បទយកការណ៍៖ពលរដ្ឋនៅ​មានជំនឿរូបទីងមោងដា​ក់ខាង​មុខ​ផ្ទះជួយប​ណ្តេញខ្មោច​ព្រាយ​បិសា​ចនិង​អាសន្នរោគ

បើបងប្អូនធ្វើដំណើរពីភ្នំពេញឆ្លងកាត់ផ្លូវជាតិលេខ៦ឆ្ពោះទៅតាមបណ្តោយផ្លូវជាតិលេខ៨ចម្ងាយប្រមាណជា៦០គីឡូម៉ែត្រនឹងទៅដល់ភូមិវៃវេទឃុំរាបស្រុកពារាំងខេត្តព្រៃវែងយើងនឹងឃើញប្រជា​ពល​រដ្ឋ​នៅ​តាម​ជន​បទ​តែង​តែ​ដាក់​រូប​ទីងមោង​នៅ​តាម​មុខ​ផ្ទះ​ដើម្បី​ឱ្យ​ចៀស​ផុត​ពី​ជំងឺ​ដង្កាត់​ផ្សេងៗ​ជំងឺ​ដូច​ជា​រាគរូសឬអាសន្នរោគផ្សេងៗជាដើម។រូបសំណាកទីងមោង​ធ្វើពីចំបើងនិងកែច្នៃពីឧ​បករណ៍ផ្សេងៗជាច្រើនមានទំរង់ស្រដៀងទៅនិងរូបមនុស្សត្រូវបានអ្នកភូមិរស់នៅភូមិវៃវេទ ឃុំរាបស្ទើរគ្រប់ផ្ទះបានធ្វើយកមកចងដាក់ជាប់របងខាងមុខផ្ទះរៀងៗខ្លួន។ ដើម្បីបណ្តេញនូវខ្មោចព្រាយបិសាចដែលតែងតែនាំមកនូវជំងឺកាចសាហាវនានាដូចជាជំងឺអាសន្នរោគជាដើម ។ការអនុវត្តនូវជំនឿរបស់អ្នកភូមិបែបនេះត្រូវបានគេនិយាយថាបានធ្វើឡើងបន្ទាប់ពីកូវីដ-19ក្នុងរយៈ ពេលប៉ុន្មានខែចុងក្រោយមកនេះរាតត្បាតពិភពលោកក៏ដូចជាកម្ពុជាផងដែរ។អ្នកភូមិថាពួកគាត់បាននាំគ្នាធ្វើជារូបទីងមោងចង់ដាក់តាមរបងផ្ទះលុះដល់ពេលព្រលប់ជារៀងរាល់ថ្ងៃ គឺពួកគាត់បាននាំគ្នាដុតភ្នក់ភ្លើងនៅចំច្រកចូលពីមុខផ្ទះ ដែលជាកិច្ចធ្វើឡើងតាមជំនឿពីបុរាណ ។
ជំនឿនេះត្រូវពួកគាត់ជឿថាធ្វើឡើងក្នុងគោលបំណងដើម្បីបណ្តេញ ខ្មោច ព្រាយ បិសាច និងអំពើឧបទ្រុបចង្រៃចេញពីក្នុងភូមិខណៈកូវីដថ្មីដ៏ប្រល័យនេះធ្វើឲ្យប្រជាពលរដ្ឋព្រួយបារម្ភ។អ្នកមីងគន់ រស់នៅក្នុងភូមិវៃវេទឃុំរាបស្រុកពារាំងខេត្តព្រៃវែងដែលមុខផ្ទះមានចងរូបទីងមោងដែរនោះ បានរៀបរាប់ឲ្យដឹងថាការអនុវត្តនេះមានជំនឿថា អាចកាត់ បន្ថយបានខ្លះ នូវប្រភេទជម្ងឺអាសន្នរោគ តែក៏ត្រូវនាំអ្នកជម្ងឺទៅព្យាបាលនៅមន្ទីរពេទ្យដែរ ។ដោយ​នៅ​មុខ​ផ្ទះ​របស់​គាត់​មាន​រូប​ទីង​មោង​មួយ​ឈរ​ផ្អែក​នៅ​ជាប់​របង​ផ្ទះ ​ក្បាល​របស់​ទីងមោង​នោះ ធ្វើ​ឡើង​ពី​ចំបើង​ដោយ​មាន​គូស​ ភ្នែក​ ច្រមុះ​និង​មាត់ ​ហើយ​ពាក់​អាវ​ដៃ​វែង​ពណ៌​សខៀវនិង​ខោ​ជើង​វែង​ពណ៌​ទឹក​ប៊ិច។អ្នកមីងបាន​ឱ្យ​ដឹង​ថា គាត់​បាន​ដាក់​តាំង​រូប​ទីងមោង​នេះ​​មាន​ជំនឿ​ជឿ​ជាក់​ថា ​ការ​ ដាក់​តាំង​រូប​នេះ​ទៅ​ធ្វើ​ឱ្យ​ក្រុម​គ្រួសារ​របស់​គាត់​រស់​នៅ​សុខ​សប្បាយ​ចៀស​ផុត​ពី​ជំងឺ​ផ្សេង ។ជា​ពិសេស​ការ​ពារ​ខ្មោច​ ព្រាយ​ ឬ​អារក្ស​ ​អ្នកតា​ព្រៃ​ភ្នំ​ដែល​ចង់​យក​ជីរិត​មនុស្ស​ក្នុង​ផ្ទះ​ឬ​ក្នុង​ភូមិ។«អបិយ​ជំនឿ​ ដូចថា​ យើង​ខែ​ក្តៅ​អញ្ចឹង​ ច្រើន​ជំងឺ​វា​រាត​ត្បាត ​ដូច្នេះ​ដាក់​អញ្ចឹង​ទៅ​ខ្មោច​ ព្រាយ​បិសាច​ផ្លូវ​ងងឹត​នោះ​អាច​វា​មិន​ហ៊ាន​មក​យារ​យី​យើង​ខ្លាំង​ក្លា​នោះ​ដែរ​សក្តិ​សិទ្ធ។​ ថ្វី​ត្បិត​តែ​ យើង​ដាក់​យើង​មិន​ការ​ពារ​ដូច​ម្តេច? យើង​ត្រូវ​ការ​ពារ​ខ្លួន​យើង​អញ្ចឹង​ដែរ​ ការ​ពារ​ ការ​ពារ​ហូប​ទឹក​ក្តៅ​ កុំ​ហូប​ទឹក​ត្រជាក់​អញ្ចឹង»។ប្រជា​ពល​រដ្ឋ​មួយ​ចំនួន​បាន​ផ្តល់​ហេតុ​ផល​ពី​ការ​ដាក់​តាំង​រូប​ទីង​មោង​នៅ​មុខ​ផ្ទះ​ឬ​មុខ​របង​ផ្ទះ​ស្រដៀងៗ​គ្នា។រូប​ទីងមោង​មាន​សណ្ឋាន​ខុស​ប្លែកៗ​ពី​គ្នា​ទៅ​តាម​ការ​រៀប​ចំ​ ហើយ​ក៏​មិន​ត្រូវ​ការ​ប្រិត​ប្រៀង​រចនា​ឱ្យ​ស្អាត​នោះ​ដែរ​ ដោយ​គ្រាន់​តែ​ចំណាយ​ពេល​ប្រហែល​ជា​មិន​ដល់​ទៅ​១​ម៉ោង​ផង ក៏​អាច​ធ្វើ​រូប​ទីងមោង​នេះ​បាន​រួច​ជា​ស្រេច​ហើយ​ក៏​មិន​បាច់​ត្រូវ​ការ​ចំណាយ​ថវិកា​អ្វី​ដែល​ដោយ​រូប​ទីងមោង​នេះ​គ្រាន់​តែ​យក​ចំបើង​មក​រុំ​ពី​លើ​ឈើ​ដែល​គេ​បាន​ចង​ផ្គុំ​រួច​ជា​ស្រេច ដែល​មាន​លក្ខណៈ​ជា​ដង​ខ្លួន​ ដៃ​ ជើង​ និង​ក្បាល​បន្ទាប់មក​ គេ​យក​ខោ​អាវ​ចាស់​មក​ស្លៀក​ឱ្យ។រូប​ទីងមោង​ដែល​មាន​កម្ពស់​ប្រហែល​ជាង​១​ម៉ែត្រ​ឬ​ក៏​គេ​ហៅ​ថា​ រូប​បន្លាច​គេ​ធ្វើ​ឡើង​មាន​លក្ខណៈ​ ស្រដៀង​ទៅ​នឹង​មនុស្ស​ ហើយ​បើ​សិន​ជា​យើង​មើល​នៅ​ពេល​យប់​ទៀត​នោះ​ វា​រឹត​តែ​ដូច​ទៅ​នឹង​មនុស្ស​មែន​ទែន​ដែរ។ ក៏​ប៉ុន្តែ​មាន​លក្ខណៈ​ខុស​ទៅ​នឹង​មនុស្ស​ត្រង់​រូប​ទីងមោង​គេ​គូស​មុខ​មាត់​ឱ្យ​ឃើញ​ថា​ មាន​ភាព​អាក្រក់​និង​កាច​សាហាវ។មាន​ប្រជា​ជន​ខ្លះ​បាន​ដាក់​តាំង​រូប​ទីងមោង​នេះ​ដោយ​មិន​បាន​ដឹង​ពី​ហេតុ​ផល​ឬ​ប្រសិទ្ធ​ភាព​នៃ​រូប​នេះ​ច្បាស់​លាស់​នោះ​ទេ ​ដោយ​គ្រាន់​តែ​ធ្វើ​ទៅ​តាម​គ្នា​តែ​ប៉ុណ្ណោះ។ថ្វី​ត្បិត​មាន​អ្នក​ខ្លះ​បាន​ដាក់​តាំង​រូប​ទីងមោង​នេះ​នៅ​មុខ​ផ្ទះ​ក៏​ពិត​មែន​ តែ​ក៏​មិន​មាន​ជំនឿ​អ្វី​ទៅ​លើ​រូប​ទីងមោង​នេះ​ដែរ។ការ​ដាក់​តាំង​រូប​ទីងមោង​នេះ​គឺ​ជា​ជំនឿ​មួយ​របស់​ប្រជា​ពល​រដ្ឋ​ក្នុង​ការ​សុំ​សេចក្តី​សុខ ​ហើយ​នៅ​មាន​ជំនឿ​ផ្សេងៗ​ជា​ច្រើន​ទៀត​ដែល​ប្រជា​ពល​រដ្ឋ​ខ្មែរ​មួយ​ចំនួន​តែង​តែ​ធ្វើ​ដូច​ជា​ការ​ទៅ​វត្ត​ស្រោច​ទឹក​ ចង​ខ្សែ​ឬ​ពាក់​ខ្សែ​ចង្កេះ​ដែល​បាន​ប្រសិទ្ធី​អាគម​គាថា​ជា​ដើម។ជំនឿ​ការ​ដាក់​តាំង​រូប​ទីងមោង​នៅ​តាម​មុខ​ផ្ទះ​នេះ​គេ​សង្កេត​ឃើញ​មាន​នៅ​តែ​តាម​ភូមិ​មួយ​ចំនួន​ដែល​នៅ​ឆ្ងាយ​ពី​ទី​ក្រុង​ និង​ក្រៅ​ពី​ទី​ប្រជុំ​ជន​ខេត្ត​តែ​ប៉ុណ្ណោះ។ប៉ុន្តែយ៉ាងណាក៏ដោយជំនឿ​ដាក់​តាំង​រូប​ទីងមោង​នៅ​មុខ​ផ្ទះ​ដើម្បី​ចៀស​ផុត​ពី​ជំងឺ​ដង្កាត់​នោះ​ មាន​តាំង​ពី​រាប់​ពាន់​ឆ្នាំ​មក​ហើយ។​ ក៏​ប៉ុន្តែ​ការ​ដាក់​តាំង​នេះ​ក៏​មិន​មាន​ប្រសិទ្ធ​ភាព​ក្នុង​ការ​ការ​ពារ​ជំងឺ​អ្វី​ឡើយ។ នេះ​គ្រាន់​តែ​ជា​ជំនឿ​មួយ​ របស់​ប្រជា​ជន​ក្នុង​សម័យ​កាល​ដែល​វិទ្យា​សាស្រ្ត​មិន​ទាន់​រីក​ចម្រើន​រួម​ផ្សំ​ការ​អប់​រំ​នៅ​មាន​កម្រិត​ទាប​តែ​ប៉ុណ្ណោះ។ហើយ​រហូត​មក​ដល់​ពេល​នេះ​ប្រជា​ពល​រដ្ឋ​នៅ​តែ​មាន​ជំនឿ​ដាក់​តាំង​រូប​ទីងមោង​នេះ​ទៀត។ នេះមកពី​សេវា​សុខ​ភាព​នៅ​មិន​ទាន់​បាន​សាយ​ភាយខ្លាំង​ទៅ​ដល់​ជន​បទ​ ហើយ​ចំណែក​ការ​អប់​រំ​របស់​ប្រជា​ពល​រដ្ឋ​នៅ​មាន​កម្រិត​នៅ​ឡើយ។​ ដូច្នេះ​ជំនឿ​នេះ​នឹង​អាច​សាប​បាត់​បង់​នៅ​ពេល​ដែល​ប្រជា​ពល​រដ្ឋ​មាន​ការ​យល់​ដឹងខ្ពស់។ជាការកត់សម្គាល់បន្ទាប់ពីប្រជាព​លរដ្ឋមួយចំនួនតូចហាក់មានការភ័យខ្លាចស្លន់​ស្លោរហូតដល់មានការយល់ច្រឡំខុសអំពីអាការៈជំងឺផ្សេងៗដូចជាជំងឺផ្តា​សាយធម្មតាផ្តាសាយធំជំងឺរលាកសួតធម្មតាជំងឺរលាកផ្លូវដង្ហើមនិងអាការៈជំងឺផ្សេងៗទៅ​នឹងអាការៈវីរុសកូវីដ-១៩នោះ។អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានចេញសេចក្តីអំពាវនាវមួយឱ្យប្រជាពលរដ្ឋកម្ពុជា​ប្រើប្រាស់សេវាសុខាភិបាលមូលដ្ឋានដូចជាមណ្ឌលសុខភាពដែលនៅជិតផ្ទះនឹងបន្ត​អនុវត្តន៍នូវវិធានការប្រុងប្រយ័ត្ន!និងរក្សាអ​នាម័យឲ្យបានខ្ពស់។ឆ្លើយតបទៅនឹងការព្រួយបារម្ភ និងការភ័យស្លន់ស្លោរបស់ប្រជាពលរដ្ឋនេះដែរ។អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានរម្លឹកជាថ្មីនូវកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជា ដែលបានអនុវត្តន៍វិធានការយ៉ាងយកចិត្តទុកដាក់និងដោយហ្មត់ចត់ជាទីបំផុតក្នុងការ​បំពេញ​ភារកិច្ចការពារព្យាបាលនិងទប់ស្កាត់ការចម្លងនៃវីរុសកូវីដ-១៩នេះ៕ដោយ៖ពុតសាម៉ាត់