ឯកឧត្តមវេង សាខុ​ននិង​លោកជំទាវចុះមូលដ្ឋានដើម្បីពិនិត្យតាមដានការងារទាំងវិស័យអាណាចក្រនិងពុទ្ធចក្របញ្ហា ជីវភាព សេចក្តីសុខ ចម្រើន ទុក្ខលំបាក សេចក្តីត្រូវការនិងចូល​រួម​គិតគូដោះស្រា​យជូនប្រជា​ពលរដ្ឋ

ដូចសព្វមួយដង រៀងរាល់ថ្ងៃសម្រាកចុងសប្តាហ៍ ឯកឧត្តម វេង សាខុន និងលោកជំទាវ ព្រមជាមួយសហការី តែងតែចុះមូលដ្ឋានក្នុងនាមឯកឧត្តមជាប្រធានក្រុមការងាររាជរដ្ឋាភិបាល និង ជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ ស្រុកកំពង់សៀម និងស្រុកជើងព្រៃ ខេត្តកំពង់ចាម ដើម្បីពិនិត្យតាមដានការងារទាំងវិស័យអាណាចក្រ និងពុទ្ធចក្រ បញ្ហា ជីវភាព សេចក្តីសុខ ចម្រើន ទុក្ខលំបាក សេចក្តីត្រូវការ និងចូលរួមគិតគូដោះស្រាយជូនប្រជា ពលរដ្ឋជាបណ្តើរៗតាមលទ្ធភាព ពេលវេលា និងធនធាន ធ្វើយ៉ាងណាអភិវឌ្ឍន៍មូលដ្ឋានដែល លោកទទួលបន្ទុកឱ្យមានការរីកចម្រើន ស្របតាមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់ រាជរដ្ឋាភិបាល និងបរិបទនៃកំណើនសេដ្ឋកិច្ច។ ជាក់ស្តែងថ្ងៃសៅរ៍ម្សិលមិញលោកបានប្រគល់ផ្ទះសប្បុរសធម៌ ០២ ខ្នងជូនពលរដ្ឋទីទាល់ក្រ និងសម្ពោធទំនប់ និងទ្វារទឹក នៅស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ដោយឡែក នាព្រឹកថ្ងៃអាទិត្យ ៨រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ២០២០ នេះ ឯកឧត្តមប្រធានបានអញ្ជើញមកសម្ពោធឆ្លងកុដិ និងសមិទ្ធផលផ្សេងៗទៀតក្នុងវត្តគិរីមានជ័យ ហៅវត្តពន្លាក ស្ថិតនៅភូមិពន្លាក ឃុំចុងជាច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដែលពិធីនេះមានការចូលរួមពីសំណាក់ឯកឧត្តមប្រធាន អនុប្រធានក្រុមការ ងារចុះជួយឃុំ អភិបាលស្រុក ឃុំ ភូមិ សមាជិកក្រុមប្រឹក្សាស្រុក ឃុំ ព្រះសង្ឃ តាជី យាយជី និងប្រជាពលរដ្ឋចំណុះជើងវត្តប្រមាណ ៥០០នាក់។
ឆ្លៀតយកឱកាសដែលបានមកជួបជុំបងប្អូនពុទ្ធបរិស័ទចំណុះជើងវត្តពន្លាក តាជី យាយជី នាពេលនេះ ឯកឧត្តមបានធ្វើការសំណេះសំណាលដោយបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោនាយករដ្ឋមន្រ្តី សម្តេចកិត្តិព្រឹត្តបណ្ឌិត សម្តេចមហាពញាចក្រី និងសម្តេចវិបុលសេនាភក្តី ដែលសម្តេចតែងតែគិតគូពីសុខទុក្ខ ខ្វល់ខ្វាយចេញពីដូងចិត្តចំពោះបញ្ហាជីវភាពរបស់បងប្អូនគ្រប់ពេលវេលា បើទោះបីសម្តេចមិនបានអញ្ជើញមកជួបសំណេះសំណាលជាមួយបងប្អូនដោយផ្ទាល់ដោយសារជាប់រវល់កិច្ចការប្រទេសជាតិ ប៉ុន្តែទឹកចិត្តគោរព ស្រឡាញ់គិតគូនិងក្តីបារម្ភគ្រប់បែបយ៉ាងរបស់សម្តេចមកលើប្រជាពលរដ្ឋនៅទូទាំងប្រទេស និងជាពិសេសនៅស្រុកតំបែរ ឃុំចុងជាច គ្រប់ពេលវេលា។ សម្តេចបានជូនពរឱ្យបងប្អូនប្រជាពលរដ្ឋគ្រប់ៗក្រុមគ្រួសារនៅទីនេះ និងនៅទីជិតឆ្ងាយឱ្យជួបតែពុទ្ធពរទាំង៤ ប្រការកុំបីឃ្លៀងឃ្លាតឡើយ។ខ្លឹមសាររួមនៃពិធីសំណេះសំណាល ឯកឧត្តមបានជម្រាបជូនបងប្អូនអំពីដំណើរការវិវឌ្ឍន៍រីក ចម្រើនរបស់ប្រទេសជាតិពីដំណាក់កាលមួយ មកដំណាក់កាលមួយ រហូតមកទល់បច្ចុប្បន្ន គឺចាប់ផ្តើមកសាងប្រទេសពីបាតដៃទទេរ ហេដ្ឋរចនាសម្ព័ន្ធសំខាន់ៗត្រូវបានបំផ្លាញ អសន្តិសុខសង្គម ស្បៀង មកជាប្រទេសមានសុខសន្តិភាព ស្ថិរភាពនយោបាយ ស្ថិរភាពកំណើនសេដ្ឋកិច្ច សន្តិសុខស្បៀង។ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោហ៊ុន សែន ជានាយករដ្ឋមន្រ្តី បានខិតខំប្រឹងប្រែងយកអស់កំលាំងកាយចិត្ត ប្រាជ្ញាស្មារតីដឹកនាំប្រទេសប្រកបដោយឆន្ទ: និងឧត្តមគតិធ្វើយ៉ាងណាបន្តជំរុញការអភិវឌ្ឍន៍ប្រទេសជាតិ
ឆ្លើយតបតាមសេចក្តីត្រូវការរបស់ប្រជាជនដែលចេះតែកើនឡើងជាលំដាប់ពីមួយថ្ងៃទៅមួយថ្ងៃ។ ហេតុនេះហើយ រាជរដ្ឋាភិបាលបានដាក់ចេញនូវកម្មវិធីគោលនយោបាយ និងយុទ្ធសាស្រ្តចតុ កោណដំណាក់កាលទី៤ ក្នុងទិសដៅខិតខំជំរុញ និងពន្លឿនការអភិវឌ្ឍន៍លើគ្រប់វិស័យជាជំហានៗសមស្របតាមពេលវេលា និងធនធានរបស់ជាតិយើងដើម្បីឈានឆ្ពោះទៅសម្រេចចក្ខុវិស័យនៃការប្រែក្លាយកម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នាឆ្នាំ២០៣០ និងកម្រិតខ្ពស់នាឆ្នាំ២០៥០។ឆ្លងចូលកម្មវិធីនាព្រឹកនេះ ឯកឧត្តមប្រធានបានថ្លែងអំណរគុណជាអនេកជូនចំពោះសប្បុរសជនគ្រប់មជ្ឈដ្ឋាន ទីជិតឆ្ងាយ ព្រះចៅអធិការ បងប្អូនពុទ្ធបរិស័ទ សមាជិកក្រុមការងារ អាជ្ញាធរមូល ដ្ឋាន ដែលបានរួមគ្នាជាកំលាំងកាយ ចិត្ត និងថវិកាផ្ទាល់កសាងកុដិ និងសមិទ្ធផលផ្សេងៗទៀត សរុបទឹកប្រាក់ជាង ៨ ម៉ឺនដុល្លារ ដាក់សម្ភោធឱ្យប្រើប្រាស់បម្រើឱ្យវិស័យព្រះពុទ្ធសាសនាតរៀងទៅ និងសូមទទួលយកកុសលផលបុណ្យតាមសទ្ធារៀងៗខ្លួន។ ជាទីបញ្ចប់ឯកឧត្តមប្រធានបានសំណូមពរឱ្យសមាជិក សមាជិកាក្រុមការងារថ្នាក់ជាតិចុះជួយស្រុក ឃុំ ភូមិ អាជ្ញាធរមូលដ្ឋាន និងកងកំលាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ ជាពិសេសបងប្អូនប្រជាពលរដ្ឋមេត្តាបន្តថែរក្សាសុខសន្តិភាព សណ្តាប់ធ្នាប់សង្គមឲ្យបានល្អ បន្តចូលរួមគាំទ្ររាជរដ្ឋាភិបាលដើម្បីបន្តដឹកនាំប្រទេសជាតិឱ្យមានការអភិវឌ្ឍន៍ (អរគុណសន្តិភាព)។ ដោយរដូវប្រាំងបានចូលមកដល់លោកបានផ្តាំផ្ញើប្រជាពលរដ្ឋឱ្យប្រើប្រាស់ទឹកដោយប្រុងប្រយ័ត្នក្រែងខ្វះខាតទាំងមនុស្ស និងសត្វពាហន: និងជាពិសេសរដូវក្តៅតែងតែមានកើតជំងឺផ្សេងៗ ពិសេសក្មេងៗ និងមនុស្សចាស់ ត្រង់ចំណុចនេះលោកសូមឱ្យបងប្អូនយើងត្រូវបង្កើនស្មារតីយកចិត្តទុកដាក់អំពីសុខភាព ដោយត្រូវធ្វើអនាម័យខ្លូនប្រាណ និងលំនៅឋានជាប់ជាប្រចាំ អាហារ និងទឹកផងដែរ៕ដោយ៖សហការី