ក្រសួង​សុខាភិបាលអំពាវនាវ​ឲ្យមាន​ការ​ចូលរួម​ពីអាជ្ញាធរនិ​ង​ប្រជាពលរដ្ឋដើម្បី​ការ​ពារ​ជំងឺ​គ្រុន​ឈីក

ក្រសួង​សុខាភិបាល​នៅ​ថ្ងៃទី១ខែសីហា​នេះបានឲ្យដឹងថាជំងឺ​គ្រុនឈីកបាន​ចាប់​ផ្តើម​កើត​មាន​ឡើង​នៅ​ក្នុង​ខែ​កក្កដា ឆ្នាំ​២០២០ដែល​គិត​មក​ដល់​ពេល​នេះ​មានមនុស្ស១០២០​នាក់បាន​កើត​ជំងឺ​នេះក្នុង​ខេត្ត​ចំនួន​១២​របស់​កម្ពុជា​។ ​ក្រសួង​សុខាភិបាលក៏អំពាវនាវ​ឲ្យមាន​ការ​ចូលរួម​ពីអាជ្ញាធរនិង​ប្រជាពលរដ្ឋដើម្បី​ការពារ​ជំងឺ​គ្រុនឈីក​(ជំងឺឈីកគន់ហ្គន់យ៉ា)។ករណី​សង្ស័យ​គ្រុនឈីក​ចាប់​ពីថ្ងៃទី១៩រហូត​ដល់​ថ្ងៃទី៣១ខែ​កក្កដាមាន​ចំនួន​១ ០២០ករណីក្នុងនោះ​ស្ត្រីមាន​៥៦២នាក់ ដែល​ក្នុង​នោះ​ចំនួន​ករណី​ជាង​៨០% គឺ​កើត​មាន​ក្នុង​ខេត្ត​ចំនួន៤ ខេត្ត​សៀមរាប បន្ទាយ​មានជ័យ ព្រះវិហារ និង​កំពង់ចាម។ នេះបើតាម​ទិន្នន័យ​របស់​មជ្ឈមណ្ឌលជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុន​ចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និង​បាណកសាស្ត្រ​របស់​ក្រសួង​សុខាភិបាល នៅថ្ងៃទី០១ ខែ​សីហា​នេះ។ ប្រភព​ដដែល​ឲ្យដឹង​ថាខេត្ត​ផ្សេង​ទៀត​ដែល​មាន​ជំងឺ​គ្រុន​ឈីកក្នុង​ចំនួន​តិចតួច រួមមាន ឧត្តរមានជ័យ ត្បូងឃ្មុំ តាកែវ កំពត កំពង់សោម ពោធិសាត់ ស្ទឹងត្រែង និងប៉ៃលិន ដែល​សរុប​ទាំង​អស់​មាន​ចំនួន ១២ខេត្ត។លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានលើកឡើងថាការទប់ស្កាត់និង​ការការពារ​ជំងឺ​គ្រុន​ឈីក​នេះគឺ​វាដូច​នឹង​ជំងឺ​គ្រុន​ឈាម​ដែរ ​ដោយ​ផ្អែក​ទៅ​លើ​ការការពារ​កុំ​ឲ្យ​មូស​ខ្លាញី​ខាំតាម​រយៈការ​លុប​បំបាត់វត្ថុ​ដក់​ទឹកដែល​ជា​ជម្រក​នៃ​ការកកើត​សត្វ​មូស​នេះ។កាលពីថ្ងៃទី២៣ ខែ​កក្កដា​កន្លង​ទៅ ក្រសួង​សុខាភិបាល​បាន​រាយការណ៍ ជាផ្លូវការ​​ពី​ករណីផ្ទុះ​ឡើង​​នៃ​ជំងឺ​គ្រុនឈីក ដែល​បាន​កើត​លើ​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​១០០​នាក់ ដែល​រស់​នៅ ក្នុង​សង្កាត់​ប៉ោយប៉ែត ខេត្ត​បន្ទាយ​មានជ័យ។នៅថ្ងៃទី០១ ខែសីហា នេះ​ក្រសួង​សុខាភិបាល​ក៏បាន​ដាក់​ចេញ​វិធានការ​ចំនួន​៥ចំណុចក្នុង​គោល​ដៅ​បង្កើន​ការ​ចូលរួម និង​ចលនា​កាត់បន្ថយ និង​ទប់ស្កាត់ការ​កកើត​សត្វ​មូស ដែល​អាច​បង្ក​ឲ្យ​មាន​ជំងឺ​គ្រុន​ឈីក។ លោកម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ក៏បាន​អំពាវនាវ​ឲ្យ​មាន​ការ​ចូលរួម​ពី​គ្រប់ភាគី​ពាក់ព័ន្ធ ដើម្បី​ទប់ស្កាត់ការ​ចម្លង​ជំងឺ​គ្រុនឈីក នៅតាម​សហគមន៍​ដែល​កំពុង​ផ្ទុះ​ឡើង​នេះឲ្យកាន់​តែ​មាន​ប្រសិទ្ធ​ភាព៕សហការី