អ្នកកាសែតអូស្រ្តាលី២នា​ក់រត់ចេញពីប្រទេ​សចិនយ៉ាងតក់ក្រហ​ល់ទាំងយប់

បន្ទាប់ពីអាជ្ញាធរចិនបានឃុំខ្លួនអ្នកកាសែតជនជាតិអូស្ត្រាលីម្នាក់ដែលបម្រើការងារឲ្យបណ្ដាញទូរទស្សន៍ចិនCGTN អ្នកកាសែតអូស្រ្តាលី២នាក់បានសម្រេចចាកចេញពីប្រទេសចិនយ៉ាងតក់ក្រហល់ទាំងយប់បន្ទាប់ពីត្រូវបានប៉ូលីសចិន តាមស្វែងរកដើម្បីសួរចម្លើយ។នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃអង្គារទី៨ខែកញ្ញា ឆ្នាំ២០២០នេះ។បើតាមABC Newsលោកបឺតថល ជាអ្នកកាសែតប្រចាំទីក្រុងប៉េកាំងនិងលោកស្មីត ជាអ្នកធ្វើការនៅក្នុងទីក្រុងសៀងហៃ(Shanghai) ហើយអ្នកទាំងពីរបានស្នាក់នៅក្នុងការិយាល័យ ការទូតអូស្ត្រាលីជាច្រើនថ្ងៃមុនពេលត្រូវបានអនុញ្ញាតឲ្យចាកចេញពីប្រទេសចិន។ដោយការចាកចេញរបស់អ្នកកាសែតABC Newsលោក បៀល បឺតថល (Bill Birtles)និងអ្នកឆ្លើយឆ្លងព័ត៌មាន នៃកាសែត Financial Review លោក មីឆែល ស្មីត(Michael Smith) បានកើតឡើងមួយរយៈពេលខ្លីប៉ុណ្ណោះ។ ក្រោយអាជ្ញាធរចិន ឃុំខ្លួនអ្នកកាសែតជនជាតិអូស្ត្រាលីម្នាក់បម្រើការងារឲ្យបណ្ដាញទូរទស្សន៍ចិន CGTN។ទីភ្នាក់ងារសារព័ត៍មាន ABC News និយាយទៀតថាក្រុមប៉ូលីសចិន៧នាក់បានចុះទៅឆែកឆេរនៅក្នុងផ្ទះរបស់លោកបឺតថល ទាំងកណ្ដាលអាធ្រាត្រកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន ដើម្បីសាកសួរពីករណីទាក់ទងនឹងសន្តិសុខជាតិ ។សូមជម្រាបជូនថាបច្ចុប្បន្នលោក បឺតថលនិងលោក ស្មីតបានហោះចេញពីទីក្រុងសៀងហៃ អមដំណើរដោយអ្នកការទូតអូស្ត្រាលីកាលពីថ្ងៃចន្ទម្សិលមិញនេះនិងបានទៅដល់ទីក្រុងស៊ីដនីនៅព្រឹកថ្ងៃអង្គារ៕