បរិយាយ

វិចារណកថា៖ធ្វើ​ចិត្តបុណ្យ​កុសល​ល្អ​រវាង​គ្នា​និង​ការសណ្តោសប្រណី​​ទៅ​វិញទៅមក​គឺ​ជា​​ប្រភព​នៃ​​សេចក្តី​ស្ងប់​សុខ​រប​ស់​សង្គមមនុស្ស

ថ្ងៃ​សៅរ៍នេះ​ដែលជា​ថ្ងៃបុណ្យ​កាន់បិណ្ឌ​ទី១០ប្រជា​ពុទ្ធបរិស័ទ​ខ្មែរ​ទូទាំងប្រទេស​បា​នប​ន្ត​នាំគ្នា​យក​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ​នៅតាម​ទីវ​ត្ត​អារាម​នានា​យ៉ាងច្រើន​កុះករ។ ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​ស្រទាប់វណ្ណៈរាប់​តាំងពី​មេដឹកនាំ​​រហូតដល់​ពលរ​ដ្ឋ​ក្រីក្រ​សុទ្ធតែ​នាំគ្នា​ទៅ​វត្តគ្រប់ៗគ្រួសារ។ បញ្ជាក់​ឲ្យ​ឃើញ​យ៉ាងច្បាស់​អំពី​ជំនឿ​របស់​ពលរដ្ឋ​ខ្មែរ​ទៅលើ​ព្រះពុទ្ធសាសនា​ដែលជា​សាសនា​របស់​រដ្ឋ។រដូវ​ភ្ជុំបិណ្ឌ​គឺជា​ពេលវេលា​ដែល​គេ​អាច​សង្កេតឃើញ​យ៉ាងច្បាស់​បំផុត​អំពី​ជំនឿ​របស់​ពលរដ្ឋ​ខ្មែរ​ទៅលើ​ព្រះពុទ្ធសាសនា។ជាពិសេស​គឺ​ជឿ​លើ​ទស្សនៈ«កម្មផល»ឬ«បុណ្យ​និង​បាប»តែម្តង។ជំនឿ​ដ៏​មុតមាំ​របស់​ពុទ្ធសាសនិក​ជន​ក្នុង​រដូវ​ភ្ជុំបិណ្ឌ​គឺលើ​លោក​នេះ​ពិត​ជាមាន​អំពើ​បុណ្យ​បាប​ប្រាកដ​មែន។នៅក្នុង​ព្រះពុទ្ធសាសនាអំពើ​បុណ្យនិង​បាបជា​សកម្មភាព​ពីរ​ដាច់​ដោយឡែក​ពីគ្នានិង​មិនអាច​កាត់កង​គ្នា​បានឡើយអ្នកធ្វើ​កម្ម​អ្វី​នឹង​ទទួលផល​នោះ​វិញបើទោះជា​មិនមែន​ក្នុង​ជាតិ​នេះ​ក៏​ក្នុង​ជាតិ​ខាងមុខ​ដែរ។ ហេតុដូច្នេះ​ហើយ​បានជា​ព្រះពុទ្ធ​ពុទ្ធសាសនា​បង្រៀនមនុស្ស​ឲ្យ​ខ្លាច​និង​វៀរចាក​អំពើ​បាប។ក្នុងន័យនេះ ប្រសិនបើ​គេ​ពិនិត្យមើល​សន្ទុះ​នៃ​ជំនឿ​លើ​ទៅលើ​ព្រះពុទ្ធសាសនា​នៅក្នុង​រដូវ​ភ្ជុំបិណ្ឌម្តងៗគេ​ហាក់ដូចជា​ពិបាក​នឹង​ជឿ​ណាស់​ថាប្រទេស​កម្ពុជា​អាច​ក្លាយជា​វាលពិឃាត​សម្លាប់​ជាតិ​ឯង​ស្ទើរតែ​ដាច់​ផុតពូជ​។បច្ចុប្បន្នសង្គម​នេះ​ក៏​នៅតែ​រួតរឹត​ដោយ​បញ្ហា​យ៉ាង​ចាក់ស្រេះ​នៅឡើយ​ដែរ៖អំពើពុករលួយ កេង​ប្រ​វ​ញ្ច័​ញើសឈាមគេ រំលោភ ឃាតកម្ម ល្បែង ស្រី​ស្រា បញ្ហាដីធ្លី គំនុំសងសឹកដែលជា​ទង្វើ​ផ្ទុយ​ពី​គន្លង​ព្រះពុទ្ធសាសនា​នោះនៅតែ​ជា​បច្ចុប្បន្នភាព​ក្តៅគគុក​នៅឡើយទេ។ សំណួរ​នេះ​បាន​ចោទ​ឡើងជា​យូរ​មកហើយរហូតដល់​អ្នកខ្លះ​ទម្លាក់កំហុស​ទៅលើ​ជំនឿ​លើ​ព្រះពុទ្ធសាសនា​ទៅវិញ​ក៏មាន។ប៉ុន្តែតាមពិតបញ្ហា​ទាំងឡាយ​នោះគឺ​បណ្តាលមកពី​ការប្រព្រឹត្ត​ខុសពី​គន្លង​ព្រះពុទ្ធសាសនា​តែប៉ុណ្ណោះ។ជាការពិតពុទ្ធបរិស័ទ​ជាច្រើនគ្រាន់តែ​ជឿ​តែ​សម្បក​ក្រៅ​តែប៉ុណ្ណោះ។ តែ​ពួកគេ​មិនបាន​ស្វែងយល់​ស៊ីជម្រៅ​និង​មិនបាន​គោរព​ប្រតិបត្តិ​តាម​គន្លង​ព្រះពុទ្ធសាសនា​នៅក្នុង​ជម្រៅ​ទឹកចិត្ត​របស់ខ្លួន​ឡើយ។ «បុណ្យ​ក៏​ធ្វើឈើ​ក៏​កាប់»នេះ​ជា​ទស្សនៈ​ម្យ៉ាង​ដែល​គេ​ប្រើ​សម្រាប់​ពិពណ៌នា​សកម្មភាព​របស់​ពុទ្ធប​រិ​ស័​ទ​មួយចំនួន​ដែល​អះអាងថាជា​អ្នក​កាន់​ព្រះពុទ្ធសាសនាតែ​ពួកគេ​មិន​យល់និង​មិន​ប្រតិបត្តិ​តាម​គន្លង​ព្រះពុទ្ធ​ឱវាទ​ប្រកប«ដោយ​បញ្ញា»នោះឡើយ។ផ្ទុយទៅវិញអ្នក​កាន់​ព្រះពុទ្ធសាសនា​មួយចំនួន​នោះ​បែរជា​មិន​កោតខ្លាច​ក្នុងការ​ប្រព្រឹត្ត​អំពើ​បាប​ទៅវិញ។ដោយហេតុថាអំពើ​បាប​ងាយ​នឹងធ្វើ​ជាង​អំពើ​បុណ្យមនុស្ស​ជាទូទៅ​រាប់ទាំង​អ្នកនយោបាយ​មួយចំនួន​ផង(ដែល​មិន​ច្បាស់លាស់​ក្នុង​ព្រះពុទ្ធសាសនាឬ​គ្រាន់តែ​យក​ព្រះពុទ្ធសាសនា​ជា​ខែល​នោះ)ងាយ​នឹង​លង់​ទៅក្នុង​អំពើ​បាបហើយ​ភ្លេច​គិតដល់​អំពើ​បុណ្យ។សូម្បីតែ​អតីត​មេដឹកនាំខ្មែរក្រហម​ដែល​កំពុង​ជាប់ចោទ​ក្នុង​តុលាការ​ពីបទ​ប្រល័យពូជសាសន៍​ក៏​ជា​ពុទ្ធបរិស័ទ​ដែរ។ ពួកគេ​ក៏​តែងតែ​ធ្វើ​បុណ្យទាន​ក្នុងអំឡុង​ភ្ជុំបិណ្ឌ​ប្រពៃណី​ខ្មែរ​មិនដែល​ខាន​ឡើយ។​ក្នុងសង្គម​បច្ចុប្បន្នក៏​អាច​ឆ្លុះបញ្ចាំង​បាន​អំពី​ភាពផ្ទុយ​គ្នា​រវាង​ភាពជា​អ្នក​ជឿ​លើ​ព្រះពុទ្ធសាសនានិង​ការអនុវត្ត​ជាក់ស្តែង​របស់​មនុស្ស​ជាច្រើន​ផងដែរ។ការរំលោភបំពាន​បៀតបៀន​អ្នកដទៃការចង់​មានបាន​ដោយ​មធ្យោបាយ​មិន​សុច​រិតការ​ប៉ែង​ជើង​គ្នា​ក្នុង​ឆាក​នយោបាយឬ​ការកាត់ក្តី​ដោយ​អយុត្តិធម៌សុទ្ធតែជា​អំពើ​បាប​ធ្ងន់ធ្ងរ។ដើម្បី​ធ្វើ​ឲ្យ​សង្គម​ខ្មែរ​ក្លាយជា​សង្គម​ព្រះពុទ្ធសាសនា​ពិតប្រាកដប្រជា​ពុទ្ធបរិស័ទ​គួរតែ​ស្វែងយល់​ពី​ជម្រៅ​នៃ​សាសនា​ដែល​ខ្លួន​កំពុង​គោរព។មនុស្ស​មិនអាច​ធ្វើ​ចិត្ត​ដូច​ព្រះ​បានទេ។ប៉ុន្តែការព្យាយាម​ធ្វើ​ចិត្តបុណ្យ​កុសលការប្រព្រឹត្ត​ក្នុង​ចេតនា​ល្អ​រវាង​គ្នា​និង​ការសណ្តោសប្រណី​គ្នា​ទៅវិញទៅមក​ឲ្យ​បាន​ច្រើនគឺជា​ប្រភព​នៃ​សេចក្តី​ស្ងប់​សុខ​របស់​សង្គមមនុស្ស។បើការប្រព្រឹត្ត​ចាក​គន្លង​ព្រះពុទ្ធសាសនាដែល​នាំ​ក្តី​ក្តៅក្រហាយ​ដល់​អ្នកដទៃកម្ម​នោះ​នឹង​តាម​លង​​វិញ​ដោយ​ចៀស​មិន​រួចឡើយក្នុងជាតិនេះ៕

 

 

cns

Leave a Reply

Your email address will not be published. Required fields are marked *