ឯកឧត្តម វេង សាខុនបញ្ជាក់ស្ថានភា​​ពវិស័យកសិកម្មកម្ពុជា​រយៈពេល១០ឆ្នាំ​កន្លងទៅ

ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានផ្តល់បទសម្ភាសន៍ដល់ទូរទស្សន៍ PNN នៅព្រឹកថ្ងៃអង្គារ ១៥កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពស.២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០ ។ ចំពោះខ្លឹមសារនៃបទសម្ភាសន៍មានដូចខាងក្រោម៖
១. ស្ថានភាពវិស័យកសិកម្មរយៈពេល១០ឆ្នាំកន្លងទៅ៖
 រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកវិស័យកសិកម្ម គឺជាវិស័យនាំមុខមួយក្នុងចំណោមវិស័យដទៃទៀត ដែលបានរួមវិភាគទានដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិរបស់ព្រះរាជាណាចក្រកម្ពុជា និងបានរួមចំណែកក្នុងកំណើនផលទុនជាតិ ហើយវិស័យនេះក៏បានជួយផ្តល់ការងារ និងប្រាក់ចំណូលដល់ប្រជាពលរដ្ឋនៅជនបទ ដែលមានជីវភាពរស់នៅពឹងអាស្រ័យលើការងារកសិកម្ម។
 រាជរដ្ឋាភិបាលក៏មានមហិច្ឆតា ក្នុងការធ្វើទំនើបកម្មវិស័យកសិកម្មកម្ពុជាឱ្យមានលក្ខណៈប្រកួតប្រជែង បរិយាប័ន្ន ធន់នឹងការប្រែប្រួលអាកាសធាតុ និងនិរន្តរភាព សំដៅបង្កើនប្រាក់ចំណូលគ្រួសារកសិករ វិបុលភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជា។
 ដើម្បីសម្រេចបាន និងឆ្លើយតបទៅនឹងចក្ខុវិស័យវែងឆ្ងាយនេះ គោលដៅចម្បងដែលត្រូវសម្រេចឱ្យបានគឺ៖ (ទី១) ជំរុញកំណើននៃតម្លៃបន្ថែមសរុបរបស់វិស័យកសិកម្មឱ្យកើនក្នុងរង្វង់៣%ក្នុងមួយឆ្នាំ (ទី២) ផលិតភាពពលកម្មកសិកម្មត្រូវរុញឱ្យកើនពី ១ ៨៣៩ ដុល្លារអាមេរិកនៅឆ្នាំ២០១៩ ដល់ ៤ ៦២៥ ដុល្លារអាមេរិក/ម្នាក់/ឆ្នាំ នៅឆ្នាំ២០៣០។
២. សំណួរ និងចម្លើយ៖
១. នៅពេលដែលសេដ្ឋកិច្ចរងឥទ្ធិពលអាក្រក់ពីក្រៅ គេច្រើននិយាយអំពីតួនាទីវិស័យកសិកម្មជាមូលដ្ឋានរុញកំណើនសេដ្ឋកិច្ច។ តើកសិកម្មនៅពេលនេះអាចធ្វើឱ្យពលរដ្ឋមានប្រាក់ចំណូលតាមវិធីណា?
 កសិកម្មនៅតែសំខាន់នាពេលនេះ គឺដោយសារវិស័យឧស្សាហកម្ម និងសេវាកម្មបានធ្លាក់ចុះ ពោលគឺ មានតែវិស័យកសិកម្មទេដែលនៅមានសក្តានុពលអាចស្តារសេដ្ឋកិច្ចនាពេលនេះបាន។
 សេដ្ឋកិច្ចកម្ពុជានឹងអាចធ្លាក់ចុះ – ១,៩% នាឆ្នាំ២០២០នេះ ដែលក្នុងនោះវិស័យឧស្សាហកម្ម និងសេវាកម្មអាចមានកំណើនជាអវិជ្ជមាន ហើយវិស័យកសិកម្មនឹងអាចមានកំណើនប្រមាណជាង + ១% ។
 សក្តានុពលកសិកម្មនៅរឹងមាំ លទ្ធភាពផលិតនៅមានច្រើន ពលកម្មចំណាកស្រុកបានហូរចូលមកវិញ ដែលទាំងនេះនឹងអាចជួយរុញវិស័យកសិកម្មឱ្យរីកលូតលាស់បានក្នុងដំណាក់កាលកូវីដ១៩នេះ។
 កសិករមានឱកាសច្រើនជាងមុនក្នុងការបង្កើនផលិតកម្មដំណាំស្បៀងអាហារត្រីសាច់ ដោយហេតុថាមានតម្រូវការច្រើនពីអ្នកប្រើប្រាស់ ក្នុងខណៈពេលដែលការនាំចូលត្រូវបានថយចុះ (បញ្ហាកូវីដ១៩នាពេលកន្លងមក បានធ្វើឱ្យថមថយការដឹកជញ្ជូនទំនិញ ក៏ដូចជាការធ្វើពាណិជ្ជកម្មឆ្លងដែន)។
 ជាមួយគ្នានេះផងដែរ ក្នុងរយៈពេលនេះក៏មានបណ្តាប្រទេសមួយចំនួននៅតែបញ្ជាទិញទំនិញស្បៀងពីកម្ពុជាដដែល (អង្ករ ពោត ដំឡូងមី ស្វាយ ចេក។ល។) មិនមានការថយចុះឡើយ ហើយក៏មានការកើននូវបរិមាណច្រើនជាងមុន។
២. គេច្រើននិយាយអំពីតម្រូវការនិងការប្រើប្រាស់ តើការផលិតរបស់កសិករកម្ពុជាអាចឆ្លើយតបទៅនឹងតម្រូវការទីផ្សារឬទេ? ហេតុអី?
គោលការណ៍នៃតម្រូវការនិងការប្រើប្រាស់គឺពិតជាកត្តាចម្បងដែលត្រូវពិចារណានៅពេលផលិតដើម្បីឱ្យមានតុល្យភាពគ្នា។ជារួមលទ្ធភាពនៃផលិតកម្មកសិកម្មកម្ពុជាអាចផ្គត់ផ្គង់ទីផ្សារក្នុងប្រទេសបាន ដូចជាអង្ករ ត្រី សាច់ ផ្លែឈើមួយចំនួនដែលមានសក្តានុពល។ ប៉ុន្តែ ក៏មានការនាំចូលនូវផលិតផលកសិកម្មដែលកម្ពុជាមិនមានការផលិតច្រើនផងដែរ ពិសេសនៅពេលដែលមានការពាក់ព័ន្ធនឹងរដូវកាលដាំដុះ ដែលកម្ពុជាមិនអាចដាំបាន។
 ជាក់ស្តែង កម្ពុជាបាននាំចេញផលិតផលកសិកម្មទៅកាន់ទីផ្សារអន្តរជាតិ ដែលមានទំហំទឹកប្រាក់កើនពី ជិត ១ពាន់លានដុល្លារនៅឆ្នាំ២០១៣ ដល់ ១ ៥០០ លានដុល្លារនៅឆ្នាំ២០១៩។ ការនាំចេញអង្ករផ្លូវការបានកើនពី ៦៣ ០០០ ដុល្លារឆ្នាំ២០១០ ដល់ ៤៤០ លានដុល្លារនៅឆ្នាំ២០១៩ (កើនពី ១០៥ ពាន់តោនឆ្នាំ២០១០ ដល់ជាង ៦២០ ពាន់តោននៅឆ្នាំ ២០១៩ គឺកើនឡើងជាង៦ដង)។ ការនាំចេញផលិតផលកៅស៊ូក៏មានការកើនឡើងដោយទំហំនៃការនាំចេញបានកើនពី ៤២ ពាន់តោននៅឆ្នាំ២០១០ ដល់ ២៨២ពាន់តោននៅឆ្នាំ២០១៩ (កើនឡើង៧ដងក្នុងរយៈពេល១០ឆ្នាំកន្លងទៅ)។
៣. តើអ្វីជាទីផ្សារកសិកម្មប្រកបដោយសក្តានុពលនៅកម្ពុជា? តើអ្វីជាភាពប្រកួតប្រជែងនៅក្នុងវិស័យកសិកម្មកម្ពុជា?
 ទីផ្សារកសិកម្មប្រកបដោយសក្តានុពលនៅកម្ពុជា៖ ទីផ្សារអង្ករ ពោត ដំឡូងមី ស្វាយ ចេក កៅស៊ូ ចន្ទីម្រេច ផលវារីវប្បកម្ម ជាដើម។ល។
 មុខផលិតផលជាទំនិញកសិកម្មទាំងនេះអាចមានការប្រកួតប្រជែងបាន ពិសេសភាពអនុគ្រោះជាច្រើនដែលរាជរដ្ឋាភិបាលបានផ្តល់ជូននាពេលកន្លងមក (ភាពអនុគ្រោះក្រោមច្បាប់វិនិយោគ និងការសម្រួលបន្ថែមទៀតនាពេលថ្មីៗនេះ)។
 ភាពប្រកួតប្រជែងនៅក្នុងវិស័យកសិកម្មកម្ពុជា៖ នៅមានកម្លាំងពលកម្មកសិកម្មច្រើនបើប្រៀបប្រទេសដទៃ (កសិករមានប្រមាណជិត៤លាននាក់) តម្លៃពលកម្មក៏នៅទាបនៅឡើយ។ ម៉្យាងទៀត កម្ពុជាមានសក្តានុពលផលិតកម្មខ្ពស់ មានដីកសិកម្មគ្រប់គ្រាន់បម្រើឱ្យការដាំដុះដំណាំ ចិញ្ចឹមសត្វ និងវារីវប្បកម្ម។ សក្តានុពលទឹកស្រោចស្រពកសិកម្មដែលយកពីទន្លេមេគង្គ និងទន្លេសាបនៅមានច្រើននៅឡើយ។
៤. តើមូលដ្ឋានអ្វីខ្លះដែលកសិករត្រូវដឹងនៅពេលដែលគាត់ចង់ធ្វើកសិកម្ម? តើក្រសួងបានផ្តល់ព័ត៌មានទាំងនោះបានកម្រិតណានាពេលកន្លងមកដល់កសិករ?
 កសិករអាចដឹងពីរបៀបដាំដុះ ចិញ្ចឹមសត្វ និងវារីវប្បកម្មតាមរយៈប្រព័ន្ធផ្សព្វផ្សាយកសិកម្ម ដែលអនុវត្តការងារនេះដោយមន្រ្តីជំនាញរបស់ក្រសួង ទាំងនៅថ្នាក់កណ្តាល និងរាជធានីខេត្តទាំង២៥ រួមនឹងការផ្សព្វផ្សាយជាឌីជីថល (MAFF Website, Face Book, Technology APP …)
 បច្ចុប្បន្ននេះ កសិករតម្រូវឱ្យរកឯកសារបច្ចេកទេសសំខាន់់ៗតាមរយៈប្រព័ន្ធឌីជីថល ដែលក្រសួងបានរៀបចំរួចហើយនេះ។
 គ្រប់គម្រោងអភិវឌ្ឍន៍ទាំងអស់របស់ក្រសួងបានតម្រង់ទិសទៅជួយកសិករតាមរបៀបនេះ មានលក្ខណៈទំនើបកម្មកសិកម្ម និងបានស្នើឱ្យមានភ្ជាប់ផលិតកម្មកសិកម្មតាមរយៈកិច្ចសន្យា ដើម្បីដោះស្រាយបញ្ហាទីផ្សារ។
៥. គ្រួសារខ្លះ គាត់មានដីតូចជាងមុន (ភាគច្រើនមានដីក្រោម១ហិចតា)។ តើគាត់ធ្វើកសិកម្មអ្វីដែលចំណេញដែលអាចចិញ្ចឹមគ្រួសារបាន? តើកម្ពុជាគួររកវិធីដើម្បីអភិវឌ្ឍកសិកម្មរបៀបនោះ ឬគិតអំពីមូលដ្ឋាននាំចេញកសិកម្មវិញ? ហេតុអី?
 ការធ្វើកសិកម្មជាលក្ខណៈគ្រួសារតូចតាច មានថ្លៃដើមផលិតកម្មខ្ពស់ជាងកសិកម្មខ្នាតមធ្យមនិងធំ ហើយឈានដល់ការពិបាកប្រជែងទីផ្សារ។
 ក្នុងន័យនេះ ក្រសួងបានជំរុញឱ្យមានការចងក្រងជាសហគមន៍កសិកម្ម ដើម្បីទទួលបានបច្ចេកទេសថ្មីៗ ឥណទានដែលមានការប្រាក់អនុគ្រោះសមរម្យ ងាយស្រួលក្នុងការលក់ផលិតផល និងមានអំណាចតថ្លៃខ្ពស់។ នេះគឺជាគោលនយោបាយ “បរិយាប័ន្ន – Inclusive Policy” ពោលគឺកសិករខ្នាតតូចនិងកសិករខ្នាតធំអាចប្រកបរបរកសិកម្មបានជាមួយគ្នាដោយងាយស្រួល។
 ក្នុងន័យបង្កើនសេដ្ឋកិច្ចជាតិ ជាលក្ខណៈទ្រង់ទ្រាយធំ គឺយើងនឹងប្រើប្រាស់គោលនយោបាយ “ភាពជាដៃគូរវាង រដ្ឋ វិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងសហគមន៍/អ្នកផលិត – Public Private and Producer/Cooperative Partnership PPPP”។បើគិតអំពីមូលដ្ឋាននាំចេញកសិកម្មវិញ គឺយើងពឹងអាស្រ័យខ្លាំងលើវិស័យឯកជន (ក្រុមហ៊ុនផលិត កែច្នៃ នាំចេញ) ដើម្បីជាឃ្នាស់ទាញកំណើនវិស័យកសិកម្ម ប៉ុន្តែត្រូវទាញយកអ្នកផលិតតូចតាចឱ្យចូលរួមក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ (Supply Chains) តាមរយៈយន្តការផលិតកម្មកសិកម្មតាមកិច្ចសន្យា (Contract farming System)៕សហការី