លោកសមរង្ស៊ីអំពាវនាវ​ឱ្យ​សហគមន៍​អន្តរជាតិ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​អនុវត្ត​បាន​ត្រឹមត្រូវ​និង​ពេ​​ញលេញ​​ចំពោះ​កិ​ច្ច​ព្រមព្រៀងសន្តិភា​ព​ទីក្រុង​ប៉ារីស​

កាល​ពី​ថ្ងៃ​ចន្ទ​​លោក​សម រង្ស៊ី​អតីតប្រធាន​គណបក្ស​សង្រ្គោះ​ជាតិបាន​លើក​យក​បញ្ហា​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​មក​និយាយ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក។មិនតែប៉ុណ្ណោះលោក​សម រង្ស៊ីក៏បាន​អំពាវនាវ​ឱ្យ​សហគមន៍​អន្តរជាតិ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​អនុវត្ត​បាន​ត្រឹមត្រូវ​និង​ពេញលេញ​ចំពោះ​កិច្ច​ព្រមព្រៀង​នេះ​។ប៉ុន្តែ​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​អះអាង​ថា​រដ្ឋាភិបាល​កម្ពុជា​បាន​អនុវត្ត​កិច្ច​ព្រៀមព្រៀង​នេះ​បាន​ត្រឹមត្រូវ​ហើយ​ដែល​នាំឱ្យកម្ពុជា​មានសន្តិភាពនិងស្ថេរភាពនយោបាយដូចពេលបច្ចប្បន្ននេះ​។បើតាមការរៀបរា​ប់នៅលើទំព័រហ្វេសប៊ុកលោកសម​ រង្ស៊ីបានអះអាងថាសហគមន៍អន្តរជាតិត្រូវតែជំរុញឱ្យមានការអនុវត្តន៍ត្រឹមត្រូវ និងពេញលេញចំពោះកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ការអនុវត្តនេះគឺលោកសម រង្ស៊ី ចង់ឱ្យផ្តោតសំខាន់លើចំណុច២គឺទី១៖គឺធានាលទ្ធិប្រជាធិបតេយ្យពិតប្រាកដនៅកម្ពុជានិងទី២៖ គឺធានាអព្យាក្រិតភាពពិតប្រាកដនៃប្រ​ទេសកម្ពុជាដែលហាមឃាត់មហាអំណាចណាមួយដូចប្រទេសចិនពេលនេះ មិនឱ្យមកសាងសង់មូលដ្ឋានយោធាណាមួយនៅក្នុងប្រទេសកម្ពុជាដើម្បីឈ្លានពានប្រទេសជិតខាង។បើតាមលោកសុខឥសានអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានបញ្ជាក់ប្រាប់វិទ្យុបរាំងបានចាត់ទុកការលើកឡើងរបស់លោកសម រង្ស៊ីនេះជាមតិលាបពណ៌ដែលខុសពីស្ថានភាពពិតជាក់ស្តែងនៅក្នុងប្រទេសកម្ពុជា។បើតាមលោកសុខ ឥសានបានប្រាប់ប្រភពដដែលខ្លឹមសារសំខាន់ៗរបស់កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសត្រូវបានបញ្ចូលទៅក្នុងរដ្ឋធម្មនុញ្ញកម្ពុជាហើយរដ្ឋាភិបាលកម្ពុជាបានអនុវត្តតាមដោយត្រឹមត្រូវនិងពេញលេញ។ហេតុដូច្នេះហើយ​ទើបកម្ពុជាមានសន្តិភាពឯកភាពនិងស្ថេរភាពនយោបាយដូចសព្វថ្ងៃនេះ។លោកសុខឥសានអតីតបក្សប្រឆាំងក៏ដូចលោកសម រង្ស៊ីតែងតែលើកឡើងពីបញ្ហាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនេះគឺដើម្បីបំភាន់សាធារណៈមតិជាតិ និងអន្តរជាតិពិសេសគឺប្រជាពលរដ្ឋខ្មែរតែម្តង។ ទោះជាបែបនេះក្តីលោកថាមិនមានប្រយោជន៍អ្វីទេ ដោយសារតែប្រជាពលរដ្ឋខ្មែរកំពុងទទួលបានផលពីកិច្ចព្រមព្រៀង​នេះតាមរយៈការគោរព និងអនុវត្តបានយ៉ាងត្រឹមត្រូវរបស់រដ្ឋាភិបាលកម្ពុជា។គួរឲ្យកត់សម្គាល់ថាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១បានក្លាយជាតឹកតាងមួយដែលតែងតែត្រូវបានអតីតបក្សប្រឆាំងលើកយកមកធ្វើជាសំអាងនិងជំរុញឱ្យសហគមន៍អន្តរជាតិរុញរដ្ឋាភិបាលកម្ពុជាអនុវត្តឱ្យបានត្រឹមត្រូវនិងពេញលេញ។លោកសមរង្ស៊ីបានគូសបញ្ជាក់ពីសារៈសំខាន់នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនេះថាកិច្ចព្រមព្រៀងនេះគឺជួយឱ្យប្រជារាស្ត្រខ្មែរបានស្គាល់សេរីភាពនិងយុត្តិធម៌ផង ហើយជួយពង្រឹងសន្តិភាពក្នុងតំបន់អាស៊ីភាគអាគ្នេយ៍និងក្នុងពិភពលោកទាំងមូលផងដែរ៕សហការី