ប្រមុខសន្តិសុខជាតិបញ្ជាឲ្យទប់ស្កាត់ការឆ្លងដែនខុសច្បាប់​និង​តាមចាប់​​មេខ្យល់​មកផ្តន្ទាទោសតា​មច្បាប់

ក្នុងពិធីផ្សព្វផ្សាយរបាយការណ៍ជាតិ ឆ្នាំ២០១៩និងលើកទិសដៅឆ្នាំ២០២០របស់គណៈកម្មាធិការជាតិប្រ​យុទ្ធ​ប្រឆាំងអំពើជួញដូរមនុស្សសម្តេចសខេងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅថ្ងៃពុធនេះ​បានដាក់​បទបញ្ជាឲ្យ​សមត្ថកិច្ច​តាម​ព្រំដែនបង្កើន​ការ​ទប់​ស្កាត់​ពលរដ្ឋ​ឆ្លង​ដែន​ខុស​ច្បាប់ និង​តាមចាប់​មេខ្យល់​មកផ្តន្ទាទោសតាមច្បាប់។ការ​ដាក់បទបញ្ជា​របស់​ប្រមុខ​សន្តិសុខជាតិសម្តេចស ខេងគឺបញ្ជាក់ទៅ​លើ​ការ​លួច​ឆ្លង​ដែន​ខុស​ច្បាប់​ទៅ​ប្រទេសថៃដែលអាជ្ញាធចាប់ខ្លួនបានជាបន្តបន្ទាប់មកនេះ។
បើតាម​សម្តេចស ខេងនៅពេល​ច្រក​ព្រំដែនអន្តរជាតិ​បានបិទដើម្បីទប់ស្កាត់ជំងឺកូវីដ១៩។ប៉ុន្តែនៅតាមច្រករបៀងតូចៗ នៅមានមេខ្យល់​លួចនាំមនុស្ស​ឆ្លង​ដែនខុស​ច្បាប់។ដូចនេះសម្តេចបញ្ជាឲ្យ​សមត្ថកិច្ចតាមព្រំដែន​ត្រូវ​បង្កើន​ការរឹតបន្តឹង និងតាមចាប់​មេខ្យល់​មកផ្តន្ទាទោសតាមច្បាប់។ការដែល​ពលរដ្ឋ​ខ្មែរ​លួចឆ្លង​ដែនទៅរក​ការងារ​ធ្វើនៅប្រទេសថៃ នៅតែកើតមាន បើទោះបីជាអាជ្ញាធរប្រទេសទាំងពីរបាន​បិទព្រំដែនដើម្បីទប់ស្កាត់ការរីក​រាលដាលជំងឺកូវីដ១៩ក៏ដោយ។​ជាក់​ស្តែង​នៅថ្ងៃទី​​២៧​ឧសភានេះ សមត្ថកិច្ច​បានឃាត់​ខ្លួន​ពលរដ្ឋខ្មែរចំនួន​៦នាក់​នៅខេត្ត​បន្ទាយមានជ័យ ខណៈពួកគេ​លួច​ឆ្លង​ដែន​បំណងទៅរកការងារធ្វើ​នៅខេត្តឈុនបុរី។ នៅថ្ងៃដដែលនេះ​ ការិយាល័យ​ប្រឆាំង​ការ​ជួញដូរមនុស្ស​ក៏បានឃាត់​ខ្លួន​ជន​សង្ស័យ២នាក់ ដែល​នាំក្មេងៗ​ឲ្យ​ដើរ​សុំទាន​នៅតាម​ភ្លើង​ស្តុបក្នុង​ទីក្រុងភ្នំពេញ ដោយសង្គ្រោះបានកុមារ៦នាក់ ក្នុងនោះមានទារក២នាក់៕សហការី