ពលរដ្ឋ​ហុងកុង​សម្រុក​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​សង្កាត់​ដោយគេ​មើល​ឃើញ​ជា​ទូទៅ​ថា​​ជា​ការ​ធ្វើ​ប្រជាមតិ​លើ​​ការ​តវ៉ា​ប្រជាធិ​បតេយ្យ

កាលពី​ថ្ងៃ​អាទិត្យ​ពលរដ្ឋ​ហុងកុង​ចេញ​ទៅ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​សង្កាត់​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​។ការ​បោះ​ឆ្នោត​នេះ​ត្រូវ​គេ​មើល​ឃើញ​ជា​ទូទៅ​ថា​ជា​ការ​ធ្វើ​ប្រជាមតិ​លើ​ការ​តវ៉ា​ប្រជាធិបតេយ្យ​រយៈពេល​ជាង៥ខែ​កន្លង​មក។ក្នុង​ចំណោម​អ្នក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ចំនួន ៤ លាន ១ សែន​នាក់ គេ​ឃើញ​អ្នក​បោះ​ឆ្នោត​ជា​ច្រើន​សម្រុក​ចេញ​មក​បោះ​ឆ្នោត​ដើម្បី​ជ្រើសរើស​សមាជិក​ក្រុម​ប្រឹក្សា​សង្កាត់​ចំនួន ៤៥២ នាក់។ ចលនា​ប្រជាធិបតេយ្យ​សង្ឃឹម​ថាការ​បោះ​ឆ្នោត​នេះ​អាច​ជា​ការ​បន្ថែម​សម្ពាធ​លើ​រដ្ឋាភិបាល​ហុងកុង​ដែល​គាំទ្រ​ដោយ​ចិន​ឲ្យ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ការ​តវ៉ា​ប្រជាធិបតេយ្យ​របស់​ពួកគេ។ការ​តវ៉ា​ប្រជាធិបតេយ្យ​នេះ​បាន​កើត​ឡើង បន្ទាប់ពី​មាន​ការ​តវ៉ា​ដំបូង​ប្រឆាំង​នឹង​សំណើ​ច្បាប់​បត្យាប័ន។ ការ​តវ៉ា​នេះ​នៅតែ​បន្ត ទោះបីជា​សំណើ​ច្បាប់​នេះ​ត្រូវ​បាន​មេដឹកនាំ​ទីក្រុង​ហុងកុង​អ្នកស្រី Carrie Lam ដក​ចេញ​ហើយ​ក៏​ដោយ។ អ្នក​តវ៉ា​មាន​ការ​ព្រួយ​បារម្ភ​ថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង​កំពុង​បង្កើន​ឥទ្ធិពល​របស់​ខ្លួន​លើ​ទីក្រុង​ហុងកុង។កន្លង​មក ក្រុម​ប្រឹក្សា​សង្កាត់​ត្រូវ​បាន​គ្រប​ដណ្ដប់​ដោយ​កម្លាំង​ខាង​រដ្ឋាភិបាល​ហុងកុង​ដែល​គាំទ្រ​ដោយ​ចិន។ អ្នក​បោះ​ឆ្នោត​ដែល​ចង់​បាន​ការ​ផ្លាស់ប្ដូរ​សង្ឃឹម​ថានឹង​បំបែក​ឥទ្ធិពល​គ្រប​ដណ្ដប់​នេះ។អ្នកស្រី Kwok ដែល​ជា​អ្នក​បោះ​ឆ្នោត​ម្នាក់ និយាយ​ថា៖ «ក្រុម​ប្រឹក្សា​សង្កាត់​គ្រប​ដណ្ដប់​ដោយ​ឥទ្ធិពល​រដ្ឋាភិបាល​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ។ យើង​ចង់​ជ្រើសរើស​បេក្ខជន​ប្រជាធិបតេយ្យ​បន្ថែម​ទៀត​សម្រាប់​ក្រុម​ប្រឹក្សា​សង្កាត‍់នេះ‍»៕