ព័ត៌មានជាតិ

រដ្ឋមន្រ្តីក្រសួ​ងកសិកម្មអញ្ជើញទៅបំ​ពេញបេសកកម្ម​នៅខេត្តកំពង់ចាមដើម្បីចូលរួមដាំដំឡូងមីពូជ KU50 ជានិមិត្តរូបពិនិត្យ និងវាយតម្លៃលើកា​រ​ងារបង្កបង្កើនផ​លរបស់សហគ​មន៍សម្បូរមា​នជ័យ

នៅព្រឹកថ្ងៃសៅរ៍ ៩កើត ខែជេស ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយឯកឧត្តមបណ្ឌិត ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម ព្រមជាមួយសហការី បានអញ្ជើញទៅបំពេញបេសកកម្មនៅខេត្តកំពង់ចាម ដើម្បីចូលរួមដាំដំឡូងមីពូជ KU50 ជានិមិត្តរូប ពិនិត្យ និងវាយតម្លៃលើការងារបង្កបង្កើនផលរបស់សហគមន៍សម្បូរមានជ័យ សកម្មភាពដាំដុះ និងប្រមូលផលដំណាំកសិ-ឧស្សាហកម្ម ដំណាំឈើហូបផ្លែ និងរោងចក្រផលិតជីសរីរាង្គរបស់ក្រុមហ៊ុន ឡុង ស្រេង និងពិនិត្យចំការចេករបស់ក្រុមហ៊ុន YQL ដែលកម្មវិធីទាំងនេះមានជាបន្តបន្ទាប់ដូចខាងក្រោម៖
-កម្មវិធីទី០១:
នៅកសិដ្ឋានផលិតពូជដំណាំតំបន់ដីខ្ពស់ចំការលើ ឯកឧត្តមរដ្ឋមន្រ្តី និងឯកឧត្តមប្រតិភូ ព្រមជា មួយសហការីបានអញ្ជើញមកដាំដំឡូងមីពូជ KU50 ជានិមិត្តរូបលើផ្ទៃដី ២៨ហត ក្នុងគោល បំណងទី១- ក្រើនរំលឹកដល់ប្រជាកសិករឱ្យត្រៀមលក្ខណ:សម្បត្តិឱ្យបានគ្រប់គ្រាន់ (ភ្ជួរ រាស់ដាស់ដី ត្រៀមពូជ និងជី) ដើម្បីដាក់ដាំដំឡូងមីឱ្យបានទាន់រដូវដើមឆ្នាំ ទី២-ពង្រីក និងផ្សព្វផ្សាយពូជដំឡូងមី KU50 នេះ ដែលជាពូជធន់នឹងជំងឺម៉ូសាអ៊ិច និងជាពិសេសចង់ជម្រាបជូនកសិករថា ដើម្បីទទួលបានទិន្នផលខ្ពស់ ចៀសវាងជំងឺឆ្លង យើងគួរគម្បីជ្រើសរើសពូជល្អ មានប្រភពច្បាស់លាស់ ដាក់ដាំ និងមើលថែរក្សាឱ្យបានល្អត្រឹមត្រូវតាមបច្ចេកទេស។នាឱកាសនេះ ឯកឧត្តមប្រតិភូ បានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តីជ្រាបថា ពូជនេះទិញពីវិទ្យាស្ថានអភិវឌ្ឍពូជដំឡូងមី (TTDI) ប្រទេសថៃ ដែលជាពូជដំឡូងមីធន់នឹងជំងឺម៉ូសាអ៊ិចមកធ្វើការដាំដុះ ក្នុងគោលបំណង ពង្រីកដើមពូជសម្រាប់ផ្សព្វផ្សាយបន្តដល់ប្រជាពលរដ្ឋ។ តាមរយៈលទ្ធផលដាំសាកល្បងក្នុងឆ្នាំ២០១៩ បានបង្ហាញថាពូជនេះអាចធន់នឹងជំងឺម៉ូសាអ៊ិច ដែលផលប៉ះពាល់មានកម្រិតត្រឹមតែប្រមាណ ១-៥% ប៉ុណ្ណោះ ហើយអាចផ្ដល់ទិន្នផល និងកម្រិតជាតិម្សៅខ្ពស់ ក្នុងអាយុកាលផលិតកម្មត្រឹមតែ ៨ខែ។ ដោយសារមានតម្រូវការពូជខ្ពស់ ក្នុងឆ្នាំ២០២០ អគ្គនាយកដ្ឋានកសិកម្មបានរៀបចំផែនការដាំពង្រីកពូជបន្ថែមចំនួន ១៥០ហត ហើយគិតមក ទល់បច្ចុប្បន្នសម្រេចដាំបាន ៥០ហត រួចហើយ។មានមតិសំណេះសំណាលជាមួយថ្នាក់ដឹកនាំកសិដ្ឋាន មន្ត្រីជំនាញ បុគ្គលិក កម្មករកសិដ្ឋាន ឯកឧត្តមរដ្ឋមន្ត្រីបានផ្តល់កំលាំងចិត្ត កោតសរសើរ និងវាយតម្លៃចំពោះស្មារតីទទួលខុសត្រូវ គ្រប់គ្រង ដឹកនាំកសិដ្ឋាន និងមើលថែរក្សាដីកសិដ្ឋានដែលជាកម្មសិទ្ធិរបស់រដ្ឋបានគង់វង្ស។ ដោយឡែក ចំពោះការងារបច្ចេកទេស លោកស្នើសុំឱ្យមន្រ្តីកសិដ្ឋានយកចិត្តទុកដាក់បង្កើនចំណេះដឹងបច្ចេកទេសទាក់ទងការបង្កាត់ ជ្រើសរើស បន្សុតពូជដំណាំតំបន់ដីខ្ពស់គ្រប់ប្រភេទ ដើម្បីធ្វើការផ្សព្វផ្សាយពូជដំណាំ និងបច្ចេកសេសជូនកសិករនៅទូទាំងតំបន់នេះ ធ្វើយ៉ាងណាឱ្យសាកសមទៅនឹងឈ្មោះកសិដ្ឋាន និងជាពិសេសស្របតាមការវិវឌ្ឍន៍រីកចម្រើនផ្នែកបច្ចេកវិទ្យាកសិកម្មទំនើប ដែលជួយកាត់បន្ថយកំលាំងពលកម្ម ពេលវេលា ទទួលបានប្រសិទ្ធភាពផលិត កម្ម និងសេដ្ឋកិច្ចខ្ពស់។ ចំពោះបញ្ហាជីវភាព លោកបានណែនាំឱ្យថ្នាក់ដឹកនាំ ព្រមទាំងមន្រ្តី គួរប្រើប្រាស់ដីរបស់កសិដ្ឋានឱ្យអស់សក្តានុពលផលិតពូជដំណាំ ដំណាំចំណីសត្វគោ ដើម្បីបង្កើត ចំណូល បង្កើនកម្រិតជីវភាពឱ្យកាន់តែល្អប្រសើរ។ អគ្គនាយកដ្ឋានកសិកម្ម គួរស្វែងរកដៃគូឯកជន ដើម្បីកៀរគរជំនួយជាថវិកា បច្ចេកទេស និងសម្ភារ (ជាគ្រឿងចក្រ) ដើម្បីលើកកម្ពស់ ការអនុវត្តបច្ចេកទេសកសិកម្មលើការបង្កាត់ពូជ ដាំដុះ និងប្រមូលផលឱ្យកាន់តែមានប្រសិទ្ធភាព ទំនើបទាន់សម័យ ក្នុងទិសដៅបង្កើនផលិតភាពផលិតកម្មលើផ្ទៃដីដដែល កាត់បន្ថយពលកម្ម និងចំណេញពេល៕សហការី

cns

Leave a Reply

Your email address will not be published. Required fields are marked *