របស់ក្រសួងក្នុងការជំរុញវិស័យវារីវប្បកម្មកម្ពុជាពីឯកឧត្តមរដ្ឋមន្រ្តី ដើម្បីយកទៅអនុវត្តឲ្យបានត្រឹមត្រូវ ល្អប្រសើរធ្វើយ៉ាងណាបង្កើនផលិតភាពផលិតកម្មចិញ្ចឹមត្រីគ្រប់ប្រភេទ បង្កង កន្ធាយ និងកង្កែប ទាំងបរិមាណ និងគុណភាព ធានាសុវត្ថិភាពស្បៀងក្នុងគ្រួសារ និងឈានទៅបង្កើនបរិមាណផ្គត់ផ្គង់ឲ្យទីផ្សារក្នុងស្រុក ក្នុងខណ:សេដ្ឋកិច្ចជាតិកំពុងជួបវិបត្តិដោយសារជំងឺ ឆ្លងកូវីដ-១៩។ ក្នុងជំនួបនេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល សមាជិកសមាគមវារីវប្បករអញ្ជើញមកពីតាមបណ្តាខេត្តទូទាំងប្រទេស តំណាងក្រុមហ៊ុនចិញ្ចឹមត្រី ផលិតចំណីត្រីនាំ មុខធំៗ និងមន្រ្តីជំនាញសំខាន់ៗមួយចំនួនទៀត។មានមតិស្វាគមន៍ ឯកឧត្តមរដ្ឋមន្ត្រីបានអបអរសាទរ គាំទ្រ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងនិងសមិទ្ធផលសំខាន់ៗដែលសមាគមវារីវប្បករកម្ពុជាសម្រេចទទួលបាននាពេលកន្លង មក។ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថាតួនាទី ភារកិច្ច និងសមិទ្ធផលដែលសមាគមសម្រេចបាន ពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើនបរិមាណផលចាប់មច្ឆជាតិពីវិស័យវារីវប្បកម្ម កាត់បន្ថយផលចាប់ពីប្រភពធម្មជាតិ ស្របតាមកំណើនប្រជាជន កំណើនតម្រូវការទីផ្សារ បង្កើតការងារនៅមូលដ្ឋាន បង្កើនប្រាប់ចំណូលនិងធានាសន្តិសុខស្បៀងក្នុងគ្រួសារស្របពេលដែលវិស័យមួយចំនួនកំពុងប្រឈមនឹងវិបត្តិដោយសារជំងឺឆ្លងកូវីដ្-១៩។សំខាន់ជាងនេះទៅទៀតគឺស្របពេលនិងទាន់សភាពការណ៍អនុវត្តជាក់ស្តែងតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី កាលពីថ្ងៃទី១៤ ខែកក្កដា នៅមជ្ឈ មណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មទឹកសាប ខេត្តព្រៃវែង ថាវារីវប្បករគួរចងក្រងសមាគមដើម្បីបង្កើត ឬរួបរួមគ្នាជាកំលាំងសម្រាប់ធ្វើការតវ៉ាពីតម្លៃ ទទួលបានការបណ្តុះបណ្តាលបច្ចេកទេស ការផ្សព្វផ្សាយច្បាប់ និងលិខិតបទដ្ឋានគតិយុត្តមួយចំនួនទៀត។ ជាងនេះទៅទៀតសម្តេចតេជោបានជួយឧបត្ថម្ភថវិកាចំនួន ២ ០០០លានរៀលដើម្បីពង្រីកការចិញ្ចឹមតាមគ្រួសារកសិករដែលមានបំណងចិញ្ចឹមក្នុងការបង្កើនប្រាក់ចំណូលក្នុងគ្រួសារ ដោយសម្តេចបានសន្យាថានឹងបន្ថែមថវិកាជូនបន្ថែមទៀតប្រសិនបើមានតម្រូវការចាំបាច់។
ក្នុងឱកាសនោះ ប្រធានក្រុមប្រឹក្សាសមាគម សមាជិកសមាគម និងក្រុមហ៊ុនផលិតចំណីត្រី បានចូលរួមជាមតិយោបល់មួយចំនួនដូចជា៖ ទី១- អរគុណក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានរដ្ឋបាលជលផលជាសេនាធិការ និងជាពិសេសអរគុណសម្តេចអគ្គមហាសេនាបតីតេជោ ដែលបានជួយឧបត្ថម្ភនិងគាំទ្រនូវរាល់សកម្មភាពរបស់សមាគមវារីវប្បករកម្ពុជាក្នុងការលើកកម្ពស់ផលិតភាពផលិតកម្មវារីវប្បកម្មកម្ពុជានាពេលបច្ចុប្បន្ន ក៏ដូចជាពេលអនាគត។ ទី២- ក្នុងនាមឲ្យសមាគមវារីវប្បករ លោក សុខ រ៉ាដែន សន្យាថានឹងខិតខំបង្កើនផលិតភាពផលិតកម្មវារីវប្បកម្មឲ្យមានការរីកចម្រើនថែមទៀត ធ្វើយ៉ាងណាចូលរួមផ្គត់ផ្គង់ទាំងបរិមាណ និងគុណភាពឲ្យទីផ្សារក្នុងស្រុក និងឈានជាជំហានៗទៅធ្វើការនាំចេញ។ ទី៣- ស្នើសុំជួយធ្វើការទប់ស្កាត់ការនាំ ចូលត្រីខុសច្បាប់ និងទី៤- តាមរយ:ឯកឧត្តមរដ្ឋមន្ត្រី តំណាងសមាគមវារីវប្បករកម្ពុជា ស្នើសុំឲ្យស្ថាប័នពាក់ព័ន្ធជួយដោះស្រាយបញ្ហាទឹកសម្រាប់ចិញ្ចឹមត្រី បញ្ហាតម្លៃភ្លើង និងចំណីត្រី។ឯកឧត្តមរដ្ឋមន្ត្រីបានទទួលយកសំណើរបស់សមាគម រួចថានឹងនាំយកសំណើនេះទៅជូនក្រសួង ពាក់ព័ន្ធធ្វើការពិនិត្យពិចារណាដោះស្រាយតាមការចាំបាច់។ ដោយឡែក ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ នឹងបន្តជំរុញការងារផ្សព្វផ្សាយបច្ចេកទេស ផលិតចំណី និងបង្កាត់ពូជឲ្យ បានទូលំទូលាយ ស៊ីជម្រៅ និងបានទៅដល់ប្រជាកសិករបានទាន់ពេល និងទាន់សភាពការណ៍ បច្ចុប្បន្ន។ ចុងក្រោយ ឯកឧត្តមរដ្ឋមន្ត្រីបានលើកទឹកចិត្តដល់សមាជិកសមាគមវារីវប្បករឲ្យយក ចិត្តទុកដាក់បន្ថែមទៀតលើការអនុវត្តបច្ចេកទេសចិញ្ចឹម និងពង្រីកអាជីវកម្មចិញ្ចឹមដើម្បីច្បាមយក រួចប្រើប្រាស់កាលានុវត្តភាពនេះឲ្យកាន់តែមានប្រសិទ្ធភាពទាំងផ្នែកសេដ្ឋកិច្ច និងសង្គម៕សហការី