លោកអភិបាលក្រុងបាន​ថ្កោល​ទោស​«ការ​វាយ​ប្រហា​រ​ដ៏​សែន​អា​ក្រក់»ដែលបាញ់​ស្លាប់​​ដោយ​ប៉ូលិស

អភិបាល​ក្រុងឡុងដ៍​លោក ​Sadiq Khan​បាន​ថ្កោល​ទោស​«ការ​វាយ​ប្រហារ​ដ៏​សែន​អាក្រក់»​ កាល​ពី​រសៀល​ថ្ងៃ​សុក្រ​ នៅ​លើ​ស្ពាន ​London Bridge ​ដែល​នៅ​ក្នុង​នោះ​ជន​ម្នាក់​ជាប់​សង្ស័យ​ជា​អ្នក​វាយ​ប្រហារ​មាន​កាំ​បិត​និង​ពាក់​អាវ​កាក់​គ្រឿង​ផ្ទុះ​ក្លែង​ក្លាយ​បាន​ត្រូវ​បាញ់​ស្លាប់​ដោយ​ប៉ូលិស។លោក​ Khan ​បាន​និយាយ​បញ្ជាក់​ថា​ មាន​មនុស្ស​មួយ​ចំនួន​បាន​ត្រូវ​របួស​នៅ​ក្នុង​ឧប្បត្តិហេតុ​នេះ។ លោក​ក៏​បាន​បញ្ជាក់​ដែរ​ថា​ អ្នក​នៅ​ជិត​ទីនោះ​បាន​ប្រឈម​នឹង​អ្នក​ធ្វើ​ការ​វាយ​ប្រហារ​នោះ​ ហើយ​បាន​ចាប់​ខ្លួន​បុរស​ជាប់​សង្ស័យ​នេះ​នៅ​មុន​ពួក​ប៉ូលិស​មក​ដល់។ថ្លែង​នៅ​ខាង​មុខ​ការិយាល័យ ​Scotland Yard ​កាល​ពី​ថ្ងៃ​សុក្រ ​លោក​ Khan បាន​អំពាវនាវ​ដល់​អ្នក​រស់​នៅ​ទីក្រុង​ឡុងដ៍​ឱ្យ​រួបរួម​គ្នា​ក្នុង​ការ​ប្រឈម​នឹង​ភេរវកម្ម។លោក​បាន​និយាយ​ថា «ពួក​ជន​ទាំង​ឡាយ​ណា​ដែល​ស្វះ​ស្វែង​វាយ​ប្រហារ​យើង​ និង​បំបែក​បំបាក់​យើង​នឹង​គ្មាន​ជោគជ័យ​ជា​ដាច់​ខាត»។លោក​ Khan​ ក៏​បាន​សរសើរ​ពួក​ជន​ស៊ីវិល​ដែល​បាន​ប្រឈម​នឹង​ជន​ជាប់​សង្ស័យ​នោះ​និង​ពួក​អ្នក​ឆ្លើយ​តប​ដំបូង​ដល់​ឧប្បត្តិហេតុ​នេះ​ដោយ​លោក​បាន​កត់​សម្គាល់​ថា​ «ពួក​គេ​បាន​រត់​ទៅ​រក​គ្រោះ​ថ្នាក់» ហើយ​លោក​បាន​ហៅ​ពួក​គេ​ថា​ជា​ មនុស្ស​ល្អ​ប្រសើរ​បំផុត​របស់​មនុស្សជាតិ។ពួក​ប៉ូលិសក្រុង​ឡុងដ៍​បាន​និយាយ​ថា​ ពួក​គេ​បាន​កំណត់​ថា ឧប្បត្តិ​ហេតុនេះ​ជា​ការ​វាយ​ប្រហារ​ភេរវកម្ម។លោក ​Neil Basu ​ឧបការី​ស្នងការ​ប៉ូលិស​បាន​បញ្ជាក់​ថា​ ប៉ូលិស​បាន​បាញ់​សម្លាប់​ជនសង្ស័យ​នេះ​មែន​ ។ក៏ប៉ុន្តែ​មិន​បាន​បញ្ជាក់​អំពី​ហេតុ​ផល​ដែល​នាំ​ឱ្យ​ជន​នេះ​ប្រើ​កាំ​បិត​ចាក់​មនុស្ស​ឯទៀតៗ​ទេ។​ពួក​មន្ត្រី​អង់គ្លេស​បាន​លើក​ទឹក​ចិត្ត​ពួក​សាធារណជន​ឱ្យ​ចៀស​វាង​កុំ​ទៅ​កន្លែង​កើត​ហេតុ​នេះ៕