ទំនិញ​កម្ពុជា​ជាង​​៣០០​មុខ​អាច​នាំ​ទៅ​ចិ​ន​ដោយ​មិ​ន​គិត​ពន្ធ

មន្ត្រី​ជាន់ខ្ពស់​មក​ពី​ក្រសួង​ពាណិជ្ជកម្ម​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​រៀបចំ​ដោយ​ទី​ស្ដី​ការ​គណៈរដ្ឋ​មន្ត្រី​នៅ​ថ្ងៃ​អង្គារនេះ​បានឲ្យដឹងថាទំនិញ​កម្ពុជា​ជាង​៣០០​មុខ​អាច​នាំ​ទៅ​ចិន​ដោយ​មិន​គិត​ពន្ធ​នៅ​ពេល​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​កម្ពុជា​ចិន​(FTA)​ចូល​ជា​ធរមាននៅ​ដើម​ឆ្នាំ​២០២១។ ​ទំនិញ​ជាង​៣០០​មុខ​ដែល​ត្រូវ​នាំ​ទៅ​ចិន​ភាគ​ច្រើន​គឺ​ជា​ផលិផល​កសិកម្មនិង​ផលិតផល​សម្រេច​ចេញ​ពីឧស្សាហកម្ម​កែ​ច្នៃ។ ក្នុង​ចំណោម​មុខ​ទំនិញ​ជាង​៣០០​មុខ​នេះគឺ​ផលិតផល​កសិកម្ម​៩៥​ភាគ​រយ​ត្រូវបាន​រួច​ពន្ធ​សម្រាប់​ការ​នាំ​ចេញ​ទៅ​ចិន​ដូច​ជាៈ​ម្រេច ម្ទេសក្រៀម ផ្លែឈើ ត្រីសាច់ ជាដើម។ ចំណែក​មុខទំនិញដែល​ចិន​គិត​ពន្ធ​ពី​ក​កម្ពុជាគឺជា​ប្រភេទ​គ្រឿងចក្រនិង​យានយន្ត​ផ្សេងៗ​។ មូលហេតុ​ដែល​ចិនគិត​ពន្ធ​លើ​មុខទំនិញ​ទាំងនេះដោយសារ​ចិនមិន​ចង់ឱ្យ​ការ​នាំចូល​ទីផ្សារ​ខ្លួនប៉ះពាល់​ផលិតផល​ក្នុងស្រុក​។ជាការឆ្លើយ​តប​នឹង​ការ​លើក​ឡើង​ដែល​ថា ចិន​ចំណេញ​ជាង​កម្ពុជាពី​កិច្ច​ព្រម​ព្រៀម​ពាណិជ្ជកម្ម​សេរី​ទ្វេ​ភាគី លោកសុខ សុភ័ក្ត្រ រដ្ឋ​លេខាធិការ​ក្រសួង​ពាណិជ្ជកម្ម​បាន​​បញ្ជាក់​ថា គ្មាន​នរណា​ចំណេញ​ជានរណា​ឡើយ​ពេល​កិច្ច​ព្រមព្រៀង​នេះ។ ទោះ​ជា​គ្មាន​កិច្ច​ព្រមព្រៀង​ពាណិជ្ជ​កម្ម​សេរីក៏​កម្ពុជា​ត្រូវ​តែ​នាំ​ទំនិញ​មក​ពី​ចិន​ដដែល។ ផ្ទុយ​ទៅ​វិញ​កម្ពុជា​ទទួល​បាន​ការ​អនុគ្រោះ​ក្នុង​ការ​នាំចេញទំនិញ​ទៅ​ចិន​ដោយ​មិន​គិត​ពន្ធ​ប្រមាណជាង​៩០​ភាគ​រយ​។ បន្ថែម​លើ​នេះ​ប្រយោជន៍​ដែល​កម្ពុជា​ទទួលបាន​ពី​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេ​ភាគី​គឺ​ការ​នាំ​ចេញ​ទំនិញ​ទៅ​ចិន​អាច​មាន​ការ​កើន​ឡើង​២៥​ភាគរយ។គួរឲ្យដឹងថានៅ​ក្នុង​ឆ្នាំ​២០១៩កម្ពុជា​នាំ​ចូល​ទំនិញ​ពី​ចិន​គិត​ជា​ទឹក​ប្រាក់​កើន​ឡើង​ដល់​១ពាន់លាន​ដុល្លារ ហើយ​ចិន​នាំ​ចេញ​ពី​កម្ពុជា​ក្នុង​ទំហំ​ទឹក​ប្រាក់​ជិត​៧​ពាន់​លាន​ដុល្លារ។ ភាគ​ច្រើន​នៃ​ទំនិញ​នាំចូល​ពី​ចិន​ជា​គ្រឿង​ចក្រ​បំរើ​ឲ្យ​តម្រូវ​ការ​ផ្នែក​សំណង់ខណៈ​ទំនិញ​កម្ពុជា​នាំ​ចូល​ទៅ​ចិន​ភាគ​ច្រើន​ជាផលិតផល​កសិកម្ម។
សូមបញ្ជាក់​ថាកិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរីជា​កិច្ច​ព្រម​ព្រៀង​រវាង​ប្រទេស​ជាមួយ​នឹង​ប្រទេសមួយ​ទៀតដើម្បី​ជំរុញ​ឱ្យ​មាន​ការ​ផ្លាស់​ប្តូរ​នូវ​ទំនិញពាណិជ្ជកម្មសេវា​ដោយសេរីមិន​មាន​ការ​រារាំងដោយ​របាំង​ពន្ធនិង​កាតព្វកិច្ច​ផ្សេងៗ។កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរីសំដៅ​ដល់​ការលើក​កម្ពស់​ការ​ផ្លាស់​ប្តូរ​ពាណិជ្ជកម្ម​រវាងគ្នានិងគ្នាដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ៕សហការី