ស្អែកនេះសម្តេចហ៊ុនសែននិងភរិយានឹងទៅចូល​រួមពិធីបុណ្យភ្ជុំបិណ្ឌនៅ​វត្តវាំងចាស់​ខេត្តកំពង់ស្ពឺ

សុខសប្បាយជាទេបងប្អូនជនរួមជាតិ?ថ្ងៃនេះគឺបិណ្ឌ១៤ហើយ។ ថ្ងៃស្អែកគឺជាថ្ងៃបុណ្យភ្ជុំបិណ្ឌធំ ដែលខ្ញុំនិងភរិយាគ្រោងនឹងទៅចូលរួមពិធីបុណ្យភ្ជុំបិណ្ឌនៅវត្តវាំងចាស់ខេត្តកំពង់ស្ពឺ។ ដោយសារប្រទេសយើងមានសុខសន្តិភាពពេញលេញទើបយើងមានឱកាសប្រារព្ធពិធីបុណ្យតូចធំជាច្រើនដោយគ្មានការភ័យខ្លាច។ ខ្ញុំនិងភរិយាសូមចូលរួមរីករាយកាន់បិណ្ឌជាមួយបងប្អូនជនរួមជាតិនៅទូទាំងប្រទេស។ នៅក្នុងឱកាសនេះដែរ សូមបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ចំពោះអគ្គិភ័យ ដែលអាចបណ្តាលមកពីការដុតធូបទៀននៅតាមទីកន្លែងសក្ការៈបូជាផ្សេងៗ។សូមអាជ្ញាធនៅតាមបណ្តាខេត្តនានាជួយសម្រួលចរាចរណ៍និងសណ្តាប់ធ្នាប់សាធារណៈអោយបានល្អដើម្បីបង្កល្ខណៈកាន់តែងាយស្រួលដល់ប្រជាពលរដ្ឋនិងទេសចរបានចូលរួមប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ។ទន្ទឹមនឹងនេះដែរសូមបងប្អូនប្រជាពលរដ្ឋយកចិត្តទុកដាក់ថែរក្សាការពារសុខភាពកុំអោយឆ្លងជំងឺកូវីដ-១៩ (Covid19)។សូមបន្តពាក់ម៉ាសការពារជាពិ​សេសក្នុងពិធីបុណ្យដែ​លមានមនុស្សចូលរួមច្រើន។ ត្រូវឧស្សាហ៍ដុសសម្អាតលាងដៃជាមួយសាប៊ូ​ទឹកអាល់កុល ឬចឹលសម្លាប់មេរោគអោយបានជាប្រចាំ។សូម​ជូនពរបងប្អូនជនរួមជាតិធ្វើដំណើសុខសប្បាយមានសុវត្ថិភាពតាមផ្លូវ និងបានរីករាយជួបជុំក្រុមគ្រួសារក្នុងពិធីបុណ្យភ្ជុំបិណ្ឌគ្រប់ៗគ្នាកុំបីខាន៕អរគុណសន្តិភាព