ឯកឧត្តមវេង សាខុននិងលោកជំទាវរួមជាសមាជិកក្រុមការងារថ្នាក់ជាតិ ថ្នាក់ខេត្ត ស្រុកនិងឃុំបាន​អញ្ជើញមកប្រគ​ល់ផ្ទះសប្បុរសធម៌​ទី១១

នៅរសៀលថ្ងៃដដែល ឯកឧត្តម វេង សាខុន ប្រធានក្រុមការងាររាជរដ្ឋាភិបាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ ស្រុកកំពង់សៀម និងស្រុកជើងព្រៃ ខេត្តកំពង់ចាម និងលោកជំទាវ រួមជាសមាជិកក្រុមការងារថ្នាក់ជាតិ ថ្នាក់ខេត្ត ស្រុក និងឃុំបានអញ្ជើញមកប្រគល់ផ្ទះសប្បុរសធម៌ទី១១ ជូនលោកយាយ យិន ពាង (រស់នៅគ្មានទីពឹង) រួមទាំងបច្ច័យ និងគ្រឿងឧបភោគ បរិភោគជូនប្រជាពលរដ្ឋក្រីក្រមួយចំនួនទៀតនៅភូមិទី២ ឃុំកោះ សំរោង ស្រុកកំពង់សៀម។ ផ្ទះនេះត្រូវបានឯកឧត្តមប្រធានក្រុមការងារ និងលោកជំទាវ ព្រះមុនីសោភ័ណ ប៊ត តាំងឆេង ព្រះនាគមុនីព្រះមេគណខេត្តកំពង់ចាម ព្រះសទ្ធម្មញណ គង់ វិច្ឆិកា ព្រះអនុគណ ស្រុកកំពង់សៀម ឯកឧត្តម ចាន បូរិន និងលោកជំទាវ ឯកឧត្តមអ៊ុន ចាន់ដា អភិបាល នៃគណអភិបាលខេត្ត លោកអភិបាលស្រុក ក្រុមប្រឹក្សាស្រុក ឃុំ លោកប្រធានមន្ទីរកសិកម្មខេត្ត និងសប្បុរសជនជិតឆ្ងាយបានជួយឧបត្ថម្ភថវិកាចំនួនជាង ៨,៥លានរៀល សម្រាប់ធ្វើការកសាងផ្ទះថ្មីមួយខ្នងនេះ។ ម្ចាស់ផ្ទះថ្មីនេះ មិនខុសពីម្ចាស់ផ្ទះមុនៗឡើយ បានសម្តែងនូវទឹកចិត្តរំភើបអស់ពីដួងចិត្ត និងសប្បាយរីករាយឥតឧបមាចំពោះអំណោយដ៏ថ្លៃថ្លានេះ ហើយគ្មានអ្វីតបស្នងក្រៅពីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះម្ចាស់អំណោយទាំងអស់ដែលមានសណ្តានចិត្តមនុស្សធម៌ដ៏ប្រពៃផ្លៃផ្លានេះ។ជារួមខ្លឹមសារនៃពិធីសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋដែលអញ្ជើញមកចូលរួមអប អរសាទរលោកយាយនាពេលនេះឯកឧត្តមប្រធានបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីប្រមុខរាជរដ្ឋាភិបាល សម្តេចប្រធានរដ្ឋសភា ព្រឹទ្ធសភា មកជូនបងប្អូនឃុំកោះសំរោងទាំងមូល និងសូមចូលរួមអបអរសាទរលោកយាយផងដែរដែលទទួលបានផ្ទះថ្មី ហើយប្រមុខរាជរដ្ឋាភិបាលបានជូនពរឲ្យលោកយាយ និងបងប្អូនប្រជាពលរដ្ឋយើងជួបតែពុទ្ធពរទាំង៤ ប្រការគ្រប់ៗគ្នា។ បន្ទាប់មកលោកក៏បានជម្រាបជូនបងប្អូនអំពីដំណើរការអភិវឌ្ឍន៍របស់ប្រទេសជាតិ ស្ថានភាពសេដ្ឋកិច្ច នយោបាយ និងសង្គម និងជាពិសេសស្ថានភាពជំងឺ COVID 19 ដែលពិភពលោកកំពុងមានបញ្ហា ដោយឡែកកម្ពុជាគ្មានអ្វីដែលគួរឱ្យបារម្ភឡើង។ ភ្ជាប់ទៅនឹងផ្ទះសប្បុរសធម៌នេះ លោកបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះឯកឧត្តម និងសមាជិកក្រុមការងារទាំងអស់ រួមទាំងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធដែលបានយកចិត្ដទុកដាក់អំពីទុក្ខលំបាក និងគិតគូដោះស្រាយបញ្ហាជូនបងប្អូនប្រជាពលរដ្ឋជាបន្តបន្ទាប់ទៅតាមសមត្ថភាព ពេលវេលា និងការចាំបាច់។ កាយវិការសប្បុរសធម៌នេះ បានបង្ហាញយ៉ាងច្បាស់អំពីវប្បធម៌ចែករំលែកសេចក្តីសុខ និងទុក្ខរបស់គណ:បក្សប្រជាជនកម្ពុជាគ្រប់ស្ថានភាព និងកាល:ទេស:។ ហេតុនេះ លោកបានលើក ទឹកចិត្ត និងគាំទ្រគ្រប់សកម្មភាពមនុស្សធម៌ ការចែករំលែងទោះតិចក្តី ច្រើនក្តី ធ្វើយ៉ាងណាជួយស្រាយទុក្ខលំបាកដើម្បីចូលរួមកែលម្អកម្រិតជីវភាព និងអភិវឌ្ឍមូលដ្ឋានផ្ទាល់ឲ្យកាន់តែរីក ចម្រើន ក្រោមម្លប់សុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរបស់ប្រទេសជាតិ ហើយលោកសំណូម ពរឲ្យប្រជាពលរដ្ឋថែរក្សា ការពារសុខសន្តិភាពឱ្យបានគង់វង្សតរៀងទៅ។ ឆ្លៀតយកឱកាសនេះ លោកបានក្រើនរំលឹកប្រជាពលរដ្ឋ ជាពិសេសកុមារ និងមនុស្សចាស់ឱ្យយកចិត្តទុកដាក់ថែរក្សាសុខភាពតាមរយ:រស់នៅស្អាត ធ្វើអនាម័យខ្លួនប្រាណ និងលំនៅឋាន ហូបស្អាត និងផឹងស្អាត ដើម្បីចូលរួមការពារជំងឺឆ្លងគ្រប់ប្រភេទ។ ដោយឡែកសមាជិកក្រុមការងារ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ត្រូវបង្កើនការយកចិត្តទុកដាក់ចុះមូលដ្ឋានឱ្យបានជាប់ជាប្រចាំដើម្បីទទួលដឹង ឭ និងឃើញនូវរាល់បញ្ហានិងសេចក្តីត្រូវការរបស់បងប្អូនរួចរួមគ្នាគិតគូដោះស្រាយជូនជាជំហានៗដើម្បីចូលរួមអភិវឌ្ឍន៍មូលដ្ឋានឱ្យមានការរីកចម្រើន និងសុខដុមនីយកម្មក្នុងគ្រួសារសង្គមជាតិខ្មែរ៕ដោយ៖សហការី