មក​ដល់​ពេល​នេះ​​ព្រះសង្ឃ​ដែល​ជំងឺ​ផ្តាសាយ​ធំហើយ​ធ្លាប់​មាន​ចេញ​អាការៈ​​គួរ​ឲ្យ​​សង្ស័យ​ត្រូវ​បា​ន​ព្យាបាល​ឲ្យ​ជា​សះ​ស្បើយ​ជិត​អស់​​ហើយ

អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល​លោក​ស្រីឱ វណ្ណឌីន នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះបានឲ្យដឹងថា​មក​ដល់​ពេល​នេះ​ព្រះសង្ឃ​ដែល​អាពាធជំងឺ​ផ្តាសាយ​ធំហើយ​ធ្លាប់​មាន​ចេញ​អាការៈ​គួរ​ឲ្យ​សង្ស័យ​ទាំងនេះត្រូវ​បាន​ព្យាបាល​ឲ្យ​ជា​សះស្បើយ​ជិត​អស់​ហើយខណៈមាន​ព្រះសង្ឃ​ចំនួន​ជាង​១២០​អង្គគង់​ក្នុង​វត្ត​នៅ​តាម​ខេត្ត​ចំនួន​៤ ​រួម​មាន​តាកែវ​ ត្បូងឃ្មុំ​ បាត់ដំបង​ និង​បន្ទាយមានជ័យមាន​ជំងឺ​ផ្តាសាយ​ធំ​ក្នុង​អំឡុងខែ​សីហានិងខែ​កញ្ញានេះ​។បើតាមអ្នកនាំពាក្យក្រសួង​សុខាភិបាលបានឲ្យ​ដឹងនៅ​ថ្ងៃទី ១៦ខែកញ្ញាថាការផ្ទុះឡើងនូវការ​ឆ្លងជំងឺផ្តាសាយ​ធំលើ​ព្រះសង្ឃ​នេះគឺមក​ពីកត្តា​ជាច្រើនដូចជា ការប្រែប្រួលអាកាសធាតុការវិវត្តបម្រែបម្រួល​នៃវីរុសឬមេរោគផ្សេងៗនៅក្នុងបរិស្ថាន គួប​ផ្សំនឹងការប្រែប្រួលនេះការប៉ះពាល់ជាមួយពពួកសត្វដែលចិញ្ចឹមកូនដោយទឹកដោះនិងពពួកសត្វបក្សីឬការបរិភោគពពួកសត្វទាំងនេះដែលចម្អិនមិនបានឆ្អិន​និងមានកង្វះអនាម័យ​ក៏​អាច​ការ​មូលហេតុ​នៃការ​គ្រុន​ផ្តាសាសាយ​ធំតៗគ្នាផងដែរ។ក្រសួងសុខាភិបាលក៏បានអំពាវនាវឲ្យ​ព្រះសង្ឃលោកតាអាចារ្យ លោកយាយជីនិងគណៈកម្មការវត្តទូទាំងប្រទេសកម្ពុជាព្រមទាំងពលរដ្ឋទាំងអស់ផងត្រូវ​ចូលរួមអនុវត្តន៍វិធានការអនាម័យខ្លួនប្រាណជាពិសេសអនាម័យដៃឲ្យបានស្អាតជាប់ជានិច្ច ។ ត្រូវប្រើ​ម៉ាសក្នុងករណីចាំបាច់។ជាពិសេសត្រូវពាក់ម៉ាសពេលចូលក្នុងទីវត្តអារ៉ាមឬកន្លែងដែលមានមនុស្សម្នាច្រើន​ និង​ត្រូវចេះរក្សាគម្លាតសុវត្ថិភាពបុគ្គល។ជាមួយគ្នាក៏ត្រូវ​ចៀសវាងការប៉ះពា​ល់ជា​មួយសត្វដែលបំបៅកូនដោយទឹក​ដោះនិងសត្វបក្សី​ដោយផ្ទាល់ឬត្រូវ​លាងសម្អាតដៃភ្លាមៗ ក្រោយ​បានប៉ះពាល់ហើយ។ ជាពិសេសផងដែរ គឺ​ត្រូវ​បរិភោគម្ហូបអាហារឆ្អិនល្អនិងគោរព​ តាមការណែនាំបច្ចេកទេសរបស់ក្រសួងសុខាភិបាល។គួរឲ្យដឹងថានៅពេលថ្មីៗនេះ មានព្រះសង្ឃជាច្រើន​អង្គក្នុង​ខេត្តចំនួន៤មានចេញអាការៈគ្រុន​ក្តៅ​លើសពី ៣៧.៥អង្សារព្រមទាំងមានអាការៈក្អកនិង​ហៀរសំបោរជាដើម។ ដែល​មានកា​របារម្ភពីរោគសញ្ញានៃជំងឺកូវីដ ១៩។ ប៉ុន្តែយោង​តាមការ​យក​សំណាក​ទៅពិនិត្យ ក្រសួងសុខាភិបាល បញ្ជាក់ថា មិន​មានឃើញ​ករណីវិជ្ជមានកូវីដទេដោយ​នេះជាករណីផ្តាសាយ​ធំប៉ុណ្ណោះ។​ ជាមួយគ្នាក្រសួងសុខាភិបាលក៏បាន​យក​ឈាម​របស់​ព្រះសង្ឃទៅពិនិត្យ​ពីជំងឺគ្រុន​ឈាមនិង​គ្រុន​ឈីកផងដែរ។ព្រះសង្ឃ​ដែល​ចេញ​អាការៈគ្រុន​ក្តៅ ក្អកនិង​ហៀរសំបោរនៅក្នុង​ខែកញ្ញានេះមាន២៦​អង្គ គង់​នៅវត្តបឹងត្រស់ក្នុង​ឃុំភ្នំតូចស្រុកមង្គលបូរីខណៈ៤៦អង្គផ្សេងទៀត​គង់នៅវត្ត​ស្វាយ​ដង្គំ ស្រុក​ឯកភ្នំ ខេត្ត​បាត់ដំបង។ ចំណែក​កាលពីខែសីហាកន្លងទៅមាន​ព្រះសង្ឃ២៨អង្គគង់នៅវត្តប្រាសាទ​នាងខ្មៅក្នុងខេត្ត​តាកែវ និងព្រះសង្ឃផ្សេងទៀតក្នុងខេត្តត្បូងឃ្មុំត្រូវបាន​រាយការណ៍ថាមានអាការៈដូចគ្នានេះដែរ។ដោយ​បារម្ភពីស្ថានភាពនេះ និងជាពិសេសគឺក្នុងឱកាស​ពិធីបុណ្យ​ភ្ជុំបិណ្ឌផង រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក​ម៉ម ប៊ុនហេងបាន​ផ្ញើលិខិត​ទៅកាន់​អភិបាល​រាជធានីខេត្ត​ទាំងអស់ កាលពីថ្ងៃទី ១៤ខែកញ្ញាស្នើឲ្យ​មានការពង្រឹង​ការអនុវត្ត​វិធានការ​សុខាភិបាល ដើម្បីទប់ស្កាត់​ការចម្លង​ជំងឺគ្រុន​ផ្តាសាយ​ធំក្នុងប្រទេសកម្ពុជា។សូមបញ្ជាក់ថាក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ មានការផ្ទុះករណីជាចង្កោមនៃជំងឺគ្រុនផ្តាសាយធំនៅតាមទីវត្តអារាមមួយចំនួនក្នុងខេត្តទាំង០៤ខាងលើ ។ប៉ុន្តែរាល់ករណីទាំងនេះពុំមែនជាករណីវីរុសកូវីដ១៩នោះទេបន្ទាប់ពីមានការធ្វើតេស្តយកសំណាក​រួច៕