លោកសម រង្ស៊ី៖សេចក្តី​សម្រេច​រ​បស់​សហភាព​អឺរ៉ុប​ដែល​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធEBA ពី​កម្ពុជាបែប​នេះ​គឺ​ជា​សំណាង​ល្អ​ទៅ​វិញ​ទេសម្រាប់​ឲ្យ​ប្រទេស​កម្ពុ​ជា​មា​ន​ឱកាស​ធ្វើ​ការ​កែ​​ទម្រង់​ចាំ​បាច់​​ជា​បន្ទាន់​

កាលពី​ថ្ងៃ ១២ កុម្ភៈលោក សម រង្ស៊ី ដែល​កំពុង​នៅ​ក្រៅ​ប្រទេសទើប​តែ​បញ្ចេញ​ប្រតិកម្ម​ផ្ទាល់​ខ្លួន​លោក​ទាក់​ទង​នឹង​សេចក្តី​សម្រេច​របស់​សហភាព​អឺរ៉ុប​ដែល​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា​តែ​២០​ភាគ​រយ​។ បើ​តាម​មេ​ដឹក​នាំ​គណ​បក្ស​ប្រឆាំង​រូប​នេះ ​សេចក្តី​សម្រេច​របស់​សហ​ភាព​អឺរ៉ុប បែប​នេះ​គឺ​ជា​សំណាង​ល្អ​ទៅ​វិញ​ទេសម្រាប់​ឲ្យ​ប្រទេស​កម្ពុជា​មាន​ឱកាស​ធ្វើ​ការ​កែ​ទម្រង់​ចាំ​បាច់​ខ្លះៗ​ ជា​បន្ទាន់​។​ដោយ​យល់​ថា​ជា​សំណាង​ល្អ​ទៅ​វិញ​ទេ ចំពោះ​ការ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​EBA​ពី​កម្ពុជា​តែ​២០​ភាគ​រយ​នោះ លោក សម រង្ស៊ី បាន​លើក​ឡើង​ពី​គន្លឹះ​ចាំ​បាច់​មួយ​ដែល​ត្រូវ​តែ​ដោះ​ស្រាយ​បញ្ហា​​បាត់​បង់​ផល​ប្រយោជន៍​ផ្នែក​ខ្លះ​នៃ​EBA​។ ​ ការ​លើក​កម្ពស់ ផលិត​ភាពនៃ​ឧស្សា​ហកម្ម​របស់​កម្ពុជា ដែល​ត្រូវ​ផលិត​ទំនិញឲ្យ​មាន​គុណ​ភាព​ល្អ ក្នុង​តម្លៃ​ទាប​សម​រម្យ គឺ​ត្រូវ​បាន លោក សម រង្ស៊ី ចាត់​ទុក​ថាជា​ការ​លើក​កម្ពស់លទ្ធភាព​ប្រកួត​ប្រជែង​របស់​កម្ពុជា​លើ​ទីផ្សារ​អន្តរ​ជាតិ​ឆ្លើយ​តប​នឹង​បញ្ហា​EBA​។នេះ​ជា​ប្រតិកម្ម​បន្ថែម​ទៅ​លើ​សេចក្តី​ថ្លែងការណ៍​របស់​អតីតគណបក្សសង្រ្គោះជាតិ​កាល​ពីថ្ងៃទី១៣​កុម្ភៈគឺក្រោយមួយ​ថ្ងៃ​នៃ​សេចក្តី​សម្រេច​របស់​អឺរ៉ុប​ទាក់​ទង​EBA ​ដែល​CNRP​ថា​បាន​ទុក​ពេល​គ្រប់​គ្រាន់​ឲ្យ​កម្ពុជា​មាន​ការ​កែ​ប្រែ​ស្ថាន​ការណ៍​ឡើងវិញ​។​ប៉ុន្តែ​មេដឹក​នាំ​គណ​បក្ស​ប្រឆាំង​រូប​នេះ មិន​ភ្លេច​លើក​ឡើង​ឡើយ។ពី​ការ​ចាំបាច់​ត្រូវ​តែ​បំបាត់​អំពើ​ពុក​រលួយ​គ្រប់​ជាន់​ថ្នាក់ដែល​ធ្វើ​ឲ្យ​តម្លៃ​ទំនិញ​របស់​កម្ពុជា​​ថ្លៃលើស​គេ ហើយ​ត្រូវ​តែ​កែ​លម្អ​ប្រព័ន្ធ​សុខា​ភិបាល ប្រព័ន្ធ​អប់រំ និង​ប្រព័ន្ធ​សង្គម​កិច្ច ព្រម​ទាំង​សេវាសា​ធារណៈ​ទាំង​អស់ ដែល​សព្វ​ថ្ងៃ មាន​ភាព​រយីក​រយាក ហើយ​មិន​អាច​បម្រើ​សេចក្តី​ត្រូវ​ការ​របស់​ប្រជាពលរដ្ឋ​បាន​ឡើយ​។ នេះ​បើ​តាម លោក សម រង្ស៊ី។ លើស​ពី​ការ​ប្រឆាំង​អំពើ​ពុក​លួយ លោក សម រង្ស៊ី លើក​ឡើង​ថា ការ​តម្រូវ​ឲ្យ​មាន​លទ្ធិ​ប្រជាធិប​តេយ្យ​រឹង​មាំ​នៅ​កម្ពុជា គឺ​ជា​ការ​ចាំ​បាច់​ក្នុង​បញ្ចប់ការរំលោភសិទ្ធិ​មនុស្សដ៏​ធ្ងន់​ធ្ងរ ក្រោម​រដ្ឋាភិបាល​សម្តេចហ៊ុន សែន។ទោះ​ជា​ការ​សម្រេច​របស់​សហភាព​អឺរ៉ុប​ផ្នែក​លើ​គុណ​តម្លៃ​និង​គោល​ការណ៍​សិទ្ធិ​មនុស្ស​ក៏ដោយ តែ​ក្រសួង​ការ​បរទេស​កម្ពុជា​វិញ បាន​ចាត់​ទុក​សេចក្តី​សម្រេច​នោះ​ថា​ត្រូវ​បាន​ជំរុញ​ដោយ​ហេតុ​ផល​នយោ​បាយ ដែល​គ្មាន​ការ​ពិចារ​ណា​ដោយ​សត្យា​នុម័ត និង​គ្មាន​ភាព​លំអៀង​។ យ៉ាង​ណាក៏​ដោយ ក្រសួង​ការបរទេស​អះអាង​ថាកម្ពុជា​នៅ​តែ​ប្តេជ្ញា​ចិត្ត​ពង្រឹង​ទំនាក់​ទំនង​របស់​ខ្លួន​ជា​មួយ​សហភាព​អឺរ៉ុប​បន្ថែម​ទៀត ដោយ​ឈរ​លើ​ស្មារតី​គោរព​គ្នានិង​ទទួល​បាន​ផល​ប្រយោជន៍​ទៅ​វិញ​ទៅ​មក​៕ដោយ៖សហការី