រដ្ឋមន្រ្តីកសិកម្មបានអញ្ជើញចុះមកពិនិត្យនិងវាយតម្លៃលើការងារបង្កបង្កើនផ​លស្រូវរដូវវស្សាដើ​មរដូវនៅស្រុកព្រៃ​កប្បាសខេត្តតាកែវ

នាព្រឹកថ្ងៃពុធ ៣រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកខាន់ សុខា អភិបាលរងខេត្ត អមដំណើរជាមួយដោយឯកឧត្តមងិនឆាយប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម និងប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកណ្តាល និងខេត្តតាកែវ និងថ្នាក់ដឹកនាំនាយកដ្ឋានដំណាំស្រូវ និងសហការីបានអញ្ជើញចុះមកពិនិត្យ និងវាយតម្លៃលើការងារបង្កបង្កើនផលស្រូវរដូវវស្សាដើមរដូវនៅស្រុកព្រៃកប្បាស ខេត្តតាកែវ។ធ្វើដំណើរមកដល់ទីដៅឯកឧត្តមរដ្ឋមន្ត្រីបានជួបសំណេះសំណាលជាមួយសមាជិកសហគមន៍កសិករប្រើប្រាស់ទឹកប្រឡាយមេតាស៊ូង ក្នុងភូមិព្រៃតាពង ឃុំពោរំចេក ដោយបាននាំយកនូវការផ្តាំសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលលោកតែងតែងនឹកគិត ខ្វល់ខ្វាយពីសុខទុក្ខរបស់បងប្អូនប្រជាកសិករ នៅទូទាំងប្រទេស ជាពិសេសក្នុងកាល:ទេស:ដ៏លំបាកនៃវិបត្តិជំងឺឆ្លងកូវីដ-១៩។ ទោះជាយ៉ាងណា សម្តេចតែងតែនៅជាមួយកសិករគ្រប់កាល:ទេស: គ្រប់ស្ថានភាព មិនថាស្រាល ឬធ្ងន់ ដោយបានផ្តល់ជាកំលាំងចិត្ត និងគាំទ្រឲ្យបងប្អូនយើងខិតខំជំនះរាល់ឧបសគ្គ ហើយច្បាមយកឱកាសមាសដើម្បីអភិវឌ្ឍ បង្កើនសមត្ថភាពខ្លួនឲ្យបានរឹងមាំក្នុងការផលិតស្បៀង ធានាឲ្យបាននូវសុវត្ថិភាពក្នុងការផ្គត់ផ្គង់តម្រូវការក្នុងស្រុកទាំងបរិមាណ និងគុណភាព។ មិនតែប៉ុណ្ណោះ ត្រូវចាប់យកកាលានុវត្តភាពនេះដើម្បីបង្កើនផលិតភាពផលិតកម្មកសិកម្ម រួមគ្នាបង្កើតការងារ និងបង្កើនចំណូល។ នាឱកាសនេះ លោក ភឿក រ៉ុន ប្រធានសហគមន៍កសិករប្រើប្រាស់ទឹកប្រឡាយមេតាស៊ូង បានថ្លៃអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះសម្តេចតេជោ ដែលបានលះបង់គ្រប់បែបយ៉ាងដើម្បីបុព្វហេតុប្រជាជន រួមសុខរួមទុក្ខជាមួយប្រជាជន និងបានជូនពរសម្តេច លោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត និងបុត្រា បុត្រី ឲ្យជួបតែពុទ្ធពរទាំង ៤ប្រការកុំបីឃ្លាងឃ្លាតឡើយ។ លោកប្រធានសហគមន៍បានបន្តថា ក្រោមការដឹកនាំរបស់សម្តេច កសិករធ្វើស្រែ ដាំដុះដំណាំ មានលក្ខណល្អប្រសើរ និងមានការអភិវឌ្ឍជាបន្តបន្ទាប់ ជាក់ស្តែងសហគមន៍មានសមាជិក ១៧គ្រួសារ មានផ្ទៃដីសរុប ១ ៥០២ហត ធ្វើស្រែបាន ២-៣ដងក្នុងមួយឆ្នាំ ទិន្នផលទទួលបាន ពី ៥-៨ត/ហត ដោយប្រើប្រាស់ទឹកពីប្រឡាយមេតាស៊ូង ប្រវែង ៦ ៧៥៩ម៉ សង់នៅឆ្នាំ២០១៧ ក្រោយជំនួយឧបត្ថម្ភរបស់រដ្ឋាភិបាលអូស្រ្តលី តាមរយ:គម្រោងស្តីពី “កម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា ហៅកាត់ថា CAVAC” ។ ឈប់ប្រើពលកម្មសត្វពាហន: សាប ឬព្រោះ ច្រូតកាត់ បោកបែន ប្រើគ្រឿងយន្តទាំងអស់ ដល់ពេលលក់ស្រូវមានឈ្មួញមកទិញដល់ស្រែតែម្តង។ បច្ចុប្បន្នតម្លៃស្រូវ ៨០០រ/kg ក្នុង ១ហត បន្ទាប់ពីទូទាត់ថ្លៃដើមរួចអាចបានចំណូល ១លានរៀល។ ឆ្លៀតឱកាសនេះ តាមរយ:ឯកឧត្តមរដ្ឋមន្ត្រី លោកប្រធានសហគមន៍ តំណាងឲ្យសមាជិក បានស្នើសុំរាជរដ្ឋាភិបាលជួយបញ្ចុះតម្លៃភ្លើងបូមទឹកដាក់ស្រែ ដោយសារបច្ចុប្បន្នតម្លៃភ្លើងបូមទឹកចំណាយអស់ ៣០ម៉ឺនរៀល/ហត។ឯកឧត្តមរដ្ឋមន្ត្រី បន្ទាប់ពីបានឃើញស្រូវដើមរដូវលូតលាស់ល្អ ប្រឡាយមេចាក់បេតុង ហូរទឹកចូលស្រែ និងទឹកមុខកសិកររីករាយ សប្បាយចិត្តដោយសារផលស្រូវ លោកបានសម្តែងទឹកចិត្តចូលរួមអបអរសាទរ និងគាំទ្រ លើកទឹកចិត្តដល់សមាជិកសហគមន៍គ្រប់ៗក្រុមគ្រួសារឲ្យបន្តខិត ខំបន្ថែមទៀត ដើម្បីចូលរួមទាំងអស់គ្នាក្នុងការផលិតស្រូវធានាឲ្យបាននូវសន្តិសុខស្បៀង បង្កើន ប្រាក់ចំណូល ឈានទៅកាត់បន្ថយភាពក្រីក្រ។ លោកសុំឲ្យកសិករ យកចិត្តទុកដាក់ផងដែរអំពីពូជ ជី និងថ្នាំកសិកម្ម ធ្វើយ៉ាងណាប្រើប្រាស់ឲ្យបានត្រឹមត្រូវតាមបច្ចេកទេស ស្ថានភាពដី និងពេលវេលាដែលត្រូវប្រើ ចៀសវាងប៉ះពាល់ដល់សុខភាពខ្លួនឯង អ្នកបរិភោគ និងបរិស្ថាន។ បញ្ហានេះ លោកបានណែនាំឲ្យអគ្គនាយកដ្ឋានកសិកម្ម និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បន្តចុះជួយផ្សព្វផ្សាយ និងបណ្តុះបណ្តាលបច្ចេកទេសដល់ពួកគាត់។ លោកសុំឲ្យសមាជិកសហគមន៍ត្រូវចូលរួមថែរក្សាស្ថានីយ និងប្រឡាយទឹកឲ្យបានគង់វង្ស ដើម្បីទុកប្រយោជន៍យូអង្វែង។ ឆ្លៀតយកឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងអំណរអរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាល និងប្រជាជនអូស្ត្រាលីដែលបាន និងបន្តជួយឧបត្ថម្ភ គាំទ្រលើការអភិវឌ្ឍវិស័យកសិកម្មប្រទេសកម្ពុជា។ ជាក់ស្តែងគម្រោងស្តីពី កម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា (CAVAC) ដែលគម្រោងនេះបាននិងកំពុងចូលរួមអនុវត្តគោលនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្មរបស់ក្រសួងយ៉ាងមានប្រសិទ្ធភាព។ គម្រោងនេះពិតជាបានចូលរួមប្រើប្រាស់សក្ដានុពលដែលមានស្រាប់សំដៅលើកកម្ពស់ផលិតភាពផលិតកម្មដំណាំស្រូវ ដើម្បីបង្កើតការងារ ធានាសន្តិសុខស្បៀង លើកកម្ពស់កម្រិតជីវភាព កាត់បន្ថយភាពក្រីក្រ និងជាពិសេសជំរុញកំណើនសេដ្ឋកិច្ចជាតិក្នុងកាល:ទេស:ដែលកម្ពុជាកំពុងប្រឈមបញ្ហាសេដ្ឋកិច្ចដោយសារជំងឺឆ្លងកូវីដ្-១៩។ ជាក់ស្តែង ដោយសារប្រឡាយទឹកនេះ ធ្វើឲ្យកសិករធ្វើស្រែបានពី ២-៣ដង និងទិន្នផលទទួលបាន ពី ៥-៨ត/ហត។ ទិន្នផលកើន ចំណូលកើន សេដ្ឋកិច្ចគ្រួសាររុងរឿង ទាំងអស់នេះគឺដោយសារសន្តិភាព (អរគុណសន្តិភាព)៕សហការី