រដ្ឋបាលជលផលនៃក្រសួងកសិកម្មបន្តខិ​តខំជម្រុញការងារប​ណ្តុះបណ្តាលកសិក​រធ្វើវារីវប្បកម្ម

ក្នុងការឆ្លើយតបទៅនឹងអនុសាសន៍ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងកម្មវីធីសំណេះសំណាលជាមួយនឹងកសិករចិញ្ចឹមសត្វ និងវារីវប្បកម្ម នៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មទឹកសាប នៅភូមិបាទី ឃុំពាមរក៍ ស្រុកពាមរក៍ ខេត្តព្រៃវែង នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ ឲ្យរដ្ឋបាលជលផលនៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទត្រូវបន្តខិតខំជម្រុញការងារបណ្តុះបណ្តាលកសិករធ្វើវារីវប្បកម្ម ឲ្យបានកើនឡើង ១០ ០០០ គ្រួសារ ក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ ខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ធំសហការជាមួយគម្រោងកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងបម្រែបម្រួលអាកាសធាតុហៅកាត់(ASPIRE)ដែលទទួលហិរញ្ញប្បទានសម្បទានពីមូលនិធិអន្តរជាតិដើម្បីអភិវឌ្ឍន៍វិស័យកសិកម្ម(IFAD) និងបដិភាគថវិការាជរដ្ឋាភិបាលកម្ពុជា 10% ដែលអនុវត្តដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុវត្តសកម្មភាពចំនួនពីរគឺ៖ បង្កើតបណ្ដុំអ្នកចិញ្ចឹមត្រីចំនួន៨បណ្ដុំស្មើនិង ២៨២ គ្រួសារ និងបណ្ដុំកែច្នៃត្រីចំនួនមួយបណ្ដុំស្មើ៥០គ្រួសារ ។ ជាក់ស្តែងគិតមកត្រឹមថ្ងៃទី០១ ខែ សីហា ឆ្នាំ ២០២០ នេះក្រុមការងារបានចុះបើកវគ្គបណ្ដុះបណ្ដាលបច្ចេកទេសដល់កសិករ ចិញ្ចឹមត្រីបាន៦វគ្គ និងបានចែកពូជត្រីប្រា អណ្តែង និងឆ្ពិនចំនួន៥០៩ ៦២៧ ក្បាល ចំណី ២ ១០០ គីឡូក្រាម និងតង់ចិញ្ចឹមត្រីចំនួន ៧១ ដុំ ។ នៅខាងមុខនេះក្រុមការងារនឹងបន្ដរៀបចំវគ្គបណ្ដុះបណ្ដាលបច្ចេកទេសចិញ្ចឹម កែច្នៃ ចែកកូនត្រី ចំណី និងតង់ចិញ្ចឹមត្រីបន្ថែមទៀតជូនវារីវប្បករក្នុងបណ្តំជាបន្តបន្ទាប់៕សហការី