រដ្ឋាភិបាលកម្ពុជាបានបញ្ចេញថវិកាជាតិប្រមាណ១.១៦៤លានដុល្លារអាមេរិកដើម្បីស្តារបញ្ហា​សេដ្ឋកិច្ច​និងសង្គម​ដែលរងប៉ះពាល់ដោយ​សារតែជំ​ងឺកូវីដ១៩

ក្នុងសន្និ​សីទ​សារ​ព័ត៌មាននៅ​ព្រឹក​ថ្ងៃ​ពុធ​នេះស្តី​ពី​វិធាន​ការ​របស់​រាជ​រដ្ឋា​ភិបាល​ដែល​បាន​ដាក់​ចេញ​កន្លង​មក​ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​វិបត្តិ​កូវីដ​១៩។ ​មន្រ្តី​ជាន់​ខ្ពស់​ក្រសួង​សេដ្ឋកិច្ច​បាន​អះ​អាង​ថាវិធាន​ការ​ទាំង​អស់​នេះ​ បាន​ធ្វើ​ឱ្យ​រដ្ឋា​ភិបាល​កម្ពុជា​អាច​គ្រប់​គ្រង​បាន​លើ​បញ្ហា​រីក​រាល​ដាល​នៃ​ជំងឺ​កូវីដ​១៩ ​បញ្ហា​សេដ្ឋកិច្ច​និង​បញ្ហា​សង្គម​។ ​ដើម្បី​គ្រប់​គ្រប់​បាន​លើ​បញ្ហា​ទាំង​នេះ ​រដ្ឋា​ភិបាល​កម្ពុជា​បាន​ចំណាយ​ថវិកា​ជាតិ​ជាង​១​ពាន់​ដុល្លារ​អាមេរិក​។លោកវង្សី វិស្សុតរដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានអះអាងឱ្យដឹងថា គិតមកដល់ពេលនេះ រដ្ឋាភិបាលកម្ពុជាបានបញ្ចេញថវិកាជាតិប្រមាណ១.១៦៤លានដុល្លារអាមេរិកហើយ ដើម្បីស្តារបញ្ហា​សេដ្ឋកិច្ច ​និងសង្គមដែលរងប៉ះពាល់ដោយសារតែជំងឺកូវីដ១៩។ ក្នុងនោះ ថវិកា៥៦៤លានដុល្លារអាមេរិក គឺចំណាយតាមរយៈយន្តការជាថវិការសុទ្ធ ខណៈថវិកាចំនួន៦០០លានដុល្លារអាមេរិកទៀត គឺចំណាយសង្គ្រោះការធ្វើជំនួញតាមរយៈការផ្តល់ជាឥណទាននិង ការធានាឥណទានសម្រាប់វិស័យឯកជន។ បើតាមលោកវង្សី វិស្សុតថវិកាទាំងអស់នេះ គឺបានមកពីការកាត់បន្ថយការចំណាយនានា និងថវិកាសន្សំរបស់រដ្ឋ។ក្រៅពីថវិកាទាំងនេះលោករដ្ឋលេខាក្រសួងសេដ្ឋកិច្ចក៏បានបញ្ជាក់ឱ្យដឹងផងដែរថារដ្ឋាភិបាលកម្ពុជាក៏បានចាយថវិកាបន្ថែម៣០០លានដុល្លារសម្រាប់ជំនួយសង្គម១០០លានដុល្លារសម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ និង ៦០លានដុល្លារសម្រាប់ជួយដល់វិស័យរោងចក្រកាត់ដេរជាដើម។ លោកវង្ស៊ី វិស្សុត បានហៅការចំណាយនេះថា ជាការចំណា​យពុំធ្លាប់មានរបស់រដ្ឋាភិបាល ព្រោះ​ជាការចំណាយលើសថវិកាសន្សំរបស់រដ្ឋ។ ថវិកាសន្សំរបស់រដ្ឋ គឺ៦៧៧លានដុល្លារអាមេរិកបានពីថ្នាក់ជាតិ និង ប្រមាណជាង១០០លានដុល្លារអាមេរិកបានពីថ្នាក់ក្រោមជាតិ។
គួរឲ្យដឹងដែរថាកាលពីដើមឆ្នាំ២០២០នេះរដ្ឋាភិបាលកម្ពុជាបានប្រកាសថាគ្រោងចំណាយថវិកាចន្លោះពី៨០០ទៅ២ពាន់ដុល្លារអាមេរិក ដើម្បីសង្រ្គោះផ្នែកសេដ្ឋកិច្ចដែលរងផលប៉ះពាល់ដោយសារតែការរីករាលដាលនៃជំងឺកូវីដ-១៩​។ រីឯក្រសួងសេដ្ឋកិច្ចកម្ពុជាក៏បានព្យាករណ៍រួចហើយថា នៅឆ្នាំនេះ សេដ្ឋកិច្ចកម្ពុជានឹងធ្លាក់ចុះក្រោម១.៩%(-១.៩%) ប៉ុន្តែធនាគារពិភពលោកវិញព្យាករណ៍ថា អាចធ្លាក់ក្រោម២.៩%(-២.៩%) ខណៈធនាគារអភិវឌ្ឍន៍អាស៊ីADBថា សេដ្ឋកិច្ចកម្ពុជាអាចធ្លាក់ចុះក្រោម២.៣%(-២.៣%)។ ក៏ប៉ុន្តែលោកវង្ស៊ី វិស្សុតវិញ បានលើកឡើងបន្ថែមថា សេដ្ឋកិច្ចកម្ពុជាអាចធ្លាក់ចុះដល់ក្រោម៥%(-៥%)ឯណោះ បើសិនជំងឺកូវីដ១៩នៅបន្តអូសបន្លាយ និងមានស្ថានភាពធ្ងន់ធ្ងរខ្លាំង។តែទោះជាបែបនេះក្តី មន្រ្តីជាន់ខ្ពស់រូបនេះបានអះអាងថា នៅពេលនេះ កម្ពុជាអាចគ្រប់គ្រងបានទាំងស្ថានភាពរីករាលនៃជំងឺកូវីដ១៩ ផលប៉ះពាល់មកលើផ្នែកសេដ្ឋកិច្ច និងសង្គម។ ការអាចគ្រប់គ្រងបាននេះ គឺដោយសារតែកត្តាដឹកនាំល្អរបស់សម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែនក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺនេះការដាក់ចេញគោលនយោបាយនិងវិធានការទាន់ពេលវេលាប្រកបដោយភាពហ្មត់ចត់ការចូលរួមរបស់ប្រជាពលរដ្ឋកម្ពុជានិងដោយសារតែកម្ពុជាមានមូលដ្ឋានសេដ្ឋកិច្ចរឹងមាំតាំងពីមុនការមកដល់នៃជំងឺកូវីដ១៩៕សហការី

រូប៖ក្រសួងព័ត៌មាន