ថៃ្ងនេះលោក​កឹ​ម​ សុខាជួបឯក​អគ្គរដ្ឋទូ​ត​អាល្លឺម៉ង់និង​​អូស្ត្រាលី​

តាម​ការ​បញ្ជាក់​របស់​លោក​មុត​ ចន្ថា ​មន្ត្រី​អតីត​នាយក​ឧទ្ទកាល័យ​លោក​កឹម សុខាឲ្យដឹងថាលោក​កឹម​ សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវបាន​តុលាការ​រំលាយចោលនោះបន្ត​ទទួល​ជួប​ឯកអគ្គរដ្ឋទូត​ពីររូប​បន្ថែម​ទៀត​នៅ​ថ្ងៃ​អង្គារ៍​នេះ​ក្រោយ​ពេល​តុលាការ​បាន​ដោះលែង​លោកដោយ​មាន​ភ្ជាប់​លក្ខខណ្ឌ ឬ​បន្ធូរបន្ថយ​លក្ខខណ្ឌ​នៃ​ការ​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​តុលាការ។ ឯក​អគ្គរដ្ឋទូត​ទាំងពីរ​នោះ​គឺ​លោក ​Christian Berger នៃ​ប្រទេស​អាល្លឺម៉ង់​ដែល​ត្រូវ​ជួប​នៅព្រឹក​នេះ និងលោកស្រី Angela Corcoran នៃ​ប្រទេស​អូស្ត្រាលី​នឹង​ជួប​នៅពេល​រសៀល។លោក​មុត​ ចន្ថា បាន​អះអាង​ថា​ នេះ​ជា​ការ​ចាប់ផ្តើម​កិច្ច​ការងារ​របស់​លោក ក្រោយ​ពេល​លោក​កឹម ​សុខា បាន​ទទួល​ការ​បន្ធូរបន្ថយ​លក្ខខណ្ឌ ​ហើយ​ឯកអគ្គដ្ឋទូត​នឹង​ចូល​មក​ជួប​សម្តែង​ការ​គួរសម​ជាមួយ​លោក​កឹម ​សុខា។បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​តុលាការ​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​នេះឲ្យដឹងថាលោក​កឹម ​សុខា​ ត្រូវបាន​ដោះលែង​និង​បន្ធូរបន្ថយ​លក្ខខណ្ឌ​នៃ​ការដាក់​ឲ្យ​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ​ ក្រោយពី​ក្រុម​មេធាវី​បាន​ស្នើសុំ​ឲ្យ​មាន​ការ​ដោះលែង​លោក​កឹម ​សុខា ​ដោយ​យោង​ថា​ថិរវេលា​នៃ​ការ​ឃុំខ្លួន​ដោយ​គ្មាន​ការ​កាត់ទោស​បាន​លើស​កំណត់​ជាង​ពីរឆ្នាំ​ ហើយ​មិន​មាន​ភស្តុតាង​ដាក់​បន្ទុក​លើលោក​កឹម ​សុខា។ ប៉ុន្តែ​តុលាការ​បាន​បន្ធូរបន្ថយ​លក្ខខណ្ឌ​ដោយ​ផ្អែក​លើ​ហេតុផល​សុខភាព​និង​ការ​សហការ​ល្អ​របស់​លោក​កឹម ​សុខា ជាមួយ​តុលាការ។លោក​កឹម​ សុខា​ បាន​បញ្ជាក់​នៅលើទំព័រហ្វេសប៊ុករបស់លោក​ កាលពី​ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩ថា សហ​មេធាវី​ការពារ​សិទ្ធិ​របស់​លោក​បាន​ដាក់​ពាក្យ​ស្នើសុំ​ឲ្យ​ចៅក្រម​ស៊ើបសួរ​ លើកលែង​បទ​ចោទ​មក​លើ​រូប​លោក​ តែ​លោក​ថា «ប៉ុន្តែ​សេចក្តី​សម្រេច​របស់​ចៅក្រម​ក្នុង​ថ្ងៃនេះ (អាទិត្យ) មិនមែន​ជា​ការ​លើកលែង​ការ​ចោទប្រកាន់​ឡើយ គឺ​ត្រឹមតែ​ជា​ការ​កែប្រែ​លក្ខខណ្ឌ​នៃ​កាតព្វកិច្ច​មួយ​ចំនួន​តែ​ប៉ុណ្ណោះ»។ពេលនេះ​លោក​កឹម ​សុខា ត្រូវ​តុលាការ​ហាម​មិន​ឲ្យ​ធ្វើនយោបាយ មិន​ឲ្យ​ចេញ​ក្រៅ​ប្រទេស និង​ត្រូវ​សហការ​ជាមួយ​តុលាការ។ ប៉ុន្តែ​លោក​អាច​ដើរ​ចេញ​ពី​ផ្ទះ និង​ជួប​ជុំ​ពលរដ្ឋ​ ក្រុមគ្រួសារ​បាន​លើកលែង​តែ​សកម្មភាពនយោបាយ​ដែល​គ្មាន​ការ​បញ្ជាក់​ថា​ជា​អ្វី​ពិតប្រាកដ​ដែល​ជា​សកម្មភាព​នយោបាយ ។បើមិន​ដូច្នោះ​ទេ​តុលាការ​អាច​ឃុំ​លោក​វិញ។លោក​កឹម​ សុខា ​បាន​ជួប​ជាមួយ​ឯកអគ្គរដ្ឋទូត​បារាំង​និង​អាមេរិក កាលពី​ថ្ងៃចន្ទ​ ហើយ​បញ្ជាក់​ថា សេរីភាព​របស់​លោក​នៅរង​ការ​រឹតត្បិត​ មិនអាច​និយាយ​អ្វី​បាន​ ដោយសារ​ថា​ការ​ហាម​មិន​ឲ្យ​ធ្វើនយោបាយ​របស់​តុលាការ​នោះ​មិនបញ្ជាក់​ឲ្យ​បាន​ច្បាស់ថា​ជា​សម្មភាពអ្វី ហើយ​បទចោទ​មក​លើ​រូប​លោក​ក៏​មិន​ទាន់​ត្រូវបាន​ទម្លាក់​ចោល។អ្នក​កាទូត​នានា​ដែល​បាន​ជួបរួម​ទាំង​លោក​ឯកអគ្គរដ្ឋទូត​អាមេរិក ​Patrick Murphy បាន​ជំរុញ​ឲ្យ​មាន​ការ​ទម្លាក់បទចោទ​ទាំងអស់​ប្រឆាំង​នឹង​លោក​កឹម ​សុខា​ និង​មន្ត្រី​របស់​លោក​ទាំង​ក្នុង​និង​ក្រៅប្រទេស ពាក់ព័ន្ធ​នឹង​អ្វីមួយ​ដែល​ថា​លោកត្រូវបាន​ចោទ​ថា​បាន​ឃុបឃិត​ជាមួយ​ជនបរទេស​ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​កម្ពុជា​របស់​លោកនាយករដ្ឋមន្ត្រី ហ៊ុន​ សែន។«ក្នុងនាម​ជា​បុគ្គល​ស្អាតស្អំ​ម្នាក់​ដែល​ត្រូវបាន​រង​ការ​ឃុំខ្លួន​ទាំង​គ្មាន​កំហុស​២ឆ្នាំ​មក​ហើយ ខ្ញុំ​នៅតែ​បន្ត​ទាមទារ​ឲ្យ​ទម្លាក់​ចោល​បទចោទ​ប្រកាន់​មក​លើ​រូបខ្ញុំ។ ខ្ញុំ​រំពឹង​ថា​សេចក្តី​សម្រេច​ក្នុង​ថ្ងៃនេះ​គឺជា​ជំហាន​ទី១។ ប៉ុន្តែ​រូបខ្ញុំ​ក៏​ដូចជា​ពលរដ្ឋ​ខ្មែរ​ដទៃទៀត​ដែល​បាន​បាត់បង់​សិទ្ធិ​សេរីភាព​នយោបាយ​នៅតែ​ត្រូវការ​ដំណោះស្រាយ​និងយុត្តិធម៌​ពិត​ប្រាកដ»។នេះបើតាមការរៀបរាប់នៅ​លើ​ហ្វេសប៊ុក​របស់​លោកលោក​កឹម ​សុខា៕ដោយ៖ពុតសាម៉ាត់