ប្រមុខ​រដ្ឋាភិបាលបន្តណែនាំដល់​អាជ្ញាធរគ្រប់លំដាប់ថ្នាក់បង្កើនកិច្ចការពារសុវត្ថិភាពសន្តិសុខសណ្តាប់ធ្នាប់និងសម្រួលចរាចរណ៍ដើម្បីបង្កលក្ខណៈងាយស្រួលជូនដល់​បងប្អូនប្រជា​ពលរដ្ឋនិង​ទេសចរកំឡុងពេល​បុណ្យភ្ជុំនេះ

សម្តេចហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានាព្រឹកថ្ងៃទី១៦ខែកញ្ញាឆ្នាំ២០២០បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋកម្ពុជាចូលចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នាថ្ងៃកាន់បិណ្ឌនេះ។បើតាមរយៈបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកនាព្រឹកនេះប្រមុខរដ្ឋាភិបាលបានលើកឡើងថា« ថ្ងៃទី១៦ខែកញ្ញានេះគឺជាថ្ងៃកាន់បិណ្ឌ១៤នៃពិធីបុណ្យភ្ជុំបិណ្ឌដែលជាពិធីបុណ្យប្រពៃណីជាតិរបស់ខ្មែរយើង ដែលមានតាំងពីបុរាណកាលមក។នេះជាពេលវេលាមួយដែលបងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទមានឱកាសក្នុងការធ្វើបុណ្យទាន សន្សំកុសល និងការជួបជុំសាច់ញាតិបងប្អូន នៅតាមទីកន្លែងជិតឆ្ងាយ ជាពិសេសតាមទីអារាមនានា»។ជាមួយគ្នានោះសម្តេចហ៊ុនសែនបានបន្តទៀតថាក្នុងថ្ងៃកាន់បិណ្ឌនេះសូមបងប្អូនប្រជាពលរដ្ឋបន្តចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដោយឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ចឹលទឹកអាល់កុលនឹងពាក់ម៉ាសក្នុងពេលចូលរួមពិធីដែលមានអ្នកចូលរួមច្រើនដូចជាក្នុងពិធីបុណ្យភ្ជុំបិណ្ឌនេះជាដើម។ កុំធ្វេសប្រហែសឬមើលស្រាលជំងឺកូវីដ-១៩អោយសោះ ព្រោះជាជំងឺឆ្លងរាតត្បាតសាហាវខ្លាំងណាស់ ហើយពុំទាន់មានថ្នាំព្យាបាលនៅឡើយទេ។ឆ្លៀតនាឳកាសនោះ សម្តេចក៏បានណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ បង្កើនកិច្ចការពារសុវត្ថិភាពសន្តិសុខសណ្តាប់ធ្នាប់សាធារណៈរបៀបរៀបរយនិងសម្រួលចរាចរណ៍ឱ្យបានល្អប្រសើរដើម្បីបង្កលក្ខណៈងាយស្រួលជូនដល់បងប្អូនប្រជាពលរដ្ឋនិងទេសចរនៅក្នុងកំឡុងពេលបុណ្យភ្ជុំនេះ។
សម្តេចហ៊ុនសែនបានជូនពរដល់ជនរួមជាតិទាំងក្នុងនិងក្រៅប្រទេសជួបតែសេចក្តីសុខសេចក្តីចម្រើនគ្រប់ៗគ្នាកុំបីខាន។សូមជម្រាបជូនថាពិធីបុណ្យកាន់បិណ្ឌ ឆ្នាំ២០២០ នេះគឺប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោចដល់ថ្ងៃ១៤រោចខែភទ្របទ គឺចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០៕