ឯកឧត្តមរដ្ឋមន្ត្រីកសិកម្មពិនិត្យផលិតកម្មបន្លែសុវត្ថិភាព(ការដាំ​ប្រមូលផលនិង​ការប្រមូលទិញតាមកិ​ច្ចសន្យា)

ចេញពីស្រុកព្រៃកប្បាស ខេត្តតាកែវ ឯកឧត្តមរដ្ឋមន្ត្រីកសិកម្មនិងសហការីបានបន្តដំណើរឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាលដើម្បីមកពិនិត្យផលិតកម្មបន្លែសុវត្ថិភាព (ការដាំ ប្រមូលផល និងការប្រមូលទិញតាមកិច្ចសន្យា) របស់លោកពូ ផៃ ប្រុស ម្ចាស់ចំការ (លេខទំនាក់ទំនង ០៨៦ ៤៨១ ២៥៦)។ លោកពូ បានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តីថា បច្ចុប្បន្នមានរោងសំណាញ់ ៦ រោងនីមួយៗមានទំហំ ១០ម x ៣៥ម ក្នុង១ឆ្នាំដាំបានពី ៥-៦សារ រោងនីមួយៗប្រមូលផល ១,៥តោន ទូទាត់ថ្លៃដើមរួចបានចំណូល ៥លានរៀល។ បច្ចុប្បន្ន លោកពូបានចុះកិច្ចសន្យាដាំបន្លែផ្គត់ផ្គង់ឲ្យឈ្មួញយកទៅទីផ្សារនៅរាជធានីភ្នំពេញ។បន្ទាប់ពីបានអញ្ជើញចុះពិនិត្យរោងបន្លែរួចមក ឯកឧត្តមរដ្ឋមន្ត្រីមានការជឿជាក់ ដោយប្រាប់ម្ចាស់ចំការថាទីផ្សារ និងតម្លៃបន្លែសុវត្ថិភាពនឹងល្អប្រសើរឡើងជាលំដាប់ដោយសារការពេញនិយមរបស់អ្នកបរិភោគដែលគិតគូពីសុខភាពជាចំបង ហើយអ្នកដាំក៏បានអនុវត្តតាមលក្ខណ: បច្ចេកទេស និងចុះកិច្ចសន្យាផ្គត់ផ្គង់ ដែលកិច្ចសន្យាអនុវត្តផលិតកម្មកសិកម្មនេះ បានផ្តល់បច្ចេកវិទ្យាកសិកម្មទំនើប ដូចជាដាំបន្លែក្នុងផ្ទះសំណាញ់ ប្រើប្រព័ន្ធដំណក់ និងសាច ប្រើប្រាស់ ជី និងថ្នាំកសិកម្មត្រឹមត្រូវតាមបច្ចេកទេស ចេះសន្សំ និងផលិតជី និងថ្នាំសម្លាប់សត្វល្អិតតាមបែបធម្មជាតិ បានយកគោលការណ៍ស្តីពី “ការអនុវត្តកសិកម្មល្អ (GAP)” មកអនុវត្ត បានចងក្រងបណ្តុំអាជីវកម្មលក់ចែកចាយធាតុចូលកសិកម្ម និងបង្កើតសហគមន៍ផលិតបន្លែ។ល។ ឯកឧត្តមរដ្ឋមន្ត្រីបញ្ជាក់បន្ថែមថា កត្តាទាំងអស់នេះហើយ គឺជាដើមចមនៃកំណើនផលិតកម្ម ប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាពសេដ្ឋកិច្ច ប្រាក់ចំណូល និងនិរន្តរភាពនៃសេដ្ឋកិច្ចគ្រួសារ។ សុខភាពអ្នកផលិត ក្រុមគ្រួសារត្រូវបានកែលម្អបានល្អប្រសើរ គ្រួសាររីករាយ សប្បាយចិត្តចំពោះជីវភាពប្រចាំថ្ងៃ ជួបជុំគ្រួសារ មានសុភមង្គល ជាពិសេសពេញចិត្ត និងគាំទ្រចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី៕សហការី