នាយក​រដ្ឋមន្ត្រីប្រកាស​ចុះ​ចេញពី​តំណែ​​ង​នៅ​ពេល​​មាន​បា​តុកម្ម​ដ៏​ប្រល័​យជា​​ច្រើន​សបា្តហ៍

Adel Abdul-Mahdi នាយក​រដ្ឋ​មន្ត្រី​អ៊ីរ៉ាក់​និយាយ​ថា​លោក​នឹង​ដាក់​ពាក្យ​លាលែង​ចេញពី​តំណែង​នៅ​សភានៅ​ពេល​មាន​បាតុកម្ម​ដ៏​ប្រល័យ​ច្រើន​សប្តាហ៍​មក​ហើយនោះ។ក្នុងសេចក្តី​ប្រកាសរបស់​លោក ​Abdul-Mahdi ​កាល​ពី​ថ្ងៃ​សុក្រ​មាន​ឡើង​នៅ​ក្រោយ​បព្វជិត​ Shi’ite ​កំពូល​របស់​ប្រទេស​អ៊ីរ៉ាក់​បាន​អំពាវនាវ​ឱ្យ​មាន​ការ​ផ្លាស់​ប្តូរ​ពួក​មេដឹកនាំ​ប្រទេស។ មាន​មនុស្ស​យ៉ាង​តិច​ណាស់​៤០០​នាក់​បាន​ត្រូវ​សម្លាប់​ហើយ​រាប់​រយ​នាក់​ទៀត​បាន​ត្រូវ​របួស​ចាប់​តាំង​ពី​បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល​ចាប់​ផ្តើម​ធ្វើ​កាលពី​ថ្ងៃ​ទី​១ ខែ​តុលា។លោក​ Abdul-Mahdi ​បាន​និយាយ​ថា «ខ្ញុំ​នឹង​ដាក់​ជូន​សភាជា​ផ្លូវ​ការឯកសារ​សុំ​លា​លែង​ចេញ​ពី​តំណែង​នាយក​រដ្ឋមន្ត្រី​បច្ចប្បន្ន» ជា​ការ​ឆ្លើយ​តប​នឹង​ការ​អំពាវ​នាវ​របស់​បព្វជិត​នេះ។​ លោក​មិន​បាន​និយាយ​ប្រាប់​ចំៗ​ថា​តើ​លោក​នឹង​ចុះ​ចេញ​ពី​តំណែង​នៅ​ពេល​ណា​ទេ។កាល​ពី​ព្រឹ​កថ្ងៃ​សុក្រ​នៅ​ក្នុង​ការ​ទេសនា​ប្រចាំ​សប្តាហ៍​របស់​លោក​ Grand Ayatollah Ali-Sistani ​បាន​សុំ​ដល់​សភា​នៃ​ប្រទេស​អ៊ីរ៉ាក់​ឱ្យ​ពិចារណា​ជា​ថ្មី​អំពី​ការ​គាំទ្រ​របស់​ខ្លួន​ដល់​រដ្ឋាភិបាល​លោក​ Abdul-Mahdi ​នៅ​ពេល​មានអំពើ​ហិង្សា​កើន​កាន់​តែ​ខ្លាំង។ពួក​មន្ត្រី​សន្តិសុខ​និង​ពួក​មន្ត្រី​ពេទ្យ​បាន​និយាយ​ថា​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​កង​កម្លាំង​សន្តិសុខ​អ៊ីរ៉ាក់​បាន​ប្រើ​គ្រាប់​កាំភ្លើង​ពិត​ប្រឆាំង​នឹង​ពួក​បាតករ​ដែល​ភាគ​ច្រើន​គ្មាន​អាវុធ។​ ការ​បង្ក្រាប​នេះ​បាន​នាំ​ឱ្យ​មនុស្ស​យ៉ាង​តិច​ណាស់​៤០​នាក់​ស្លាប់​នៅ​ក្នុង​ថ្ងៃ​មាន​ការ​បង្ហូរ​ឈាម​ខ្លាំង​បំផុត​ចាប់​តាំង​ពី​បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋា​ភិបាល​បាន​ចាប់​ផ្តើម​ធ្វើ​កាល​ពី​ខែ​មុន។
មាន​មនុស្ស​យ៉ាង​ហោច​ណាស់​ ២៥​ នាក់​បាន​ត្រូវ​សម្លាប់​ ហើយ​ជាង​ ២០០ នាក់​ទៀត​បាន​ត្រូវ​របួស​នៅ​ពេល​កង​កម្លាំង​សន្តិ​សុខ​បាន​បាញ់​កាំ​ភ្លើង​ទៅ​លើ​ពួក​បាតុករ​ដែល​បាន​រាំង​ផ្លូវ​ និងស្ពាន​សំខាន់ៗ​នៅ​ក្នុង​ក្រុង​ Nasiriyah​ នា​ប៉ែក​ខាង​ត្បូង​៕