លោកស្រី Carrie Lamបាន​និយាយ​​ថាក្រុម​ប្រឆាំង​ឈ្នះ​ឆ្នោត​បង្ហាញ​​ពី​ការ​មិន​​សប្បាយ​ចិត្ត​​ជាមួយ​រដ្ឋាភិ​បាល

កាលពី​ថ្ងៃ​អង្គារ៍លោកស្រី Carrie Lam មេដឹកនាំ​ក្រុង​ហុង​កុងបាន​និយាយ​​ថាលទ្ធផល​នៃការ​បោះឆ្នោត​មូលដ្ឋាន​ដែល​បេក្ខជន​គណបក្ស​ប្រឆាំងបាន​ឈ្នះ​អាសនៈ​ដែល​ត្រូវ​ប្រកួត​ប្រជែង​ជិត​៩០​ភាគរយ ​អាច​ជា​ការ​ឆ្លុះ​បញ្ចាំង​នៃ​ការ​មិន​សប្បាយ​ចិត្ត​ជាមួយ​រដ្ឋបាល​របស់​លោកស្រី​ ហើយ​និង​ចំណាត់​ការរបស់​រដ្ឋបាលដល់​បាតុ​កម្ម​គាំទ្រ​លទ្ធិ​ប្រជា​ធិបតេយ្យ។លោកស្រី Lam បាន​និយាយ​ទៀត​ថា ​អ្នក​បោះឆ្នោត ​បាន​សម្តែង​នូវទស្សនៈ​របស់​ពួកគេស្តី​ពី «ភាព​កម្សោយ​នៅ​ក្នុង​ការដឹកនាំ»ហើយ​និង​ការអំពាវនាវ​ម្តង​ហើយ​ម្តង​ទៀត​របស់​លោកស្រី​ឲ្យ​បញ្ចប់​បាតុកម្ម​ហិង្សា។ ​លោកស្រី​ក៏​បាន​និយាយឡើង​វិញ​ដែរ​ពី​ការ​សន្យា​កាល​ពី​ពេល​មុនៗ​របស់​លោកស្រី​ដើម្បីធ្វើ​ការ​សន្ទនា​ជា​សាធារណៈ​ដើម្បី​ដោះស្រាយ​បញ្ហា​នានា​ដូចជា​ភាព​ចលាចល ​ខណៈ​ដែល​មិន​បាន​ផ្តល់​សម្បទាន​ពិត ប្រាកដ​ណា​មួយ។​អ្នក​បោះឆ្នោត​កាលពី​ថ្ងៃ​អាទិត្យ បាន​ដាក់​ការ​ស្តីបន្ទោស​ដ៏​ភ្ញាក់​ផ្អើល​មួយ​ដល់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ​ហើយ​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​នេះ ​មាន​ន័យថា ក្រុម​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ ​នឹង​ត្រួតត្រា​ក្រុមប្រឹក្សា​ស្រុក​ចំនួន​១៧​នៃ​ក្រុម​ប្រឹក្សា​ស្រុក​ទាំងអស់​ចំនួន១៨ ​ដែល​កាល​ពីពេល​មុន​មិន​បាន​ត្រួតត្រា​ក្រុមប្រឹក្សា​ស្រុក​ណា​មួយ។ការ​បោះឆ្នោត​នេះ​ជានិមិត្តរូប​នៃ​ការ​បរាជ័យ​ដ៏​ខ្លាំង​មួយ​ដល់​កម្លាំង​ដែល​គាំទ្រ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ដែល​បាន​គ្រប់​គ្រង​នយោបាយ​ក្រុង​ហុងកុង ​ហើយ​ជា​ភស្តុតាង​នៃ​ពេល​ថ្មីៗ​នេះ​នៃការ​បន្ត​ការ​គាំទ្ររបស់​សាធារណជន​ដល់​ចលនា​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​រយៈ​ពេល​៥ខែ​ដែល​មាន​ភាព​គគ្លើន​កាន់​តែ​ខ្លាំង​ឡើងៗ។លោក Joshua Wong សកម្មជន​និស្សិត បាន​និយាយ​ក្នុង​សារ​តាម Twitter ថា «អ្នក​ស្រុក​ហុងកុង ​បាន​ចាប់ផ្តើម​និយាយ​ខ្លាំងៗ​ហើយ​និង​ច្បាស់ៗ។ សហគមន៍​អន្តរជាតិ ​ត្រូវតែ​ទទួល​ស្គាល់​ថា ​អស់រយៈ​ពេល​ជិត​៦ខែ ​មតិ​សាធារណជន​មិន​បាន​ប្រឆាំង​នឹង​ចលនា​នេះ​ទេ»៕