ជប៉ុន​​បាន​បញ្ជាក់​ថាអត្រា​ឆ្លង​ថ្មី​ប្រចាំ​ថ្ងៃ​បាន​​កើន​ឡើង​លើ​ស​១.០០០​នាក់​ជា​លើក​ដំបូង​

​កាល​ពី​ថ្ងៃ​ពុធប្រទេស​ជប៉ុន​​បាន​បញ្ជាក់​ថាអត្រា​ឆ្លង​ថ្មី​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​ប្រទេស​នេះបាន​កើន​ឡើង​លើស​១.០០០​នាក់​ជា​លើក​ដំបូង​នៅ​ក្នុង​ប្រទេស​ជប៉ុន​ចាប់​តាំង​ពី​មាន​វិបត្តិ​សុខភាព​នេះ។​ទូរទស្សន៍​ជប៉ុន​ NHK បាន​រាយការណ៍​ថា ​ការ​ឆ្លង​នៅ​ថ្ងៃ​ពុធ​មាន​លើស១.២០០​ករណី​ថ្មី ដែល​មាន​ច្រើន​នៅ​រាជធានី​តូក្យូ។ប៉ុន្តែ​ក៏​មាន​ពី​តំបន់​ទីប្រជុំជន​ធំៗ​ផ្សេងៗ​ទៀត​ដូច​ជា​ក្រុង Aichi និង Osaka ដែល​បាន​រាយការណ៍​តួលេខ​ច្រើន​បំផុត​របស់​តំបន់​ទាំង​នេះ។មន្ត្រី​នៅ​ខេត្ត Osaka ភាគ​ខាង​លិច​ប្រទេស​បាន​រាយការណ៍​ថា​ មាន​ករណី​ថ្មី​២២១ ដែល​ជា​លើក​ទី​មួយ​ដែល​ករណី​ឆ្លង​កូវីដ១៩​ប្រចាំ​ថ្ងៃ​នៅ​ទី​នោះ​បាន​កើន​លើស​២០០​ករណី។នៅ​ក្នុង​សន្និសីទ​ព័ត៌មាន​ក្នុង​ទី​ក្រុង​តូក្យូ​កាល​ពី​ថ្ងៃ​ពុធ រដ្ឋមន្ត្រី​ទី​ស្តី​ការ​គណៈរដ្ឋមន្ត្រីលោក Yoshihide Suga ថ្លែង​ថា ខេត្ត​ខ្លះ​កំពុង​ខ្វះ​ខាត​កន្លែង​ស្នាក់នៅ​ដូច​ជា​សណ្ឋាគារ និង​គេហដ្ឋាន​ដើម្បី​ព្យាបាល​អ្នក​ជំងឺ​ដែល​មាន​រោគ​សញ្ញា​តិចតួច។លោក Suga បាន​បន្ទោស​ការ​កើន​ឡើង​ករណី​ឆ្លង​នៅ​ពេល​ថ្មី​នេះទៅ​លើ​ បណ្តុះ​អ្នក​ឆ្លង ដែល​ជា​ក្រុម​មនុស្សនៅ​កន្លែង​ណា​មួយ​ដែល​មិន​បាន​រក្សា​គម្លាត​ពី​គ្នា​ក្នុង​សង្គម។ លោក​ថា ​គិត​ត្រឹម​ថ្ងៃ​អង្គារ​អាជ្ញាធរ​បាន​រក​ឃើញ​បណ្តុំ​អ្នក​ឆ្លង​ចំនួន​៥៥០​ក្រុម​ទូទាំង​ប្រទេស៕