ភិក្ខុហ៊ុន​​ម៉ាណែតនិមន្តបិណ្ឌបា​ត្រតាមភូមិនៅស្រុកកំណើតជាមួយព្រះសង្ឃដទៃទៀតដើម្បីឧទ្ទិសកុសលជូនអ្នកឧកញ៉ា​ព្រឹទ្ធម​ហាឧបាសិកាធ​ម្មញ្ញាណវិវឌ្ឍនា​ប៊ុន ស៊ាង​លី

នៅព្រឹកថ្ងៃទី០៧ខែឧសភាឆ្នាំ២០២០នេះ ភិក្ខុហ៊ុន ម៉ាណែតបាននិមន្តបិណ្ឌបាត្រនៅតាមភូមិក្នុងស្រុកកំណើត ជាមួយព្រះសង្ឃដទៃទៀតដើម្បីឧទ្ទិសកុសលជូនអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនាប៊ុន ស៊ាងលី ដែលត្រូវជាជីដូនបង្កើត។នៅផេក របស់សម្តេចហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជាបានបង្ហោះរូបភាពភិក្ខុហ៊ុន ម៉ាណែត ដែលមានខ្លឹមសារថា«ភិក្ខុ ហ៊ុន ម៉ាណែតនិមន្តបិណ្ឌបាត្រតាមភូមិនៅស្រុកកំណើតក្នុងរយៈពេលនៃការបួសមុខភ្លើង ជូនជីដូនបន្ទាប់ពីទទួលមរណកាលទៅ»។សូមជម្រាបជូនថា អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា បានទទួលមរណភាព នៅវេលាម៉ោង ២និង១២នាទីទៀបភ្លឺ ថ្ងៃ១៣កើត ខែពិសាខ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ ក្នុងជន្មាយុ ៩៦ឆ្នាំ ដោយជរាពាធ និងត្រូវបានបញ្ចុះនៅវេលាម៉ោង ៣និង៣៣នាទីរសៀលថ្ងៃម្សិលមិញ នៅឯស្រុកកំណើតក្នុងភូមិទី២ ឃុំរការខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។តាមជីវប្រវត្តិរបស់ អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនាបានឲ្យដឹងថា អ្នកឧកញ៉ាព្រឹទ្ធ មហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ប្រសូត្រនៅថ្ងៃ១២កើត ខែពិសាខ ឆ្នាំឆ្លូវ ពុទ្ធសករាជ ២៤៦៨ ត្រូវនឹងថ្ងៃទី៤ ខែឧសភាឆ្នាំ១៩២៥ ក្នុងគ្រួសារកសិករ នៅភូមិកោះបីពៃ ឃុំកោះពីរ ស្រុក ក្រូចឆ្មារ ខេត្តកំពង់ចាម។ មានបិតានាម ឱក ប៊ុន មាតានាម ណៃ ហួត។ អ្នកឧកញ៉ា ព្រឹទ្ធមហា ឧបាសិកា ធម្មមានវិវឌ្ឍនាជាបុត្រីទី២ ក្នុងចំណោមបងប្អូន៤នាក់ ក្នុងនោះមានស្រី ៣រូបនិងប្រុសមួយរូប៕សហការី