មន្ទីររ៉ែនិងថាមពលថ្លែងការណ៍ច្រានចោលការផ្សព្វផ្សាយតាមបណ្តាញសង្គមមួយចំនួនអំពីការប្រ​ឈមបាត់បង់ធនធាន​ធម្មជាតិនៅ​ខេត្តមណ្ឌលគិរី

មន្ទីររ៉ែនិងថាមពលខេត្តមណ្ឌលគិរីថ្លែងការណ៍បដិសេធការផ្សព្វផ្សាយតាមបណ្តាញសង្គមមួយចំនួនអំពីការប្រឈមបាត់បង់ធនធានធម្មជាតិនៅខេត្តមណ្ឌលគិរីចំពោះព័ត៌មានដែលចោទប្រកាន់ថាមានការជីករករ៉ែត្បូងថ្មនៅក្នុងខេត្តមណ្ឌលគិរីដែលនាំឲ្យធនធានធម្មជាតិក្នុងខេត្តនេះប្រឈមនឹងការបាត់បង់។ក្នុងលិខិតនោះមន្ទីររ៉ែនិងថាមពលខេត្តមណ្ឌលគិរីបានបដិសេធថា«ចំពោះការជីកកាយរ៉ែត្បូងថ្មនៅក្នុងរូបភាពអត្ថបទដែលបានចែកចាយមិនមែនស្ថិតក្នុងភូមិសាស្ដ្រខេត្តមណ្ឌលគិរីឡើយ។ សូមសាធារណៈជនកុំមានការយល់ច្រឡំខ្លឹមសារដែលបានចុះផ្សាយទាំងនេះ គឺមានចរិតលក្ខណៈមួលបង្កាច់ខុសពីការពិតក្នុងន័យបំភ័ន្ដសាធារណៈមតិឲ្យមានការយល់ច្រឡំដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសស្ថាប័នក្រសួងមន្ទីរវិស័យជំនាញគ្រប់គ្រងពាក់ព័ន្ធជាពិសេសថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី»។​គួររំលឹកឲ្យដឹងដែរថាកាលពី​ថ្ងៃទី​១៣ខែកញ្ញា ឆ្នាំ​២០២០ជនជាតិ​វៀតណាម​ម្នាក់បាន​បង្ហោះ​រូបភាព​ជាច្រើនរួមទាំង​វីដេអូ​មួយចំនួន​នៅលើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Gỗ Đá Đăng Tâm ដែល​បាន​ឆេ​ក​អ៊ី​ន​នៅក្នុង​ខេត្តមណ្ឌលគិរីដោយបាន​សរសេរ​ជា​ភាសា​វៀតណាម​ថា​៖«Hành Trình Để Có Những Viên Đá Đẹp “”Đời không như là mơ _ Không hề đơn giản””» បកប្រែ​ជា​ភាសា​ខ្មែរ​ថា​៖«​ដំណើរ​ឆ្ពោះទៅរក​ត្បូង​ស្អាតៗជីវិត​មិនមែនជា​ក្ដី​សុ​បិ​នទេ។ហើយ​វា​មិន​សាមញ្ញងាយស្រួល​ឡើយ​»​។​​បើ​មើល​រូបភាព បានបង្ហាញ​ឲ្យ​ឃើញ​ពី​ដំណើរ​សកម្មភាព​ដែលមាន​កម្មករ រួមទាំង​គ្រឿងចក្រ​ជាច្រើន​កំពុងធ្វើការ​យ៉ាង​សស្រាក់សស្រាំ​ដើម្បី​ស្វែងរក​រ៉ែ ត្បូង ថ្ម​ដែលមាន​តម្លៃ ដើម្បី​យកទៅ​ជា​អាជីវកម្ម ហើយ​បុរស​ជនជាតិ​វៀតណាម​នោះក៏បាន​បង្ហាញ​ពី​រូបភាព​ត្បូង រ៉ែ ថ្ម​ដ៏​ស្រស់ស្អាត មួយចំនួនធំ ដែល​សុទ្ធសឹង​ជា​របស់​មានតម្លៃ​ឥតឧបមា​។​គេ​មិនដឹងថា​តើ​សកម្មភាព​ជីក​រ៉ែ​របស់​ក្រុមហ៊ុន​វៀតណាម​មួយ​នេះ​មានច្បាប់​ទម្លាប់​ដែរ​ឬ​អត់​នោះទេ​?​។​