អាជ្ញាធរចិន​ឈប់​ផ្ដល់​ប័ណ្ណ​សារព័ត៌មាន​ដល់​អ្នក​កាសែត​បរទេសដែល​​ធ្វើការ​ឲ្យ​ស្ថាប័ន​ព័ត៌​មាន​អាមេរិក

ប្រទេស​ចិននិងសហរដ្ឋអាមេរិកបន្ទាប់ពីមាន​ជម្លោះ​ផ្នែកសេដ្ឋកិច្ច​និង​ការទូត​នោះពេលនេះអាជ្ញាធរ​ចិន​បាន​ឈប់​ផ្ដល់​ប័ណ្ណ​សារព័ត៌មាន​ដល់​អ្នកកាសែត​បរទេសដែល​ធ្វើការ​ឲ្យ​ស្ថាប័ន​ព័ត៌មាន​អាមេរិកក្នុងប្រទេស​ចិន​។នេះ​គឺជា​វិធានការ​ថ្មី​ចុងក្រោយ​បំផុតនៃ​ការបន្ត​សងសឹក​គ្នា​ទៅវិញទៅមក។ថ្មីៗ​នេះអ្នកកាសែត​ដែល​បានដាក់​ពាក្យ ស្នើសុំ​បន្ត​ប័ណ្ណ​សារព័ត៌មាន​របស់​ពួកគេ​ដែលមាន​សុពលភាព​ពេញ​មួយឆ្នាំ​នោះពេលនេះ​បានទទួល​បាន​ប័ណ្ណ​សារព័ត៌មាន​បណ្តោះអាសន្ន​ជំនួស​វិញនិង​ទិដ្ឋាការ​ថ្មី​ដែលមាន​រយៈពេល​ត្រឹមតែ២ខែ​ប៉ុណ្ណោះ​។​​បើតាមការអះអាងតាមបណ្តាញ​ព័ត៌មាន CNN របស់​សហរដ្ឋអាមេរិក បាន​បញ្ជាក់ថា អ្នកឆ្លើយឆ្លង​ព័ត៌មាន​ម្នាក់​របស់ខ្លួន គឺលោក David Culver ដែល​កើត​ក្នុង​សហរដ្ឋអាមេរិកគឺជា​អ្នកកាសែត​ម្នាក់ ក្នុងចំណោម​អ្នកកាសែត​ដែល​រង​ការប៉ះពាល់​ដោយសារ​ការសម្រេច​រប​ស់​រដ្ឋាភិបាល​ចិន​នេះ​។​ក្រៅពី​អ្នកកាសែត CNN នោះ អ្នកកាសែត​ផ្សេងទៀត​ដែល​រង​ការប៉ះពាល់​នេះដែរ គឺ​អ្នកកាសែត​ដែល​ធ្វើការ​ឲ្យ​សារព័ត៌មាន The Wall Street Journal និង​ក្រុមហ៊ុន​ផ្សព្វផ្សាយ Getty Images ដែលជា​ក្រុមហ៊ុន​ផ្តល់​រូបថត​ឌីជីថល​ដល់​ស្ថាប័ន​ព័ត៌មាន​នានា​ជុំវិញ​ពិភពលោក​។​ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន The New York Times ។ជុំវិញបញ្ហានេះដែរ អ្នកស្រី Morgan Ortagus អ្នកនាំពាក្យ​ក្រសួងការបរទេស​អាមេរិកបានចេញ​សេចក្តីថ្លែងការណ៍​មួយ​ដោយ​បញ្ជាក់ថាសហរដ្ឋអាមេរិក​មាន​ការរំខាន​ចិត្ត​ដោយ​ការសម្រេច​របស់​ប្រទេស​ចិន​ដែល​នេះ​នឹងធ្វើ​ឲ្យ​បរិយាកាស​នៃ​ការរាយការណ៍​ព័ត៌មាន​នៅក្នុង​ប្រទេស​ចិន​កាន់តែ​អាក្រក់​៕