បន្ទាប់ពីការចាប់ខ្លួននាយកកាសែតចិនអនឡាញAngkor Today កាលពីថ្ងៃពុធម្សិលមិញពីបទផ្សព្វផ្សាយព័ត៌មានមិនពិតពាក់ព័ន្ធទៅនឹងការសរសេរថា«កម្ពុជាលួចលក់វ៉ាក់សាំងដែលជាជំនួយរបស់ចិន»នៅថ្ងៃទី២៥ខែកុម្ភៈនេះក្រសួងមហាផ្ទៃកម្ពុជាបានសម្រេចបណ្តេញនាយកសារព័ត៌មាន Angkor Today ដែលជាជនជាតិចិនចេញពីប្រទេសកម្ពុជាហើយ។ មិនដល់២៤ម៉ោងក្រោយការចាប់ខ្លួន លោក Shen Kaidong នាយកកាសែតភាសាចិនឈ្មោះ Angkor Today ត្រូវបានរដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជាសម្តេចស ខេង ចុះហត្ថលេខាលើសេចក្តីប្រកាសមួយបណ្តេញចេញពីប្រទេសកម្ពុជាដោយទុកពេលយ៉ាងយូរ៧ថ្ងៃ។ ការសម្រេចនេះ គឺធ្វើឡើងក្រោយអ្នកទទួលខុសត្រូវកាសែតមួយនេះចុះផ្សាយជាភាសាចិនថា «កម្ពុជាបានយកវ៉ាក់សាំងកូវីដ១៩ ដែលជាជំនួយរបស់ចិនមកលក់ក្នុងតម្លៃថ្លៃ»។លោក Shen អាយុ៥២ឆ្នាំ ដែលចូលមកកម្ពុជាកាលពីជាង១០ឆ្នាំមុនត្រូវបានកម្លាំងសមត្ថកិច្ចចាប់ឃាត់ខ្លួននៅខេត្តសៀមរាប កាលពីល្ងាចថ្ងៃទី២៤ ខែកុម្ភៈម្សិលមិញ ក្រោមបទចោទពីការផ្សាយព័ត៌មានបំភ្លៃការពិតមានចេតនាទុច្ចរិត ធ្វើឲ្យអន្តរាយដល់សុខភាពសាធារណៈបង្កភាពចលាចលនៅក្នុងសង្គមដែលអាចធ្វើឲ្យប៉ះពាល់ដល់សន្តិសុខជាតិ។ នៅថ្ងៃនេះដែរ ក្រសួងព័ត៌មាន ក៏បានសម្រេចលុបអាជ្ញាបណ្ណ កាសែតអនឡាញ Angkor Today នេះ ដែលពីមុនកាសែតនេះឈ្មោះថាAngkorTimesហើយមានម្ចាស់អាជ្ញាបណ្ណជាជនជាតិខ្មែរគឺឈ្មោះអ៊ុង គង្គា។ស្របពេលជាមួយគ្នានេះស្ថានទូតចិនប្រចាំនៅកម្ពុជាក៏បានចេញមកបំភ្លឺដែរថាស្ថានទូតក៏បានទទួលសេចក្តីរាយការណ៍ពីពលរដ្ឋចិនដែលកំពុងរស់នៅកម្ពុជាពីការផ្សព្វផ្សាយជាភាសាចិនលក់វ៉ាក់សាំងដែលជាជំនួយរបស់ចិនតាមរយៈសារបោកប្រាស់នានាលើបណ្តាញសង្គមនិងទូរស័ព្ទដៃដែលថាមានការចាក់វ៉ាក់សាំងការពារកូវីដ១៩ គ្រាន់តែចំណាយត្រឹម១២០ដុល្លារឬ៤៥០ដុល្លារប៉ុណ្ណោះ។ស្ថានទូតចិនបញ្ជាក់ថា មិនមានវ៉ាក់សាំងជំនួយចិនហូរចូលទីផ្សារឡើយ។ហើយវ៉ាក់សាំងត្រូវបានគ្រប់គ្រងបានយ៉ាងល្អ ការគ្រប់គ្រងនិងការដឹកជញ្ជូនវ៉ាក់សាំងត្រូវបានធ្វើឡើងតាមនីតិវិធីតឹងតែងនិងម៉ត់ចត់បំផុត។គួរឲ្យដឹងដែរថាលោកShenKaidongគឺជាអ្នកកាសែតបរទេសទី១ហើយដែលត្រូវបានបណ្តេញចេញពីកម្ពុជាពីបទផ្សាយព័ត៌មិនពិតនៅពេលដែលប្រទេសកម្ពុជាកំពុងដំណើរការចាក់វ៉ាក់សាំងដែលជាជំនួយចិនដំបូង ជុំទី១ចំនួន៦០ម៉ឺនដូស។គួរឲ្យកត់សម្គាល់ការផ្សាយព័ត៌មានមិនពិតគឺជារឿងដ៏រសើបនៅក្នុងអំឡុងពេលដែលកម្ពុជាកំពុងប្រឈមនឹងការផ្ទុះឡើងនៃការឆ្លងកូវីដសហគមន៍លើកទី៣ដ៏គួរឲ្យព្រួយបារម្ភ៕សហការី
