បរិយាយ៖២​ធ្នូ​​ជាចលនា​រំ​ដោះ​​ជាតិ​​ប្រឆាំង​​នឹង​​មេ​ដឹក​នាំ​​ដែល​​កាច់​​​ចង្កូត​​ប្រទេស​​ទៅ​​​រក​​ក្តី​​វិនាស​​អន្តរាយ

២​ធ្នូ​​១៩៧៨​ -២​ធ្នូ​ ​២០១៩ជា​ខួប​​ទី៤១​​ឆ្នាំ​​នៃ​​ចលនា​​ផ្តួល​​រំលំ​​របប​​ដឹកនាំ​​​សម្លាប់​​រង្គាល​​របស់​​ពួក​​ខ្មែរ​ក្រហម។​រណសិរ្ស​​រំដោះ​ជាតិ​​ដែល​​គាំទ្រ​​​ដោយ​​កងទ័ព​​វៀតណាម​​​បាន​​​ទទួល​​ជ័យ​ជម្នះ​​នៅ​​ថ្ងៃ​​ទី​៧​​មករា​​១៩៧៩។​៤១ឆ្នាំ​​បាន​​កន្លង​​ផុត​​ទៅ​​២​ធ្នូ​​ត្រូវ​​បាន​​គណបក្ស​​ប្រជាជន​​កម្ពុជា​​ប្រារព្ធ​​ទិវា​​រម្លឹក​​ខួប​​ជា​​រៀង​រាល់​​ឆ្នាំ​​មិន​​ដែល​​ខាន។ការ​​រម្លឹក​​ខួប​​ថ្ងៃ​​២​​ធ្នូ​​ក៏​​ជា​​សារ​​មួយ​​រម្លឹក​​អំពី​​ចលនា​រំ​ដោះ​​ជាតិ​​ប្រឆាំង​​នឹង​​មេ​ដឹក​នាំ​​ដែល​​កាច់​​ចង្កូត​​ប្រទេស​​ទៅ​​រក​​ក្តី​​វិនាស​​អន្តរាយ។​ ​​​២ធ្នូ​១៩៧៨​គឺ​ជា​ការ​ចាប់​កំណើត​នៃ​ចលនា​តស៊ូ​ដែល​មាន​ឈ្មោះ​ថា​«រណសិរ្ស​សាមគ្គី​សង្គ្រោះជាតិ​កម្ពុជា»​នៅ​ឯ​ស្រុក​ស្នួល​ខេត្ត​ក្រចេះ។ រណសិរ្ស​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​គោលដៅ​ផ្តួល​រំលំ​របប​ខ្មែរក្រហម​ដែល​បាន​សាប​​ព្រួសរបប​​វាល​​ពិឃាត​​នៅ​លើ​ទឹកដី​កម្ពុជា​ចន្លោះ​ពី​ឆ្នាំ​១៩៧៥​ដល់​១៩៧៩។ការ​កកើត​ឡើង​នៃ​រណសិរ្ស​២​ធ្នូ​អាច​បញ្ជាក់​បាន​នូវ​ទ្រឹស្តី​ដែល​ថា​«ទីណា​មាន​ការ​ជិះជាន់ ​ទីនោះ​​មាន​ការ​រើ​បង្រះ» ​សូម្បី​តែ​របប​ខ្មែរក្រហម​ដ៏​សាហាវដ៏មហា​ប្រល័យ​ក៏​គង់​នៅ​មាន​អ្នក​ហ៊ាន​ងើប​តស៊ូ​ដើម្បី​ផ្តួល​រំលំ​រហូត​បាន​ទទួល​ជោគជ័យ​ដែរ។​ រណសិរ្ស​២ធ្នូ​មិន​មែន​ជា​ចលនា​​រំដោះ​ជាតិ​លើក​ដំបូង​ទេ​សម្រាប់​ប្រទេស​កម្ពុជា​ ។ប៉ុន្តែ ​វា​ជា​ចលនា​តស៊ូ​មួយ​ដែល​ត្រូវ​បាន​​បង្កើត​ឡើង​ក្នុង​ស្ថានភាព​ដែល​ប្រទេស​ជាតិ​ធ្លាក់​ក្នុង​គ្រោះ​មហន្តរាយ​ធ្ងន់ធ្ងរ​ជាងគេ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ខ្លួន។ជាការ​ពិត​ក្រោយ​ចលនា​រណសិរ្ស​២​ធ្នូ​ឆ្នាំ​៧៨ក៏​មាន​ដែរ​ចលនា​តស៊ូ​ជាយដែន​ក្នុង​ទសវត្សរ៍​ទី​៨០​និង​៩០​ដែល​ត្រូវ​គេ​បង្កើត​ឡើង​ក្នុង​បុព្វហេតុ​រំដោះ​ប្រទេស​ជាតិ​ដូចគ្នា​។ប៉ុន្តែ ​ទីបំផុត​ទៅ ​ដំណោះ​ស្រាយ​នយោបាយ​បាន​ឈាន​ដល់​ការ​ព្រមព្រៀង​គ្នា​ដាក់​អាវុធ​និង​ជ្រើសរើស​យក​ការ​បោះឆ្នោត​ជា​ទីលាន​ប្រកួត​ប្រជែង​វិញ។ ​ការ​បោះឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ​កាលពី​ឆ្នាំ​១៩៩៣​​គឺ​ជា​របត់​នយោបាយ​ថ្មី​មួយ​សម្រាប់​កម្ពុជា។ ​វប្បធម៌​ប្រជាធិបតេយ្យ​កំពុង​ចាក់​ឬស​នៅ​លើ​ទឹក​ដី​ដែល​ធ្លាប់​តែ​ប្រយុទ្ធគ្នា​ដោយ​អាវុធ​មួយ​នេះ។
​មក​ដល់​ត្រឹម​នេះ ​គេ​អាច​និយាយ​បាន​ថា​រណសិរ្ស​ ២​​ធ្នូ​១៩៧៨​គឺ​ជា​ចលនា​តស៊ូ​រំដោះជាតិ​ដោយ​​អាវុធ​​ចុងក្រោយ​សម្រាប់​រយៈ​ពេល​៤១​ឆ្នាំ​ចុង​ក្រោយ​នេះ។ ​ដោយ​ក្រឡេក​ថយ​ក្រោយ​ទៅ​មើល​អតីតកាល​របស់​ខ្លួន​ពលរដ្ឋខ្មែរ​ជា​ច្រើន​បន់ស្រន់​សូម​ឲ្យ​ចលនា​រំដោះ​ជាតិ​ដោយ​ចុង​កាណុង​​បញ្ចប់​ត្រឹម​ចលនា​២​ធ្នូ​ឆ្នាំ​១៩៧៨​ទៅ​ចុះ​ពីព្រោះ​គ្មាន​នរណា​ម្នាក់​ចង់​ឃើញ​ប្រទេស​ជាតិ​​ធ្លាក់​ក្នុង​ភាព​វិនាសកម្ម​វឹកវរ​ជាថ្មី ​និង​ត្រូវ​បង្កើត​ចលនា​រំដោះ​ជាតិ​អ្វី​ទៀត​នោះ​ឡើយ។
ប៉ុន្តែ ​ដើម្បី​ធ្វើ​ឲ្យ​ក្តី​ប្រាថ្នា​របស់​ប្រជាពលរដ្ឋ​ខ្មែរ​បាន​សម្រេច ​ទាល់តែ​មាន​ភាព​សុខដុមរមនា​ក្នុង​ចំណោម​ពលរដ្ឋ​ ជាពិសេស​ភាព​សុខដុមរមនា​រវាង​អ្នក​នយោបាយ​តែ​ម្តង។ ​បច្ចុប្បន្ន​នេះ​កម្ពុជា​មាន​ហើយ​ការ​បោះឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ ​បាន​ស្គាល់​ហើយ​ការ​អភិវឌ្ឍន៍​ដែល​កំពុង​តែ​ប្រព្រឹត្ត​ទៅ​គ្រប់​វិស័យមាន​ហើយ​សេរីភាព​ដើរ​ហើរ​ទៅ​ណា​មក​ណា​ដោយ​សេរី​ និង​លែង​មាន​ទៀត​ហើយ​សង្គ្រាម​ស៊ីវិល។ ​ប៉ុន្តែបញ្ហា​ជាច្រើន​នៅ​តែ​បង្ក​ភាព​អាប់​អួនៅ​ក្នុង​សង្គម​នៅ​ឡើយ។ ​បញ្ហា​ដីធ្លី​ ប្រព័ន្ធ​យុត្តិធម៌ ​និង​ការ​ប្រឆាំង​អំពើ​ពុករលួយ​នៅ​តែ​ជា​ប្រធានបទ​ក្តៅ​គគុក​​នៅ​ឡើយ។ ​ទំនាស់​រវាង​បក្ស​ប្រឆាំង​និង​បក្ស​កាន់​អំណាច​ក៏​នៅ​តែ​មាន​លក្ខណៈ​ស្រួច​ស្រាល់​​យ៉ាង​ខ្លាំង។​ ថ្មីៗ​នេះ​ក៏​មាន​ការ​ផ្ទុះ​ឡើង​នូវ​សង្គ្រាម​ពាក្យ​សម្តី​បន្ទាប់​ពី​បក្ស​ប្រឆាំង​បំផុស​អំពី​ការ​ផ្លាស់ប្តូរ​អ្នក​ដឹកនាំ​ប្រទេស​តាម​រយៈ​មធ្យោបាយ​ផ្សេងៗ​។ ទាំងនេះ​បាន​នាំ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​ឬ​ក៏​ការ​នឹក​ឃើញ​ឡើង​វិញ​អំពី​រូបភាព​នៃ​អំពើ​ហិង្សា​គួរ​ឲ្យ​ព្រឺខ្លាច។
យ៉ាងណា​ក៏ដោយ ​មាន​ការ​រំពឹង​ទុក​ថា ​អ្នកនយោបាយ​ខ្មែរ​គ្រប់​និន្នាការ​នឹង​ស្រង់​បទពិសោធន៍​ពី​អតីតកាល ​ហើយ​ចៀសវាង​កុំ​ឲ្យ​ប្រវត្តិសាស្ត្រ​ច្រំដែល។ ​គឺ​ចៀសវាង​តាម​រយៈ​ធ្វើ​នយោ​បាយ​ដោយ​នាំ​ប្រទេស​ឆ្ពោះ​ទៅ​រក​ការ​អភិវឌ្ឍន៍​ដ៏​ពិតប្រាកដ​មួយ​ ដោយ​គិត​គូ​រផល​ប្រយោជន៍​ប្រទេស​​ជាតិ​ និង​ប្រជាជន​ជា​ធំ​ ហើយ​មិន​ទុក​ឲ្យ​ពួកគេ​ទទួល​រងទុក្ខ​វេទនា​ទៀត​ឡើយ។ គេ​ក៏​មាន​ជំនឿ​ដែរ​ថា​ប្រជាពលរដ្ឋ​ខ្មែរ​ក្នុង​សម័យ​ថ្មី​នេះ​ប្រាកដ​ជា​នឹង​ចូល​រួម​កាន់​ក្តាប់​ជោគ​វាសនា​ប្រទេស​ជាតិ​ដោយ​មិន​បណ្តោយ​ឲ្យ​អ្នកនយោបាយ​ធ្វើ​អ្វី​តាម​អំពើ​ចិត្ត​ទៀត​ដែរ។ ​ការ​ចូល​រួម​ធ្វើ​ឲ្យ​មាន​ភាព​សុខដុមរមនា​ក្នុង​ប្រទេស​ជា​វិធី​ល្អ​បំផុត​ដើម្បី​ចៀស​វាង​ការ​កកើត​ជាថ្មី​ចលនា​តស៊ូ​រំដោះ​ជាតិ​ដោយ​អំពើហិង្សានោះ៕ដោយ៖ចលនាសង្គម