ជប៉ុនបានសម្រេចផ្ដល់សម្ភារបរិក្ខារពេទ្យដ​ល់កម្ពុជាដើម្បីប្រយុ​ទ្ធប្រឆាំងវីរុសកូរ៉ូ​ណាប្រភេទថ្មី

សេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជាបានឲ្យដឹងថារដ្ឋាភិបាលជប៉ុនបានសម្រេចផ្តល់ជូនព្រះរាជាណាចក្រកម្ពុជានូវសម្ភារបរិក្ខារពេទ្យដែលរួមមានអាវបំពង់៩,៣៦០សម្រាប់ អាកុលសម្អាតដៃ៤៨០ វ៉ែនតាការពារសុវត្ថិភាព៥៤០ និង​ស្រោមដៃ២៤,៤០០គូ ដើម្បីប្រយុទ្ធប្រឆាំងនឹងការឆ្លងវីរុសកូរ៉ូណាប្រភេទថ្មី។ ក្នុងសេចក្ដីប្រកាសបានបញ្ជាក់ថា ការផ្តល់សម្ភារ​ បរិក្ខារទាំងនេះ ក្នុងសន្និធិ ASEF ដល់​ព្រះរាជាណាចក្រកម្ពុជាជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ក្នុងការប្រយុទ្ធប្រឆាំង​នឹងការ​ឆ្លងវីរុសកូរ៉ូណាប្រភេទថ្មី នៅលើសកលលោក។ សម្ភារទាំងនេះ​គឺជាផ្នែកមួយនៃឧបករណ៍​ការពារខ្លួនដែលមូលនិធិអាស៊ី-អឺរ៉ុប(ASEF)បានស្ដុកទុកក្រោមការឧបត្ថម្ភរបស់រដ្ឋាភិបាល​ជប៉ុន។ ស្ថានទូតជប៉ុនបានបន្ដថាសម្ភារទាំងនេះនឹងត្រូវបានផ្ញើមកដល់​កម្ពុជាពីឃ្លាំងនៅ​ប្រទេសសិង្ហបុរីដោយមានការសម្របសម្រួលពីការិយាល័យអង្គការសុខភាពពិភពលោកប្រចាំតំបន់ប៉ាស៊ីហ្វិចខាងលិច(WPRO)។ ជាមួយគ្នានេះ ការលើកស្ទួយកិច្ចសហប្រតិបត្តិការអន្តរ​ជាតិនេះគឺមិនអាចខ្វះបានដើម្បីការពារការរីករាលដាល​ថែមទៀតនៃការឆ្លងវីរ៉ុសកូរ៉ូណា​ប្រភេទថ្មី។ លើសពីនេះទៀត ប្រទេសជប៉ុនចង់ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយ​ប្រទេស​កម្ពុជា។ មូលនិធិអាស៊ី-អឺរ៉ុប (ASEF) ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៦នៅប្រទេសសិង្ហបុរី ជាអង្គភាពអចិន្ត្រៃន៍មួយនៃកិច្ចប្រជុំអាស៊ី-អឺរ៉ុប(ASEM) ដែលមានសកម្មភាពជាច្រើនផ្ដោត​ទៅលើវិស័យវប្បធម៌-សង្គមជាដើម៕ដោយ៖សហការី