លោក កឹម សុខា៖គោល​ដៅ​របស់​ខ្ញុំឆ្ពោះ​ទៅ​​រក​ការ​បោះ​ឆ្នោ​តមិន​មែន​បដិវត្តន៍​ព​ណ៌នោះ​ទេ

នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះលោក កឹម សុខាអតីតមេដឹកនាំ​គណបក្ស​បក្សប្រឆាំងបាន​ថ្លែង​ថា លោក​នឹង​ពន្យល់​តុលាការ​អំពីយុទ្ធសាស្រ្ត​នយោបាយ​របស់​លោកដែល​លោក​ថាគឺ​ដើម្បីលទ្ធិ​ប្រជាធិបតេយ្យនិង​សិទ្ធិមនុស្ស មិន​មែន​ក្នុង​គោល​ដៅ​បដិវត្តន៍​ពណ៌​នោះ​ទេ។លោក ​កឹម សុខា​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ​ដែល​ត្រូវ​តុលាការ​រំលាយ​មុន​ការ​បោះឆ្នោត​ឆ្នាំ​២០១៨ ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​រួម​គំនិត​ជាមួយ​បរទេស​ក្នុង​គម្រោង​មួយ​ដែល​រដ្ឋាភិបាល​ហៅ​ថា ​«ការ​ប៉ុនប៉ង​ផ្ដួល​រំលំ​រដ្ឋាភិបាល» ដោយ​មាន​បរទេស​នៅ​ពីក្រោយ។ ទាំង​លោក កឹម សុខា និង​សហរដ្ឋអាមេរិកបាន​បដិសេធ​ការ​ចោទ​ប្រកាន់​នេះ។ក្នុង​បទ​សម្ភាសន៍​ជាមួយវិទ្យុបរទេស​ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ លោក កឹម សុខា បានថ្លែង​ថា លោក​ត្រូវ​បាន​សួរ​ដោយ​តំណាង​អយ្យការ និង​មេធាវី​តំណាង​របស់​រដ្ឋាភិបាល​អំពី​ការងារ​របស់​លោក​ចាប់​ពី​ឆ្នាំ​១៩៩៣ ដល់​ឆ្នាំ​២០០៧ ហើយ​លោក​បាន​ការពារ​ខ្លួន​លោក។លោក​បាន​ថ្លែង​នៅ​ផ្ទះ​របស់​លោក មុន​ពេល​ចាក​ចេញ​ទៅ​តុលាការ ដើម្បី​ចូលរួម​សវនាការ​ជំនុំ​ជម្រះ​ថ្ងៃ​ទី​ពីរ​ថា៖ «ហើយ​សំណួរ​អស់​នោះ គឺ​ខ្ញុំ​បាន​ឆ្លើយ​ច្បាស់​ទាំង​អស់​ថា ខ្ញុំ​អត់​មាន​ធ្វើ​អី​ខុស​ទាំងអស់។ អត់​មាន​ខុស​ទេ ធ្វើ​ត្រឹម​ត្រូវ តែ​គេ​សង្កត់​ខ្លាំង​ជាមួយ ​CCHR [មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា] ហើយ CCHR ​ជា​អង្គការ​ស្រប​ច្បាប់ ហើយ​ចុះ​ឈ្មោះ​បញ្ជី​រដ្ឋាភិបាល​មក​ដល់​ឥឡូវ ហើយ​ម្ចាស់​ជំនួយគឺ​ USAID ដែល​ជា​ស្ថាប័ន​ចុះ​បញ្ជីឈ្មោះ​រដ្ឋាភិបាល»។
លោក កឹម សុខា បន្ថែម​ថា៖ «ថ្ងៃ​នេះ ខ្ញុំ​ប្រាប់​ថា ​អ្វី​ដែល​ជា​យុទ្ធសាស្រ្ត​នយោបាយ​របស់​ខ្ញុំ។ ខ្ញុំ​ធ្វើ​អ្វីៗ​ទាំង​អស់​ជុំ​វិញ​លទ្ធិប្រជាធិបតេយ្យ ​និង​សិទ្ធិមនុស្ស។ ហើយ​យុទ្ធសាស្រ្ត​របស់​ខ្ញុំ ដែល​គេ​ថា​ដោយ​សារ​គេ​មិន​យល់​ច្បាស់ ឬ​គេ​មិន​ដឹង​ច្បាស់​ ឬ​យ៉ាង​ម៉េច​ទេ តែ​យុទ្ធសាស្រ្ត​របស់​ខ្ញុំ។ ខ្ញុំ​នឹង​បង្ហាញ​ថា គឺ​យុទ្ធសាស្រ្ត​ខ្ញុំ ដើម្បី​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរខ្លៅ ខ្លាច ឃ្លាន»។លោក កឹម សុខា បន្ត​ថា យុទ្ធសាស្រ្ត​នេះ គឺ​ដើម្បី​ពន្យល់​ពលរដ្ឋ​ឲ្យ​យល់​ដឹង កុំ​ឲ្យ​ខ្លាច ហ៊ាន​បញ្ចេញ​មតិ និង​ពលរដ្ឋ​មានជីវភាព​ប្រសើរ​ឡើង។ លោក​បន្ថែម​ថា ​គោល​ដៅ​របស់​លោក​ឆ្ពោះ​ទៅ​រក​ការ​បោះ​ឆ្នោត មិន​មែន​បដិវត្តន៍​ពណ៌ ដូច​ការ​ចោទ​ប្រកាន់​របស់​រដ្ឋាភិបាល​នោះ​ទេ។លោក កឹម សុខា បាន​ឲ្យ​ដឹង​ទៀត​ថា លោក​បាន​សាកសួរ​តុលាការ​អំពីក្រមព្រហ្មទណ្ឌ ត្រង់​មាត្រា ​«សន្ទិដ្ឋភាព​ជាមួយ​បរទេស» ត្រូវ​បាន​ប្រកាស​ឲ្យ​ប្រើប្រាស់​នៅ​ឆ្នាំ​២០១០ តែ​សកម្មភាព​របស់​លោកដែល​តុលាការ​បាន​សាក​សួរគឺ​ចាប់ពី​ឆ្នាំ​១៩៩៣​ ដល់​ឆ្នាំ​២០០៧។លោក​បាន​ថ្លែង​ថា៖ «អញ្ចឹង​ខ្ញុំ​គ្រាន់​តែ​សួរ​ទេ រឿងតុលាការ​គេ​បន្ត​ថ្ងៃ​នេះ​ទៀត រឿង​ស្អី​ទៀត ចាំមើល មើល»។ក្នុង​បន្ទប់ស​វនា​ការ​កាល​ពី​ថ្ងៃ​ពុធ តុលាការ​បាន​បង្ហាញ​វីដេអូ​ដំបូង​បង្អស់​រយៈពេល​២​នាទី ​ដែល​លោក ​កឹម សុខា ​បាន​ថ្លែង​កាល​ពី​ឆ្នាំ​២០១៣​ថា​ អាមេរិក​បាន​គាំទ្រ​លោក កឹម សុខា និង​បាន​ផ្តល់​គំនិត​ដល់​រូប​លោក​សម្រាប់​ការ​បង្កើត​អង្គការ​សង្គម​ស៊ីវិល និង​ការងារ​នយោបាយ។​ វីដេអូ​នេះ​ត្រូវ​បាន​រដ្ឋាភិបាល​ប្រើប្រាស់​ជា​ភស្តុតាង​ក្នុង​ការ​ចាប់​ខ្លួន​លោក​ កឹម សុខា ​កាល​ពី​ថ្ងៃ​ទី​៣ ​ខែ​កញ្ញា ឆ្នាំ​២០១៧ ​ដោយ​ចោទ​ថា​ ​ប្រព្រឹត្ត​អំពើ​ក្បត់​ជាតិ ​ប៉ុន​ប៉ុង​ផ្តួល​រំលំ​រដ្ឋាភិបាល។លោក កឹម សុខា កាល​ពី​ថ្ងៃ​ពុធបាន​ប្រាប់​ទៅអង្គ​ជំនុំ​ជម្រះ​ថា វីដេអូ​ដែល​តុលាការ​យក​ធ្វើ​ជា​ភស្តុតាង​ក្នុង​ការ​ចោទ​ប្រកាន់​លោក​ថា ​«​ក្បត់​ជាតិ» ជា​វីដេអូ​កាត់​ត ហើយ​លោក​បាន​ប្រគល់​វីដេអូ​ពេញ​ជាង​មួយ​ម៉ោង ដោយ​ស្នើ​ឲ្យ​មាន​ការ​បញ្ចាំង​ក្នុង​បន្ទប់​សវនាការ​។ក្រោយបញ្ចាំង​វីដេអូ​នេះ លោក កឹម សុខា បាន​ថ្លែង​ថា៖ «ខ្ញុំ​បដិសេធ​វីដេអូនេះ មិន​អាច​ធ្វើ​ជា​ភស្តុតាង​អង្គ​ហេតុចោទ​ប្រកាន់​ខ្ញុំ​ទេ»។លោក​បន្ថែម​ថា៖ «មិន​មែន​ជា​វីដេអូ​របស់​ខ្ញុំ​ទេ តែ​ជា​សំឡេង និង​រូបខ្ញុំ ហើយ​មិន​ពេញ​លេញ ហើយ​មាន​ការ​កាត់​ត ជា​កង់ៗ។ សូម​ឲ្យ​តុលាការ​ធ្វើ​កោសល្យវិច័្ចយ​ជា​មុន​សិន ប្រភព​ពីណា នរណា​កាត់​ត។ ខ្លឹមសារ​ពិត​ដែល​ខ្ញុំ​បាន​និយាយ​ជា​សាធារណៈ​កាល​ពី​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៣ បំណង​គឺថ្លែង​អំណរគុណ និង​ជម្រាប​ពី​ស្ថានភាព​នយោបាយ​នៅ​ប្រទេស​កម្ពុជា និង​គោល​ចំហរ​របស់​ខ្ញុំ។ មិន​មាន​ផែនការ​ណាមួយ ដែល​ខ្ញុំ​ចង់​ធ្វើ​ការ​ផ្តួលរំលំ​រដ្ឋាភិបាល​នោះទេ»។លោក កឹម សុខា បាន​ទាមទារ​ឲ្យ​តុលាការ​ចាក់​បញ្ចាំង​វីដេអូ​ជាង​មួយ​ម៉ោង។ ប៉ុន្តែ​មិន​ទាន់​មាន​ការ​សម្រេច​ពី​ចៅក្រម​នៅ​ឡើយ​ទេ។លោក តាំង ស៊ុនឡាយ ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ថ្លែង​ប្រាប់បណ្តាញពត៌មានកាល​ពី​ថ្ងៃ​អង្គារ​ថាសវនាការ​ជំនុំ​ជម្រះ​ក្តី​លើ​លោក កឹម សុខា អាច​ប្រើ​រយៈ​ពេល​ដល់​ទៅ៣​ខែឯណោះ៕ដោយ៖សហការី