សម្តេចតេជោហ៊ុនសែនអញ្ជើញជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតអូស្ត្រា​លីដែលត្រូវចប់​បេសកកម្មកាទូ​តនៅកម្ពុជា

នៅវិមានសន្តិភាព នាព្រឹកថ្ងៃចន្ទ ៦កើត ខែមិគសិរ ឆ្នាំកុរ ឯកស័កព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយលោកជំទាវ Angela Corcoran ឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានបញ្ចប់បេសកកម្មកាទូតនៅព្រះរាជាណាចក្រកម្ពុជា។លោកជំទាវAngelaCorcoranបានគោរពសម្ដែងនូវការអរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតជូនចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រីដែលសម្ដេចបានចំណាយពេលវេលាជួបពិភាក្សាការងារជាមួយលោកជំទាវនាពេលនេះ មុននឹងលោកជំទាវចាកចេញពីព្រះរាជាណាចក្រកម្ពុជា។ នៅក្នុងជំនួបនេះ លោកជំទាវបានគោរពជូនពរដល់អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលត្រូវជាមាតាក្មេករបស់សម្ដេចតេជោ សូមឱ្យអ្នកឧកញ៉ា បានជាសះស្បើយពេលដ៏ឆាប់ខាងមុខនេះ។ ជាមួយនោះដែរលោកជំទាវក៏បានសម្ដែងនូវអំណរគុណចំពោះ រាជរដ្ឋាភិបាលកម្ពុជា ដែលបានបំពាក់មេដាយ ជូនលោកជំទាវសម្រាប់ការចូលរួមចំណែកក្នុងការអភិវឌ្ឍកម្ពុជា ជាពិសេសលើវិស័យដោះមីននោះ។ ជាថ្មីម្តងទៀត លោកជំទាវក៏បានសម្ដែងនូវអំណរសាទរយ៉ាងខ្លាំងដល់កម្ពុជាដែលបានទទួលការអភិវឌ្ឍយ៉ាងឆាប់រហ័សជាទីបំផុតក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ លោកជំទាវបានអញ្ជើញមកកម្ពុជាកាលពីឆ្នាំ១៩៩៣ និង១៩៩៤ ដោយពេលនោះលោកជំទាវបានមានប្រសាសន៍ថា កាលពីឆ្នាំនោះទីក្រុងភ្នំពេញ គឺជាទីក្រុងដែលមិនមានមនុស្សរស់នៅច្រើនទេ ក៏ប៉ុន្តែពេលនេះ លោកជំទាវមានការភ្ញាក់ផ្អើល ហើយក៏បានកត់សំគាល់ឃើញថា កម្ពុជាពេលនេះមានការអភិវឌ្ឍគួរជាទីមោទនៈជាទីបំផុត។ លើសពីនេះទៀត លោកជំទាវក៏បានសម្តែងនូវការសប្បាយរីករាយដែលប្រទេសអូស្ត្រាលីបានចូលរួមចំណែកក្នុងការអភិវឌ្ឍកម្ពុជាឲ្យមានការរីកចំរើនរហូតដល់ថ្ងៃនេះ។លោកជំទាវក៏បានជម្រាបជូនសម្ដេចតេជោផងដែរថា រដ្ឋាភិបាលអូស្ត្រាលីបានត្រៀមខ្លួនជាស្រេចក្នុងការបន្តជួយ និងចូលរួមចំណែកក្នុងការជំរុញ និងពង្រីកពាណិជ្ជកម្ម សេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរឹងមាំនិងធំធាត់ថែមទៀត ហើយក៏ត្រៀមជាស្រេចក្នុងការជំរុញកិច្ចសហប្រតិបត្តិការ ជាពិសេសរវាងយុវជននិងយុវជននៃប្រទេសយើងទាំងពីរផងដែរ។ជាការឆ្លើយតប សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះការជូនពរដល់អ្នកឧកញ៉ាមហាឧបាសិកា ដែលជាមាតាក្មេករបស់សម្ដេចសូមឱ្យបានជាសះស្បើយក្នុងពេលឆាប់ៗខាងមុខនេះ។ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានសម្តែងនូវភាពរីករាយនិងសូមថ្លែងអំណរគុណផងដែរចំពោះការបំពេញបេសកកម្មកាទូតរបស់លោកជំទាវនៅកម្ពុជា។តាមរយៈបេសកកម្មរបស់លោកជំទាវគឺបានជំរុញនិងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងនោះលោកជំទាវបានជំរុញអោយមានទំនាក់ទំនងរវាងយុវជន និងយុវជន និងដំណើរទស្សនកិច្ចសិក្សារបស់យុវជនអូស្ត្រាលីមកកាន់កម្ពុជា ហើយនឹងជំរុញឲ្យមានការនាំចូលទំនិញប្រមាណជា៩០% ទៅ៩៧% ពីកម្ពុជាចូលទៅអូស្ត្រាលីផងដែរ។ ទន្ទឹមនឹងនេះ សម្ដេចតេជោបានមានប្រសាសន៍ថា នេះគឺជាមូលដ្ឋានដ៏ល្អដែលអាចលើកស្ទួយទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ។តាមរយៈការជំរុញពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ សម្ដេចតេជោក៏បានថ្លែងអំណរគុណផងដែរចំពោះរដ្ឋាភិបាលអូស្ត្រាលី ដែលកន្លងមកបានជួយដល់កម្ពុជាយើង ជាពិសេស លើផ្នែកកសិកម្ម បានការបង្កើតវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (CARDI) ដែលបានជួយក្នុងការសិក្សាស្រាវជ្រាវ ធ្វើឲ្យអង្ករកម្ពុជាយើងទទួលបានចំណាត់ថ្នាក់លេខ១នៅលើឆាកអន្តរជាតិក្នុងរយៈពេល៣ឆ្នាំជាប់គ្នានេះ។ជាថ្មីម្តងទៀតសម្តេចតេជោនាយករដ្ឋមន្ត្រីបានជូនពរលោកជំទាវAngelaCorcoranសូមទទួលបាននូវសុខភាពល្អនិងជោគជ័យក្នុងបេកសកកម្មថ្មីៗជាបន្តបន្ទាប់ទៀត៕ដោយ៖សហការី