ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​នៅ​អង្គការ​សហប្រជាជាតិបាន​ប្រាប់​​ទៅ​​គណៈ​ប្រតិ​ភូ​​​សហ​ភាព​​អឺរ៉ុប​​ថាដំណើរ​​ការ​កាត់​​ទោស​អតីត​ប្រធាន​គណបក្ស​ប្រឆាំង​លោក​​កឹម សុខា​កំពុង​ប្រព្រឹត្ត​ទៅ​​ដោយ​រលូន​និ​ង​មា​ន​តម្លាភាព

វិទ្យុបារាំងបានចុះផ្សាយថាឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​នៅ​អង្គការ​សហប្រជាជាតិបាន​ប្រាប់​​ទៅ​​គណៈ​ប្រតិ​ភូ​​សហ​ភាព​​អឺរ៉ុប​​ថាដំណើរ​ការ​កាត់​ទោស​អតីត​ប្រធាន​គណបក្ស​ប្រឆាំង​លោក​ កឹម សុខា​កំពុង​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​និង​មាន​តម្លាភាព​។ ​ជាង​នេះ​ទៅ​ទៀត​ ការ​ចោទ​ប្រកាន់​របស់​​គណៈ​ប្រតិភូ​​សហភាព​អឺរ៉ុបនៅ​ក្នុង​កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជា​ជាតិ​​លើក​ទី​៤៣ ​មិ​ន​បាន​បរិយាយ​ត្រឹម​ត្រូវ​ពី​កម្ពុជា​សោះ​ឡើយ​។​ ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​នៅ​អង្គការ​សហប្រជាជាតិ លោ​ក ​អាន​ សុខខឿន ​បាន​ប្រាប់​ទៅ​គណៈប្រតិភូ​សហភាព​អឺរ៉ុប​នៅ​ក្នុង​កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​កាល​ពី​ថ្ងៃទី ​២៨​ កុម្ភៈ ​ថា ​ដំណើរ​ការ​កាត់​ទោស​អតីត​ប្រធាន​គណបក្ស​ប្រឆាំង​លោក​ កឹម សុខា ​កំពុង​ប្រព្រឹត្ត​ទៅ​ដោយ​រលូន ​និង​មាន​តម្លាភាព​។ ​ប៉ុន្តែ​អ្នក​ឃ្លាំមើ​ល​សវនាការ​មក​ពី​អង្គការ​សង្គម​ស៊ីវិល ​លោក​ សាំង ​សែនករុណា ​មិន​បង្ហាញ​ការ​ភ្ញា​ក់​ផ្អើ​ល​ ចំពោះ​សេចក្តី​ថ្លែងការណ៍​របស់​តំណាង​កម្ពុជា​នៅ​អង្គការ​សហប្រជាជាតិ​នេះ​ឡើយ​។ការ​ចេញ​មក​បញ្ជាក់​របស់​ឯកអគ្គរាជ​ទូត​កម្ពុជា​ប្រចាំ​នៅ​អង្គការ​សហប្រជាជាតិ​យ៉ាង​ដូច្នេះ ​គឺ​​ជា​ការ​ឆ្លើយតប​ទៅ​នឹង​របាយការណ៍​របស់​គណៈប្រតិភូ​សហភាព​អឺរ៉ុប​តំណាង​ដោយ​ប្រទេស​អូស្ត្រាលី ​និង​បារាំង ​នៅ​ក្នុង​កិច្ច​ប្រជុំ​លើកទី​៤៣​នៃ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ ​នៅ​ទី​ក្រុង​សឺណែវ​ប្រទេស​ស្វីស កាលពី​ថ្ងៃទី ​២៨​ កុម្ភៈ​​​។ ​គណៈប្រតិភូ​សហភាព​អឺរ៉ុប​តំណាង​ដោយ​ប្រទេស​អូស្ត្រាលី ​និង​បារាំង ​ដែល​បាន​អំពាវ​នាវ​ជា​ថ្មី​ម្តង​ទៀត ​ឲ្យ​អាជ្ញាធររដ្ឋាភិបាល​កម្ពុជា ​ស្តា​លទ្ធិប្រជាធិបតេយ្យ ​និង​បើក​លំហ​សេរីភាព​នយោបាយ ​អង្គការ​សង្គម​ស៊ីវិល ​សេរីភាព​សារព័ត៌មាន ​ព្រមទាំង​ដោះលែង​សកម្មជន​អតីត​គណបក្ស​ប្រឆាំង​ទាំងអស់​អោយ​មាន​សេរីភាព​ឡើង​វិញ​។ ​ក៏​ប៉ុន្តែ​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​នៅ​អង្គការ​សហប្រជាជាតិ ​លោក ​អាន ​សុខខឿន ​បាន​ប្រើប្រាស់​សិទ្ធិ​ក្នុង​ការ​ឆ្លើយតប​របស់ក​ម្ពុជា​ថា ​របាយការណ៍​ដែល​លើក​ឡើង​ដោយ​គណៈប្រតិភូ​សហភាព​អឺរ៉ុប​តំណាង​ដោយ​ប្រទេស​អូស្ត្រាលី ​និង​បារាំង​នេះ ​គឺ​មិន​បាន​បរិយាយ​ត្រឹមត្រូវ​ពី​ស្ថានភាព​កម្ពុជា ​តាម​រយៈ​សេចក្តី​ថ្លែងការណ៍​លម្អៀង ​ជា​របាយ​ការណ៍​ដែល​លើក​ឡើង​តែ​មួយ​ជ្រុង ​និង​ជា​របាយការណ៍​ដែល​ធ្វើ​ឡើង​ក្រោម​ហេតុផល​នយោបាយ ​និង​ស្តង់​ដារពីរ​។ ​នៅ​ក​ម្ពុជា ​គ្រប់​គណបក្ស​នយោបាយ ​អង្គការ​សង្គម​ស៊ីវិល ​និង​ប្រព័ន្ធផ្សព្វផ្សាយ​ទាំងអស់ ​ដែល​គោរពច្បាប់ ​អាច​ធ្វើ​ប្រតិបត្តិការ​ដោយ​សេរី ​លើក​លែង​តែ​ស្ថាប័ន​ប្រព្រឹត្ត​ខុស​ច្បាប់​ទេ ​ដែល​ត្រូវ​បាន​ហាម​ឃាត់។​ ​នេះ​គឺ​ជា​ការ​ឆ្លើយ​តប​របស់ឯ​កអគ្គរាជទូត​កម្ពុជា​ប្រចាំ​នៅអ​ង្គការ​សហប្រជាជាតិ ​លោក​ អាន​ សុខខឿន​។​
យ៉ាង​ណាក៏​ដោយ​ សម្រាប់​លោក ​សាំង ​សែនករុណា ​អ្នក​នាំពា​ក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ​លោក​មិន​ភ្ញាក់​ផ្អើល​ឡើយ ​ចំពោះ​សេចក្តី​ថ្លែងការណ៍​របស់​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំនៅ​អង្គការ​សហប្រជាជាតិនេះ​។ ​ប៉ុន្តែ​អ្វី​ជា​ការ​ចោទ​សួរ ​ថា​តើ​សវនាការ​នេះ ​នឹង​មាន​ការ​ជឿទុក​ចិត្ត​កម្រិ​ត​ណា​សម្រាប់​សាធារណជន​ជាតិ ​និង​អន្តរជាតិ​។ ​ចំណែក​លោក​ ផែន ហេង​ មេធាវី​ការពា​រក្តី​លោក ​កឹម​ សុខា ​បាន​កត់​សំគាល់​ដែរ​ថា ​សវនាការ​កាត់​ទោស​លោក ​កឹម សុខា ​រយៈពេ​ល​កន្លង​មក​នេះ ​គឺ​ពោពេ​ញ​ដោយ​វិមតិ​សង្ស័យ​។ ​នៅ​ក្នុង​សវនាការ​កាត់​ទោស​ចុង​ក្រោយ​នៅ​ក្នុង​សប្តាហ៍​នេះ ​លោក​និង​ក្រុម​មេធាវី​លោក ​កឹម សុខា ​បាន​ស្នើ​សុំ​ជា​ថ្មី​ម្តង​ទៀត ​ឲ្យ​តុលាការ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​លើលោ​ក ​កឹម សុខា ​តែម្តង៕ដោយ៖សហការី