ចិន​និង​ប្រ​ទេសមួយចំនួន​ទៀត​​នឹង​​ចូលរួម​សមយុទ្ធ​​​នៅ​​រុស្ស៊ី

សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន APបានឲ្យដឹងថាកាល​ពី​ថ្ងៃ​ព្រហស្បតិ៍ក្រសួងការពារ​ជាតិប្រទេស​ចិន​បាន​ប្រកាស​ថាយោធា​ចិននិង​យោធា​រុស្ស៊ី​នឹង​រួម​គ្នា​ធ្វើ​សម​យុទ្ធ​យោធា​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​រុស្ស៊ី​នៅ​ចុង​ខែ​កញ្ញា​នេះជាមួយ​នឹង​កង​ទ័ព​មក​ពី​ប្រទេសអាមេនី បេឡារុស អ៊ីរ៉ង់ មីយ៉ាន់ម៉ា ប៉ាគីស្ថាន និង​ប្រទេស​ផ្សេងៗទៀត។​
សេចក្ដី​ថ្លែង​ការណ៍​របស់​ក្រសួង​ការ​បរទេស​ចិនបាន​ឲ្យ​ដឹងថា សមយុទ្ធ​ដែល​មាន​ឈ្មោះ​ថា «Caucuses 2020‍» នឹង​ប្រើយាន​យន្តលើ​គោក និង​អាវុធ​ធុន​ស្រាល ដែល​នឹង​ត្រូវដឹក​ដោយ​យន្តហោះ​ដឹក​សម្ភារៈចម្បាំង​ទំនើប​បំផុត​របស់​ចិន ទៅ​កាន់​ទី​តាំង​សមយុទ្ធ។​សមយុទ្ធ​យោធា​នេះ​នឹង​ចាប់ផ្ដើម​ពី​ថ្ងៃទី២១ដល់​២៦ ខែ​កញ្ញា។
សេចក្ដី​ថ្លែងការណ៍​ដដែល​នេះ​ក៏​បាន​ឲ្យ​ដឹង​ថាសមយុទ្ធ​នេះ​មាន​អត្ថន័យ​ពិសេស​សម្រាប់​ទំនាក់​ទំនង​រវាង​ប្រទេស​ចិន​និង​រុស្ស៊ី «នៅ​ក្នុងកាលៈទេសៈ​ដ៏សំខាន់​នេះ គឺ​នៅ​ពេល​ដែល​ពិភពលោក​ទាំង​មូល​កំពុង​ប្រយុទ្ធ​នឹង​ការ​រាត​ត្បាត​នៃ​ជំងឺ​កូវីដ​១៩»។ប្រទេស​ចិន​បានរាយការណ៍​ថា មិន​មាន​ករណី​ឆ្លង​ជំងឺ​កូវីដ​១៩ នៅ​ក្នុង​ប្រទេស​ទេ​នៅ​ប៉ុន្មាន​សប្ដាហ៍​នេះ ស្រប​ពេលដែល​ប្រទេស​រុស្ស៊ី​នៅ​តែ​មាន​ករណី​ឆ្លង​ថ្មី ដែល​មក​ដល់​ពេល​នេះ​មាន​អ្នក​ឆ្លង​ជាង​ ១លាន​នាក់​ហើយ៕