ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជាថា​បានលុប​បំបាត់​នូវ​ស្នាម​បែក​បាក់​បេ្រះ​ឆា​ក្នុង​សង្គម​ជាតិ​ធ្វើឱ្យធ្លុងមហាសា​មគ្គីជាតិកាន់តែ​រឹងមាំឡើង

ព្រឹកនេះគណ​បក្ស​ប្រ​ជាជន​កម្ពុជា​​បាន​ធ្វើ​​ពិធី​​រំឭក​​ខួប​​៤១​​ឆ្នាំ​​នៃ​ការ​​បង្កើត​​«​រណ​សិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​»នៅ​ថ្ងៃ​២​​ធ្នូ​ កាល​ពី​ឆ្នាំ​១៩៧៨។​ ពិធីនេះ​​ត្រូវ​​បាន​​ធ្វើ​ឡើង​​ក្រោម​​វត្ត​មាន​​សម្តេច​ហេង ​សំ​រិន​ ​និង​​មន្ត្រី​​ជាន់​​ខ្ពស់​​គណបក្ស​​កាន់​​អំណាច​ជាច្រើន​ទៀត​ នៅ​សាល​​សន្និសិទ​​ចតុ​មុខ​។ ប៉ុ​ន្តែ​អវត្ត​មាន​​សម្តេចនាយក​​រដ្ឋ​មន្ត្រី​ ហ៊ុន ​សែន។​ ​
តាមរយៈ​សុន្ទរកថា សម្តេចហេង សំរិន ប្រធានរដ្ឋសភាបានថ្លែងថា រណសិរ្ស ២ធ្នូ មិនត្រឹមតែសង្គ្រោះជាតិ និងប្រជាជនកម្ពុជា ឱ្យចាកផុតពីមហន្ដរាយ នៃរបបប្រល័យពូជសាសន៍ប៉ុណ្ណោះទេ។ ប៉ុន្ដែរណសិរ្ស ២ធ្នូ នៅបានជួយស្ដារនិងអភិវឌ្ឍន៍សង្គមជាតិនៅគ្រប់ទិសទីធ្វើឱ្យមាតុភូមិកម្ពុជាមានការកែប្រែមុខមាត់ថ្មីជាបន្ដបន្ទាប់រហូតដល់​សព្វថ្ងៃ។សម្តេចហេង សំរិន អះអាងថា កម្ពុជា​«បានលុប​បំបាត់​នូវ​ស្នាម​បែក​បាក់​បេ្រះ​ឆា​ក្នុង​សង្គម​ជាតិ ធ្វើឱ្យធ្លុងមហាសាមគ្គីជាតិកាន់តែរឹងមាំឡើង។ សម្តេចហេង សំរិន ដែលជាប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា បានអំពាវនាវដល់​សមាជិកបក្ស​ប្រកាន់​ខ្ជាប់នូវប្រពៃណីស្នេហាជាតិ និងផ្សារភ្ជាប់ជាមួយប្រជាជន ហើយខិត​ខំ​បម្រើ​ប្រទេស​ជាតិតាមកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាល។
លោក ហ៊ុយ វណ្ណៈជាសមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និង​ជា​រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ បានលើកឡើងថា «ស្មារតី២ធ្នូ» រំលឹកយើងថាដំណើរ​រស់ឡើងវិញរបស់ប្រជាជនយើងពីអតីតកាល និងការរីកចម្រើន​របស់​ប្រទេសជាតិ​យើង​នាពេល​បច្ចុប្បន្ន គឺមានដំណើរ ប្រវត្តិសាស្ត្រ សច្ចៈ​ធម៌ និងគុណធម៌។
សូមបញ្ជាក់​រណសិរ្ស២ធ្នូត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៧៨ ស្ថិតនៅ​ភូមិ​ជើង​ឃ្លូ ឃុំ២ធ្នូ ស្រុក ស្នួល ខេត្តក្រចេះ។ ឈ្មោះដើមគឺ«រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា» បច្ចុប្បន្ន​ត្រូវបាន ប្តូរ​ឈ្មោះ​ជា «រណ​សិរ្ស​សាមគ្គី អភិវឌ្ឍន៍​កម្ពុជា» ជា​អង្គការ​ចាត់តាំង​មហាជន​ឈានមុខ​របស់ គណបក្ស​ប្រជាជន​កម្ពុជា​ ដោយ​ទទួលបាន​ការជួយឧបត្ថម្ភ​យ៉ាង​ធំធេង​ពី​កងទ័ព​ស័​គ្ម្រ​ចិត្ត​វៀតណាម ​ក្នុង​គោលបំណង​ផ្តួលរំលំ​របប​កម្ពុជា​ប្រជាធិបតេយ្យ(ខ្មែរ​ក្រហម) នៅ​ថ្ងៃទី៧ មករា ឆ្នាំ១៩៧៩៕ដោយ៖សហការី