សម្ព័ន្ធមិត្ត​លោកNavalnyរំពឹងថាឈ្នះ​​អាសនៈ​មូលដ្ឋាន​​​​ក្នុង​ទី​ក្រុងTomskតែ​​បក្ស​កាន់​អំ​ណាចប្រកាស​​ជ័យ​ជម្នះ

សម្ព័ន្ធមិត្តពីរ​រូប​របស់​អ្នក​រិះគន់​វិមាន​ក្រឹម​ឡាំង​លោក​ Alexei Navalny​ ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ឈ្នះ​ការ​បោះ​ឆ្នោត​សភានៅមូលដ្ឋាន​ក្នុងទី​ក្រុង Tomsk នៃ​តំបន់​ Siberia ប្រទេស​រុស្ស៊ី នៅ​ពេល​ដែល​លទ្ធផល​បោះ​ឆ្នោត​នឹង​ត្រូវ​គេ​ប្រកាស​នៅ​ថ្ងៃ​ចន្ទ​ ក្នុង​ការ​បោះ​ឆ្នោត​ជាច្រើនកន្លែង ក្នុង​តំបន់​និង​មូលដ្ឋាន​នៅ​ទូទាំងប្រទេស​ ដែលគណបក្ស​កាន់​អំណាច​ ឯកភាព​រុស្ស៊ី (United Russia) ទំនង​ជាអ្នក​ទទួល​លទ្ធផល​ភាគ​ច្រើន​ពី​ការ​បោះ​ឆ្នោត​ទាំង​នោះ។បេកជន​ឈរ​ឈ្មោះ​បោះ​ឆ្នោត​អ្នកស្រី​ Ksenia Fadeyeva និង​លោក Andrei Fateyev បាន​ទទួល​សំឡេង​លើស​គេក្នុង​មណ្ឌល​បោះ​ឆ្នោតក្នុង​ទី​ក្រុងTomsk ​ជាទី​ក្រុង​ដែល​មេបក្ស​ប្រឆាំង​លោក Navalny​ ធ្លាក់​ខ្លួន​ឈឺកាល​ពី​ខែ​មុន ហើយ​ដែល​វេជ្ជបណ្ឌិត​ក្នុងប្រទេស​អាល្លឺម៉ង់ថា​លោក​ត្រូវ​បាន​គេ​ដាក់​ថ្នាំ​បំពុល​ដោយ​សារធាតុ​គីមី Novichok។នៅ​ក្នុង​ទីក្រុង​តំបន់ ​Siberiaមួយ​ផ្សេង​ទៀតគឺ​ទី​ក្រុង​ Novosibirsk​ ប្រធាន​ក្រុមនៅ​មូលដ្ឋាន​របស់​លោក​ Navalny គឺ​លោក Sergei Boiko ត្រូវ​បាន​គេ​រាយការណ៍​មក​ថា បាន​ឈ្នះអាសនៈ​មួយ​ក្នុង​ក្រុមប្រឹក្សា​ក្រុង​ ក្នុង​អំឡុង​ពេល​នៃ​ការ​បោះ​ឆ្នោត​ពី​ថ្ងៃ​ទី​១១ ដល់​ថ្ងៃ​ទី១៣ ខែ​កញ្ញា​នេះ។​ទីភ្នាក់ព័ត៌មាន AP ផ្សាយ​ឱ្យ​ដឹង​នៅ​ថ្ងៃ​ចន្ទ​ថា​ រដ្ឋាភិបាល​អាល្លឺម៉ង់​បាន​និយាយ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ថា​ អ្នក​ជំនាញ​មន្ទីរ​ពិសោធន៍​ក្នុង​ប្រទេស​បារាំង ​និង​ប្រទេស​ស៊ុយអែត បាន​បញ្ជាក់ដូច​គ្នា​នឹង​មន្ទីរ​ពិសោធន៍​យោធា​របស់​អាល្លឺម៉ង់​ផង​ដែរ។​ ដែល​ថា លោក Navalny​ ពិត​ជា​ត្រូវ​បានគេ​ដាក់​ថ្នាំ​បំពុលជា​មួយ​សារធាតុ Novichok​ នោះ។បើ​តាម​ទី​ភ្នាក់ងារ​ព័ត៌មាន​ AP ដដែលបានឲ្យដឹងថាមន្ទីរពេទ្យ​នៅ​ទី​ក្រុង​ប៊ែរឡាំង​ប្រទេស​អាល្លឺម៉ង់​ដែល​លោក Navalny កំពុង​សម្រាក​ព្យាបាល​នោះ ថ្លែង​កាល​ពី​ថ្ងៃ​ចន្ទ​ថា ស្ថានភាព​លោក​កាន់​តែ​ប្រសើរ​ហើយ​ពេល​នេះ​លោក Navalny អាចងើប​ដើរ​ចេញ​ពី​គ្រែ​បានមួយ​ភ្លែតៗ​ហើយ៕