ព័ត៌មានជាតិ

ព្រះមហាក្សត្រស​ម្ដែងនូវ​ការ​កោ​តសរសើរចំពោះ​សម្ដេចតេជោហ៊ុន សែន ដែលមានវិធានការដោះស្រាយទាន់ពេលវេលា​ក្នុងការសង្គ្រោះ​ប្រជាពលរដ្ឋពីជំ​នន់ទឹក​ភ្លៀង

ព្រះរាជសារលិខិតចុះថ្ងៃទី១៦ខែតុលាឆ្នាំ២០២០ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាបានសម្ដែងនូវការកោតសរសើរចំពោះសម្ដេចតេជោហ៊ុន សែន ដែលមានវិធានការដោះស្រាយទាន់ពេលវេលាក្នុងការសង្គ្រោះប្រជាពលរដ្ឋពីជំនន់ទឹកភ្លៀង ពិសេសការជម្លៀសបងប្អូនប្រជាពលរដ្ឋចេញពីតំបន់រងគ្រោះទៅកាន់ទីតាំងសុវត្ថិភាពនោះ។ ក្នុងព្រះរាជសារព្រះករុណាព្រះមហាក្សត្រផ្ញើជូនសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គបានមានព្រះរាជបន្ទូលថា “ខ្ញុំមានសេចក្តីរំជួលហឫទ័យជាខ្លាំង ដោយបានទទួលដំណឹងអំពីបងប្អូន កូនចៅ នៅរាជធានីភ្នំពេញ និងខេត្តមួយចំនួនត្រូវទទួលរងគ្រោះ ដែលបង្កឡើងដោយជំនន់ទឹកភ្លៀងរយៈពេលប៉ុន្មានថ្ងៃមកនេះ បណ្តាលឱ្យមានការបាត់បង់ជីវិត និងខូចខាត ទ្រព្យសម្បត្តិ។ ខ្ញុំសូមចូលរួមរំលែកទុក្ខលំបាកជាមួយបងប្អូនប្រជារាស្ត្រនៅទូទាំងប្រទេស”។ ព្រះអង្គសូមកោតសរសើរនូវភាពឈ្លាសវៃ និងសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ចំពោះសម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលមានវិធានការជួយដោះស្រាយទាន់ពេលវេលាជម្លៀសបងប្អូនប្រជាពលរដ្ឋចេញពីតំបន់រងគ្រោះ ទៅកាន់ទីតាំងសុវត្ថិភាពនានា។ ព្រះអង្គបន្តថាខ្ញុំនិងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតក៏បានប្រទានព្រះរាជអំណោយជូនដល់បងប្អូនរងគ្រោះមួយចំនួនតាមរយៈ សម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រីង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំងជាបន្តបន្ទាប់ផងដែរ។ព្រះអង្គក៏សូមជូនពរដល់បងប្អូន កូនចៅប្រជារាស្ត្រកម្ពុជាទាំងអស់ បានរួចផុតពីគ្រោះមហន្តរាយ ធម្មជាតិខាងលើនេះ និងសូមមេត្តាការពារ និងថែរក្សាសុខភាពឱ្យបានល្អ កុំឱ្យមានជំងឺឈឺថ្កាត់ ផ្សេងៗ។ ជាមួយគ្នានេះ ព្រះអង្គក៏សូមប្រសិទ្ធពរដ៏ល្អបវរ មហាប្រសើរ ជូនសម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី និងសមាជិក សមាជិកាដ៏ឧត្តុង្គឧត្តមនៃរាជរដ្ឋាភិបាលកម្ពុជា សូមទទួលបានមហាជោគ ជ័យថ្មីៗទៀត និងសូមបានប្រកបតែនឹងព្រះពុទ្ធពរគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។ ជាបឋមក្នុងនាមសមាជិកសមាជិកានៃរាជរដ្ឋាភិបាលកម្ពុជា និងប្រជាពលរដ្ឋគ្រប់រូប ព្រមទាំង ទូលព្រះបង្គំជាខ្ញុំ សូមថ្លែងអំណរព្រះរាជគុណប្រកបដោយបីតិសោមនស្សរីករាយជាអតិបរមាថ្វាយចំពោះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា ជាតិខ្មែរ ជាអម្ចាស់ជីវិតតម្កល់លើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គទាំងទ្វេ ទ្រង់ស្ដេច សព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទាននូវព្រះរាជអំណោយ ជាបន្តបន្ទាប់ជួយសម្រាលនូវទុក្ខលំបាកដល់ ប្រជាពលរដ្ឋជាកូន ជាចៅរបស់ព្រះអង្គ ក្នុងគ្រាជួបហានិភ័យដ៏ធ្ងន់ធ្ងរដោយគ្រោះធម្មជាតិ ទឹកជំនន់ប៉ះពាល់ ដល់បណ្តាខេត្តមួយចំនួន និងរាជធានីភ្នំពេញ។ សម្ដេចតេជោបានបន្តថា តបចំពោះព្រះរាជកាយវិការប្រកបដោយព្រះព្រហ្មវិហារធម៌ ព្រះទសពិធរាជធម៌ ព្រមទាំងមនុស្សធម៌ ដ៏មហាត្រជាក់ត្រជំត្រចះត្រចង់នេះ ជាថ្មីម្តងទៀត ទូលវព្រះបង្គំយើងខ្ញុំគ្រប់រូប សូមថ្លែងអំណរព្រះរាជគុណ ជាអនេកប្បការ និងសូមលំឱនកាយថ្វាយនូវព្រះសព្វសាធុការពរបវរមហាប្រសើរ សូមព្រះករុណា ជាអម្ចាស់ ជីវិតលើត្បូងជាទីគោរពសក្ការៈ និង សម្តេចព្រះមហាក្សត្រី ព្រះវរមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គទាំងទ្វេទ្រង់ស្ដេចព្រះប្រកប ដោយព្រះពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ សូមព្រះករុណាជាអម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈ ទ្រង់ប្រោសព្រះរាជមេត្តាទទួលនូវអភិវន្ទនកិច្ច និងកតញ្ញូ កតវេទិតាធម៌ដ៏ខ្ពង់ខ្ពស់បំផុតពីទូលព្រះបង្គំជាខ្ញុំ” ៕សហការី

 

cns

Leave a Reply

Your email address will not be published. Required fields are marked *