ក្នុងនាមថ្នាក់ដឹកនាំនិងមន្រ្តីរាជការក្រសួងកសិកម្ម រុក្ខាប្រមាញ់​និងនេសាទ​ខ្ញុំសូមចូលរួមអប​អរសាទរពិធីរុក្ខទិវា

ថ្ងៃទី០៩ ខែកក្កដា ជាទិវាដ៏មហានក្ខត្តឬក្សដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តែងតែប្រារព្ធពិធី “រុក្ខទិវា” ជារៀងរាល់ឆ្នាំ ក្រោមព្រះរាជវត្តមានដ៏ថ្លៃថ្លារបស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតដែលព្រះអង្គទ្រង់សព្វព្រះរាជហឬទ័យឆ្លៀតព្រះវរោកាសដ៏មានតម្លៃយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតក្នុងពិធី “រុក្ខទិវា”នេះ។ ប៉ុន្តែក្នុងឆ្នាំនេះ ដោយសារហានិភ័យនៃការរាលដាលនៃជំងឺឆ្លងកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជាក៏បានសម្រេចឱ្យផ្អាកការរៀបចំព្រះរាជពិធីដ៏ឧត្តុង្គឧត្តម និងមានអត្ថន័យនេះ។ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមរំឭកជូនអំពីទស្សនវិស័យ និងព្រះរាជបញ្ញាញាណដ៏ភ្លឺស្វាងបំផុតរបស់ ព្រះករុណាព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គបានបំផុសចលនាដាំដើមឈើ ហៅថា “រុក្ខទិវា” នេះឡើងតាមរយៈព្រះរាជក្រឹត្យលេខ៧៣៨ នស.រកត ចុះថ្ងៃទី០៨ ខែសីហា ឆ្នាំ១៩៥២។ ព្រះអង្គបានបណ្តុះនូវស្មារតីដល់កូនចៅគ្រប់ៗរូបឱ្យយល់ដឹងអំពីបរិស្ថាន អត្ថប្រយោជន៍នៃព្រៃឈើ ហើយព្រះអង្គមានព្រះរាជបន្ទូលថា ”ការចូលរួមចំណែកការពារ និងថែរក្សាព្រៃឈើ ជាកាតព្វកិច្ចចាំបាច់របស់ពលរដ្ឋគ្រប់ៗរូប ហើយករណីយកិច្ចនេះ គឺតកូន តចៅ និងបានបង្កឱ្យអាកាសធាតុមានប្រក្រតីភាពជាវិជ្ជមាន ចំពោះវិស័យកសិកម្ម និងមនុស្សជាតិ”។ ផ្អែកលើចក្ខុវិស័យដ៏ត្រចះត្រចង់នេះ និងដើម្បីបន្តស្នាព្រះហត្ថដ៏ថ្លៃថ្លារបស់ ព្រះករុណាព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងឈ្លាសវៃបំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសបង្កើតឡើងវិញ នូវ “រុក្ខទិវា” តាមសេចក្តីសម្រេចលេខ ០៨ ស.ស.រ ចុះថ្ងៃទី១២ ខែមករា ឆ្នាំ១៩៩០ របស់ក្រុមប្រឹក្សារដ្ឋមន្ត្រី ដែលត្រូវប្រារព្ធឡើង នៅថ្ងៃទី៩ ខែកក្កដា ជារៀងរាល់ឆ្នាំរហូតមក ។ក្នុងនាមថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខ្ញុំសូមចូលរួមអបអរសាទរទិវា “រុក្ខទិវា” ថ្ងៃទី០៩ កក្កដា ក្នុងស្មារតីចូលរួមផ្សព្វផ្សាយនិងគ្រប់គ្រង ការពារ អភិរក្ស និងអភិវឌ្ឍន៍ធនធានព្រៃឈើឱ្យបានស្ថិតស្ថេរ និងនិរន្តរភាព សម្រាប់កូនចៅរបស់យើងទាំងអស់គ្នា។ ទន្ទឹមនឹងនេះ ខ្ញុំសង្ឃឹមថា បងប្អូនជនរួមជាតិទាំងអស់នឹងចងចាំជានិច្ចនូវព្រះរាជានុសាសន៍ដ៏ថ្លៃរបស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គទ្រង់បានលើកឡើងថា“រុក្ខទិវា”ជាពិធីមួយបានបង្ហាញឱ្យឃើញនូវទម្លាប់ដ៏ល្អប្រពៃរបស់ប្រជាជនយើងសហការសាមគ្គីគ្នា ការពារ ថែរក្សា ព្រៃឈើ និងដាំដើមឈើ ដើម្បីបរិស្ថានធម្មជាតិល្អ សម្រាប់ជាឧត្តមប្រយោជន៍របស់យើងទាំងអស់គ្នាផង និងជាការសន្សំបុណ្យកុសលដ៏ធំធេងសម្រាប់មនុស្សជាតិគ្រប់រូបផង។ជាមួយនេះ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ បណ្តាប្រទេសជាមិត្ត អង្គការជាតិ-អន្តរជាតិ និងដៃគូអភវិឌ្ឍន៍ទាំងអស់ ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការជួយអភិវឌ្ឍវិស័យកសិកម្ម នៅកម្ពុជា ពិសេសដើម្បីប្រែក្លាយជា “កសិកម្មទំនើប មានលក្ខណៈប្រកួតប្រជែង បរិយាប័ន្ន ធន់នឹងការប្រែប្រួលអាកាសធាតុ និងនិរន្តរភាព ដែលនាំដល់ការកើនឡើងប្រាក់ចំណូលគ្រួសារកសិករ ប្រកបដោយវិបុលភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជា” ៕សហការី