ក្រសួង​សុខា​ភិបាល​​ប្រកាសថាកម្ពុជា​បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវីដ-១៩ចំនួន​២នាក់​បន្ថែម​ទៀត​ដែល​​ធ្វើ​ឱ្យ​ចំនួន​សរុប​​កើន​ដល់​៨៦​នា​ក់​ហើយ

បើ​តាម​នាយក​ដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង(CDC)នៃ​ក្រសួង​សុខា​ភិបាល​ដែល​បាន​ប្រកាស​ឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​ថាកម្ពុជា​បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវីដ-១៩ចំនួន​២នាក់​បន្ថែម​ទៀត​ដែល​ធ្វើ​ឱ្យ​ចំនួន​សរុប​កើន​ដល់​៨៦​នាក់​ហើយ​នេះបើគិត​ត្រឹម​ម៉ោង​១០​ព្រឹក ថ្ងៃទី​២៣ មីនា​នេះ។ជាមួយ​នឹង​ការ​កើន​ឡើង​លឿន​គួរ​សម​នេះនាយក​ដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង (CDC) ក៏​បាន​អះអាង​ឱ្យ​ដឹង​ជា​ថ្មី​ថាមិន​ទាន់​មាន​ការ​ឆ្លង​នៅ​ក្នុង​សហគមន៍​នៅ​ឡើយ​ទេ​។អ្នកឆ្លងជំងឺកូវីដ-១៩ថ្មីទាំង២នាក់នេះ គឺម្នាក់នៅក្នុងខេត្តកំពង់ចាមនិង​ម្នាក់ទៀតនៅក្នុងខេត្តកោះកុង។ ការរកឃើញអ្នកឆ្លងថ្មីនេះកើតឡើងបន្ទាប់ពីក្រសួងសុខាភិបាលកម្ពុជាបានប្រកាសពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីដល់ទៅ៣១នាក់នៅក្នុងខេត្តព្រះសីហនុ។ ករណីឆ្លងថ្មីនេះ គឺភាគច្រើនរកឃើញនៅសណ្ឋាគារមួយ ដែលជាកន្លែងដែលជនជាតិបារាំង២នាក់ឆ្លងជំងឺកូវីដ-១៩ស្នាក់នៅ។ ក្នុងចំណោមអ្នកឆ្លងថ្មីទាំង៣១នាក់នេះ គឺមានជនជាតិបារាំង២៩នាក់ដែលភ្ញៀវទេសចរនិងជនជាតិខ្មែរចំនួន២នាក់។ ជនជាតិខ្មែរទាំង២នាក់នេះគឺ ជាអ្នកមគ្គុទេសទេសចរឱ្យក្រុមភ្ញៀវទេសចរបារាំង។បើតាមក្រសួងសុខាភិបាលកម្ពុជានៅពេលនេះជនជាតិបារាំងទាំង ២៩នាក់និងជនជាតិខ្មែរ២នាក់ដែលរកឃើញឆ្លងមេរោគកូវីដ-១៩ត្រូវបានដាក់ឱ្យនៅដាច់ដោយឡែកតាមបន្ទប់នៅក្នុងសណ្ឋាគារមួយក្នុងខេត្តព្រះសីហនុ ដើម្បីធ្វើការព្យាបាល។ សណ្ឋាគារដែលដាក់ពួកគេនេះ ត្រូវបានបិទជាបណ្តោះអាសន្នដោយមិនឱ្យមានការចេញចូលដោយគ្មានភារកិច្ចឡើយ។សូមជម្រាបជូនថា គិតទាំងអ្នកឆ្លងថ្មីនៅថ្ងៃនេះគឺកម្ពុជាមានអ្នកផ្ទុកជំងឺកូវីដ-១៩កើនឡើងដល់ចំនួន៨៦នាក់ហើយ។ ក្នុងនោះខេត្តព្រះសីហនុបាននាំមុខគេដោយមានអ្នកឆ្លងចំនួន៣៤នាក់ខេត្តកំពង់ចាម១១នាក់រាជធានីភ្នំពេញ១១នាក់ ខេត្តបាត់ដំបង៨នាក់ ត្បូងឃ្មុំ៤នាក់ ខេត្តកែប៤នាក់ កំពង់ឆ្នាំងចំនួន៣នាក់ សៀមរាប២នាក់ កោះកុង២នាក់ កំពត២នាក់ព្រះវិហារ២នាក់បន្ទាយមានជ័យ២នាក់និងខេត្តកណ្តាលម្នាក់។បើទោះបីនៅកម្ពុជាមានករណីឆ្លងជំងឺកូវីដ-១៩កើតឡើងជារៀងរាល់ថ្ងៃក៏ដោយ។ប៉ុន្តែនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង(CDC)នៃក្រសួងសុខាភិបាលបានអះអាងថា មកដល់ពេលនេះ ពុំទាន់រកឃើញភ័ស្តុតាងបញ្ជាក់ថាមានការឆ្លងក្នុងសហគមន៍នៅឡើយទេ​ តែលទ្ធភាពនឹងអាចកើតមានឡើង​។ សូមកត់សម្គាល់បន្ថែមថា ការរកឃើញអ្នកឆ្លងថ្មីចំនួន២នាក់បន្ថែមទៀតនេះ កើតឡើងចំពេលដែលក្រុមគ្រូពេទ្យជំនាញរបស់ចិនចំនួន៧នាក់និងសម្ភារៈពេទ្យមួយចំនួនផងត្រូវបានបញ្ជូនមកដល់ប្រទេសកម្ពុជាដើម្បីចូលរួមជួយប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩នេះ។ ស្ថានទូតចិនប្រចាំនៅកម្ពុជា បានបញ្ជាក់ថាក្រុមគ្រូពេទ្យជំនាញរបស់ចិននឹងពិភាក្សាអំពីបទពិសោធន៍នៃកិច្ចប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ជាមួយនឹងភាគីកម្ពុជាជួយសម្របសម្រួលកិច្ចប្រយុទ្ធប្រឆាំងនឹងជំងឺនេះនិងផ្តល់យោបល់ណែនាំជូនដល់អ្នកជំងឺក្នុងពេលព្យាបាលកូវីដថ្មីនេះ៕ដោយ៖សហការី