បរិយាយ៖សច្ចធម៌ប្រវត្តិសាស្ត្រដែលគ្មា​នអ្នកណាអាចបំ​ភ្លៃនិងបំផ្លាញ​បានឡើយ

នៅថ្ងៃអង្គារ៍ស្អែកនេះគឺជាថ្ងៃ៧ មករាទិវាជ័យជម្នះលើការផ្តួលរំលំរបបកម្ពុជាប្រជាធិបតេយ្យ។ ៧ មករា ២០២០ នេះ គឺជាខួបលើកទី៤១ឆ្នាំ។ទឹកដីកម្ពុជាដែលត្រូវបានទទួលស្គាល់ថាជាកោះសន្តិភាពក្នុងទសវត្សរ៍ឆ្នាំ១៩៦០បានចាប់ផ្តើមធ្លាក់ទៅក្នុង​ភ្លើងសង្គ្រាមពេញទំហឹងបន្ទាប់ពីពួក លន់ នល់បានធ្វើរដ្ឋប្រហារផ្តួលរំលំរបបសង្គមរាស្ត្រនិយម​ដែលដឹកនាំដោយព្រះកុរណា សម្តេចព្រះនរោត្តម សីហនុនៅថ្ងៃទី១៨ ខែមីនាឆ្នាំ១៩៧០តាមខ្សែញាក់របស់បរទេស។នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ របបសាធារណរដ្ឋខ្មែរលន់ នល់ ត្រូវបានផ្តួលរំលំពេលនោះប្រជាជនកម្ពុជា​សង្ឃឹមថានឹងបានរស់នៅក្នុងសុខសន្តិភាព ហើយចាប់ផ្តើមស្តារនិងកសាងទឹកដីរបស់ខ្លួនឡើងវិញ ។ប៉ុន្តែពួកប៉ុលពតបានឆក់ប្លន់យកទាំងស្រុងនូវសមិទ្ធផលជ័យជម្នះនេះ បង្កើតឡើងរបបកម្ពុជាប្រជាធិបតេយ្យ ដែលបានអនុវត្តនយោបាយប្រល័យពូជសាសសន៍ដ៏យង់ឃ្នងបំផុត ដែលពុំធ្លាប់មានក្នុងប្រវត្តិសាស្ត្ររបស់​មនុស្សជាតិ ធ្វើឱ្យទឹកដីកម្ពុជាទាំងមូលក្លាយជាគុកឥតជញ្ជាំង និងជាវាលពិឃាតជោកជាំដោយឈាមនិងទឹកភ្នែករបស់ប្រជាជនកម្ពុជា។ប្រជាជនត្រូវពួកឃាតករប្លន់យកអស់នូវសិទ្ធិសេរីភាពក្លាយជាទាសករ​រស់ដូចសត្វធាតុក្នុងភាពភ័យរន្ធត់ រកទីបំផុតគ្មាន។ សង្គមកម្ពុជាត្រូវក្រឡាប់ចាក់ រចនាសម្ព័ន្ធសង្គមជាតិ​ទាំងមូល ត្រូវបំផ្លាញដល់ឬសគល់ ប្រជាជនប្រមាណជាង២លាននាក់ ត្រូវសម្លាប់យ៉ាងអាណោចអាធ័ម និងអយុត្តិធម៌បំផុត។ឯអ្នកដែលនៅសេសសល់ក្នុងប្រទេស គឺរស់ក្នុងសភាពបារម្ភដល់អាយុជីវិតទាំង​យប់ទាំងថ្ងៃ រស់នៅប្រចាំថ្ងៃហាក់ដូចត្រីក្នុងត្រកមិនដឹងពេលណាដល់វេនខ្លួនត្រូវពួកវាយកទៅសម្លាប់។ពិតប្រាដកណាស់បើគ្មានការជួយសង្គ្រោះឱ្យបានទាន់ពេលវេលាទេនោះប្រជាជនកម្ពុជានឹងត្រូវពួកឃាតករបន្តកាប់សម្លាប់រកទីបញ្ចប់គ្មានឡើយ។នៅក្នុងកាលៈទេសៈគ្រោះមហន្តរាយដ៏ធ្ងន់ធ្ងរបំផុតនេះបណ្តាកម្លាំងអ្នកស្នេហាជាតិដ៏បរិសុទ្ធនៃ​គណបក្សប្រជាជនកម្ពុជាដែលនៅសេសសល់ពីការកាប់សម្លាប់ បានផ្តាច់ខ្លួនចេញពីរបបប៉ុល ពតដើម្បីធ្វើការតស៊ូសង្គ្រោះជាតិពីរបបដ៏យង់ឃ្នងនេះ។ ក្នុងដំណើរឆ្ពោះទៅការសង្គ្រោះជាតិ ប្រវត្តិសាស្ត្របាន​កត់ត្រា​ទុកនូវព្រឹត្តិការណ៍សំខាន់ ដែលមានអត្ថន័យយ៉ាងជ្រាលជ្រៅបំផុតចំពោះជាតិ។ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ សម្តេច ហ៊ុន សែន បានចេញដំណើរភៀសខ្លួនទៅប្រទេសវៀតណាម ដើម្បីស្វែងរកការជួយ​ឧបត្ថម្ភក្នុងការតស៊ូដំដៅះជាតិ។នៅថ្ងៃទី១២ ខែឧសភាឆ្នាំ១៩៧៨កងកម្លាំងប្រដាប់អាវុធសង្គ្រោះជាតិកម្ពុជាដែលជាអង្គភាពទ័ពរៀបចំដំបូងត្រូវបានបង្កើតឡើងនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ១៩៧៨ កងទ័ពនិងប្រជាជននៅ​ភូមិ​ភាគបូព៌ាបានក្រោកឈរប្រឆាំងនិងរបប ប៉ុល ពត ក្រោមការដឹកនាំរបស់ សម្តេច ហេង សំរិន និង សម្តេច ជា ស៊ីម ព្រមទាំងចលនាតស៊ូប្រឆាំងប៉ុល ពត ដែលមានរួចមកហើយនៅខេត្តកោះកុង នៅឦសានទិសនិងចលនាផ្សេងៗទៀត។ ផ្តើមពីចលនាទាំងនេះ បានផ្តល់ឱកាសដល់ការបង្កើត​រណសិរ្សសាមគ្គី​សង្គ្រោះជាតិកម្ពុជា នាថ្ងៃទី ២ ធ្នូ ឆ្នាំ១៩៧៨ ដឹកនាំដោយ សម្តេច ហេង សំរិន សម្តេច ជា ស៊ីម សម្តេច ហ៊ុន សែន និងឥស្សរជនចំនួន១១រូបទៀត ដែលជាអង្គការចាត់តាំងនយោបាយតែមួយ​គត់របស់ប្រជាជនកម្ពុជា ដើម្បីដឹកនាំការតស៊ូផ្តួលរំលំរបបប្រល័យពូជសាសន៍។ រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា និងកងកម្លាំងប្រដាប់អាវុធបដិវត្តន៍កម្ពុជា ដែលមានការគាំទ្រពី​ប្រជាជននៅ​ទូទាំងប្រទេស ព្រមទាំងទទួលបានការជួយឧបត្ថម្ភដ៏ស្មោះសរ ទាន់ពេលវេលា និងមានប្រសិទ្ធភាពពីសំណាក់កងទ័ពស្ម័គ្រចិត្តវៀតណាម និងការគាំទ្រពីកម្លាំងស្នេហាសន្តិភាពនិងយុត្តិធម៌នានានៅលើពិភពលោកបានវាយផ្តួលរំលំរបបប្រល័យពូជសាសន៍សម្រេចបាន​មហាជ័យជម្នះដ៏ត្រចះត្រចង់ជាប្រវត្តិសាស្ត្រ នាថ្ងៃទី៧ មករា ឆ្នាំ១៩៧៩។នេះគឺជាបណ្តាដំណាក់កាលជាប្រវត្តិសាស្ត្រ ដែលប្រជាជាតិយើងបានហែលឆ្លងកាត់ប្រកបដោយទុក្ខវេទនា មហាសោកនាដកម្ម និងការបាត់បង់ ដែលពុំអាចនឹងពណ៌នាបាន។ បើគ្មានរដ្ឋប្រហារថ្ងៃទី១៨ មីនា ឆ្នាំ១៩៧០ គឺគ្មានសង្គ្រាមពីឆ្នាំ១៩៧០–១៩៧៥, បើគ្មានសង្គ្រាម៥ឆ្នាំនេះ គឺគ្មានរបបប្រល័យពូជសាសន៍ ប៉ុលពត ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ (១៧មេសា ១៩៧៥ –៦មករា ឆ្នាំ១៩៧៩) ហើយបើគ្មានរបបប្រល័យពូជសាសន៍នោះ ក៏ពុំចាំបាច់មានជ័យជម្នះថ្ងៃ៧មករាដែរ។ ថ្ងៃជ័យជម្នះ៧មករា គឺជាថ្ងៃកំណើតទី២ របស់ប្រជាជនកម្ពុជា មានជ័យជម្នះ ៧ មករា ទើបប្រជាជនកម្ពុជាមានអ្វីៗសព្វយ៉ាងនៅថ្ងៃនេះ។ នេះជាសច្ចធម៌ប្រវត្តិសាស្ត្រដែលគ្មានអ្នកណាអាចបំភ្លៃ និងបំផ្លាញបានឡើយ៕